en     km
en     km

website និង Facebook ស្ថិតក្រោមការត្រួតពិនិត្យខណៈការបោះឆ្នោតជិតចូលមកដល់(មានសំឡេង)

Share

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ទី ៤មិថុនា  ក្រសួងចំនួនបីបានចេញសេចក្ដីប្រកាសរួមមួយស្ដីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញសង្គមដែលដំណើរការដោយប្រព័ន្ធអ៊ីនធើណេីត។ មូលហេតុចេញសេចក្ដីប្រកាសរួមនេះ ដើម្បីបញ្ជៀសការធ្វើអោយប៉ះពាល់សន្តិសុខជាតិចំពោះការប្រើប្រាស់គេហទំព័រ និងហ្វេសប៊ុកល្មើសច្បាប់។ តែបែបនេះក្ដីអ្នកជំនាញសារព័ត៌មានចាត់ទុកជាវិធានការមួយធ្វើអោយប៉ះពាល់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ។ លោក សោម លាប ជូនសេចក្ដីរាយការណ៍!

ក្រសួង៣នេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមគ្នាចេញសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់គណនេយ្យហ្វេសបុក គេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយណាដែលចុះផ្សាយព័ត៌មានល្មើសច្បាប់ដែលបង្កមហន្តរាយដល់វិស័យការពារជាតិទំនាក់ទំនងដល់រដ្ឋដទៃ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើងវប្បធម៌ និងប្រពៃណីជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់។

ប្រកាស​រួម​គ្នានៃ​ក្រសួង​ទាំង​៣ មាន​គោល​ដៅ ប្រឆាំង ទប់​ស្កាត់ រាល់​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង វីដេអូ និង​ទម្រង់​ផ្សេង​ៗ​ទៀត នៅ​តាម​គេហទំព័រ​​ និង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជាដែល​មាន​ចេតនា​បង្ក​ជា​ចលាចលដែលបណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់​ធ្នាប់​សារធារណៈ ការ​រើស​អើង និង​វប្បធម៌ ប្រពៃណី​ជាតិ​​។

តើអ្នកជំនាញផ្នែកសារព័ត៌មាន យល់ឃើញដូច​ម្ដេចដែរ ចំពោះសេចក្ដីប្រកាសរួមរបស់ក្រសួងទាំងបីនេះ?

លោក មឿន ឈានណារឹទ្ធិ អ្នកជំនាញផ្នែកសារព័ត៌មានយល់ឃើញថា ក្នុងស្ថានភាពបែបនេះ គឺមិនសូវចាំបាច់អ្វីទេ ។

តាមរយៈការឱ្យដឹងរបស់ លោក មឿន ឈានណារឹទ្ធិ ដែលបានផ្ដល់កិច្ចសម្ភាសន៍ដល់វិទ្យុស្ត្រីនៅថ្ងៃទី ៥ មិថុនានេះថា ការបង្កើតច្បាប់គ្រប់គ្រងព័ត៌មានតាមប្រព័ន្ធអ៊ិនធើណិតនេះ មិនសូវជាចាំបាច់សម្រាប់កម្ពុជានាពេលបច្ចុប្បន្នឡើយ គឺដោយសារតែឥឡូវនេះ កម្ពុជាមានសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានរួចទៅហើយ។

ជាងនេះទៅទៀត លោកបន្ថែមថា ប្រទេសនីមួយៗគួរតែ បង្កនូវបរិយាកាសល្អប្រសើរ សម្រាប់​ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន ក្នុងការសម្ដែងមតិ និងការចែកចាយព័ត៌មានដោយសេរី។ ជាក់ស្ដែងកម្ពុជាផ្ទាល់ ក៏មានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៣១ និងមាត្រា៤១ ពោលគឺបានធានានូវសិទ្ធិសេរីភាពទាំងពីរនេះ គឺសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ លោកបញ្ជាក់ថា តាមក្របខ័ណ្ឌច្បាប់ គឺច្បាប់ណាក៏ល្អដែរ ពោលគឺគោលបំណងនៃការបង្កើតច្បាប់គឺដើម្បីផលប្រយោជន៍សង្គម និងការពារប្រជាពលរដ្ឋ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ។

ទោះបីជាយ៉ាងណាក្ដី លោកថារដ្ឋាភិបាលមាននាទីក្នុងការទប់ស្កាត់នូវព័ត៌មានដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ។ ប៉ុន្តែសំខាន់នោះរដ្ឋាភិបាលត្រូវបែងចែកប្រភេទព័ត៌មានដែលត្រូបចាត់ទុកថា ស្ថិតក្នុងបំរាម។

លោកក៏បានមើលឃើញថា ការបង្កើតច្បាប់នេះ គឺស្របពេលដែលមានភាពល្អក់កករបន្តិចនៃនយោបាយរបស់អតីតៈគណៈបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាកាកំពូល កាលពីថ្ងៃទី១៦ ខែវិច្ចកា ឆ្នាំ ២០១៧ និងពលរដ្ឋដែលគាំទ្រគណៈបក្សសង្គ្រោះជាតិនោះ ដែលអាចនឹងបង្ក នូវភាពវឹបវរ។

ចំណែកឯលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ការបង្កើតច្បាប់នេះ ពុំមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកបញ្ចេញមតិ ឬអ្នកសារព័ត៌មាននោះទេ។ លោកបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានវិជ្ជាជាវៈត្រឹមត្រូវ មានចុះបញ្ជីក្នុងក្រសួងព័ត៌មាន គឺមិនធ្វើនូវព័ត៌មានដែលមានលក្ខណៈធ្វើឱ្យវឹកវរដល់សង្គមនោះទេ។

យ៉ាងណាមិញ កញ្ញា ហាក់ ដាវី អ្នកជំនាញផ្នែក Digital Marketing និង Facebook មានប្រសាសន៍ថា​ គេអាច បិទ( Block )នូវគណនីហ្វេសបុកណាមួយបានបើគេចង់។

កម្ពុជា ត្រូវបានអង្គការសារព័ត៌មានគ្មានព្រំដែនចាត់ចំណាត់ថ្នាក់ លេខ១៤២ ក្នុងចំណោម ១៧៦ប្រទេស ដែលអង្គការនេះស្រង់មកចុះផ្សាយសម្រាប់ឆ្នាំ២០១៨។ ជាប្រទេសមួយស្ថិតកម្រិតនៃសេរីភាពអាក្រក់មួយក្នុងតំបន់។ តែការដាក់ចុះវិធានការនេះ ក៏ចំពេលកម្ពុជាធ្វើដំណើរទៅរកការបោះឆ្នោតមួយដែលស្ថិតក្រោមក្រសែផ្នែករបស់អន្តរជាតិយ៉ាងប្រុងប្រយ័ត្ន៕

 

Share

ព័ត៌មានទាក់ទង

Image