ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃចន្ទ ទី ៤ ខែមីថុនា បានរំលឹកជាថ្មីម្ដងទៀត អំពីគោលនយោបាយ លើកស្ទួយស្ត្រី ដែលចាប់មានផ្ទៃពោះ និងសម្រាលកូន ដោយផ្ដល់ប្រាក់ឧបត្ថម្ភជាច្រើនម៉ឺនរៀលក្នុងម្នាក់ៗ។ តែនៅពេលជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំពាវនាវ បក្សនយោបាយចេញមុខដេញថ្លៃការផ្ដល់លុយជួយស្ត្រីក្រីក្រសម្រាលលកូន។ គោលនយោបាយនេះ ត្រូវបានគណបក្សមាតុភូមិយើង ទទួលស្គាល់ថា ជាចំណុចល្អ ហើយក៏ជាការងារដែលគណបក្សនេះ នឹងធ្វើដែរ ប្រសិនជាមានវាសនាដឹកនាំប្រទេស។
លោក លៀ ស៊ីណា រាយការណ៍ ៖
កាលពីសប្ដាហ៍មុន សម្ដេច នាយករដ្ឋមន្រ្ដីបង្ហាញ កំហឹងមួយ ទៅបក្សនយោបាយ ដែលឃោសនា សន្យា ជួយដោះបំណុលពលរដ្ឋជំពាក់ធនាគារ។ សម្ដេចថា នេះជាការឃោសនា បោកប្រាស់ សុទ្ធសាធ ដែលមិនមែនជាអ្នកនយោបាយស្អាតស្អំនោះទេ។ ការវាយប្រហារនាយករដ្ឋមន្ដ្រីកម្ពុជានាពេលនោះ ត្រូវបានគេមើលឃើញថា បក្សណាមួយប្រតិកម្មឡើយ។ តែយ៉ាងណា គណបក្សប្រជាជនកម្ពុជា កន្លងមកត្រូវបានគេកត់សម្គាល់ថា មិនមែនជាគណបក្សនយោបាយ ដែលចេះតែនិយាយ ដោយគ្មានផែនការជាក់លាក់នោះទេ។ ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន បានប្រាប់អំពីគោលនយោបាយមួយទៀតដែលចំណុចដ៏កម្រ សម្រាប់ជួយស្ដ្រីមានផ្ទៃពោះគ្រួសារក្រីក្រនៅទូទាំងប្រទេស។ ថ្លែងក្នុងទិវាអតីតយុទ្ធជន ដែលធ្វើឡើងនៅព្រឹក ថ្ងៃចន្ទនេះ សម្ដេច ហ៊ុន សែន បានប្រកាសដាក់ឲ្យអនុវត្តន៍គោលនយោបាយ ឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រ ដែលក្នុងគ្រួសារនោះ មានផ្ទៃពោះ ឬសម្រាលកូន ត្រូវទទួលបាន ប្រាក់ឧបត្ថម្ភពីរដ្ឋ។ សម្ដេចសន្យាថា គោលនយោបាយ នេះត្រូវដាក់អោយអនុវត្ត ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន បញ្ជាក់ថាការផ្តល់នេះ នឹងចែកចេញជា៣ដំណាក់គឺ៖ ដំណាក់កាលទី១ ឧបត្ថម្ភ៤ម៉ឺនរៀលម្តង រយៈ៤ដងពេលមានផ្ទៃពោះ។ ដំណាក់កាលទី២ ផ្តល់ ២០ម៉ឺនរៀលពេលសម្រាលកូន និងដំណាក់កាលទី៣ ផ្តល់ ៤ម៉ឺនរៀល រយៈពេល ១០ដងក្រោយសម្រាល រហូតដល់កុមារមានអាយុ ២ឆ្នាំ។
នៅពេលសម្ដេច សន្យាពីការអនុវត្តគោលនយោបាយស្ត្រីនេះ សម្តេចក៏បានទទូចឲ្យបក្សនយោបាយ ដែលចូលរួមប្រកួតការបោះឆ្នោតសភា នាចុងខែកក្កដា ដេញថ្លៃលើគោលនយោបាយ របស់បក្សប្រជាជនកម្ពុជាដូចនេះ។
ការបង្ហាញគោលនយោបាយថ្មី ដែលផ្ដោតសំខាន់ទៅលើស្ដ្រី មានផ្ទៃពោះស្ថិតក្នុងគ្រួសារក្រីក្រនេះ អនុប្រធានគណបក្សមាតុភូមិយើង បានប្រាប់ថា នេះថា នេះគឺគោលនយោបាយល្អ ដែលនឹងអាចជួយដល់ស្ដ្រីក្នុងគ្រួសារក្រីក្របាន ក្នុងនាមជាក្បាលម៉ាស៊ិនដឹកនាំប្រទេស។
លោកស្រី ហ៊ឹម សុគន្ធី អនុប្រធានគណបក្សមាតុភូមិយើង បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៤ ខែមិថុនា នេះថា បញ្ហារបស់ស្ដ្រីមានផ្ទៃពោះ ស្ថិតក្នុងគ្រួសារក្រីក្រ គឺជារឿងចាំបាច់មួយក្នុងចំណោមរឿងផ្សេងៗទៀត ដែលត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខរបស់ពួកគេ។ លោកស្រី បន្ដថា បើទោះជាគោលនយោបាយរបស់គណបក្សលោកស្រី មិនបានដាក់បញ្ចូលគោលនយោបាយមួយក្ដី ក៏ប៉ុន្ដែចំណុចពីការជួយស្ដ្រីក្រីក្រនេះ គណបក្សរបស់លោកស្រី នឹងធ្វើជាបន្ដបន្ទាប់ ប្រសិនបើគណបក្សរបស់លោកស្រី មានវាសនាដឹកនាំប្រទេស។
បន្ថែមពីនេះ អនុប្រធានគណបក្សមាតុភូមិយើង សង្កត់ធ្ងន់ថា បើគណបក្សរបស់លោកស្រីឈ្នះឆ្នោត លោកស្រី នឹងធ្វើឲ្យប្រជាពលរដ្ឋឃើញថា គណបក្សរបស់លោកស្រី គឺជាគណបក្សធ្វើ គណបក្សតស៊ូ មិនមែនជានិយាយនោះទេ ៖«ខាងគណបក្សមាតុភូមិយើងមិនចូលចិត្ដនិយាយច្រើន ពួកខ្ញុំច្រើនធ្វើ ហើយនិងតស៊ូ គឺតស៊ូធ្វើដោយបេះដូងស្មោះត្រង់ គឺបេះដូងស្នេហាជាតិ»។
គណបក្សនយោបាយ ចំនួន២០បក្ស ដែលបានចុះបញ្ជីឈ្មោះប្រកួតយកអាសនៈសភា សុទ្ធតែមានគោលនយោបាយ រៀងៗខ្លួន ។ បក្សខ្លះ និយាយពី វិស័យកសិកម្ម គឺត្រូវជួយកសិករមានទៅផ្សារ។ បក្សខ្លះមាន គោលនយោបាយ ជួយ កាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋហើយបក្សខ្លះ លើកឡើងពី នយោបាយអន្តោប្រវេសជាមួយប្រទេសជិតខាង។ តែការបោះឆ្នោតនេះ មិនមានវត្តមាន គណបក្ស សង្គ្រោះជាតិដែលបានដណ្ដើម អាសនៈសភា បាន៥៥ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ចូលរួមនោះទេ។ បក្សនេះ អវត្តមានដោយសារតុលាការកំពូលរំលាយ នឹងហាមមន្ត្រីបក្ស ១១៨ធ្វើនយោបាយ។ អ្នកសង្កេតការណ៍ និងអ្នកវិភាគដែលវិទ្យុស្ត្រីធ្លាប់សុំការយល់ឃើញ បាន ធ្វើការវិភាគ ថា គោលនយោបាយ របស់បក្សកាន់អំណាច និងបក្សប្រឆាំងកាលពីបោះឆ្នោត ឆ្នាំ២០១៣គឺជាជម្រើស ល្អដូចគ្នា សម្រាប់អ្នកបោះឆ្នោតជាពិសេស គោលនយោបាយពាក់ព័ន្ធតួនាទីស្ត្រីក្នុងសង្គម៕