ហ្វីលីពិន ៖ បុរសខ្លាំង នៃប្រទេសហ្វីលីពិន ចាប់ផ្ដើមបង្កជម្លោះជាមួយអង្គការសហប្រជាជាតិ ដោយការដាក់បណ្ដាសា ក្រុមអ្នកជំនាញ សិទ្ធិមនុស្សរបស់ស្ថាប័ននេះ ។ លោកថា ៖«ក្រុមអ្នកឯងទៅកាន់ឋាននរកទៅ»។ យ៉ាងនេះក្ដី ប្រធានាធិបតី រូបនេះ ស្ថិតក្នុងសំណុំរឿង ស៊ើបអង្កេតករណីសម្លាប់មនុស្សក្រៅប្រព័ន្ធក្នុងសង្គ្រាមគ្រឿងញៀន។
លោក លោកលៀស៊ីណា រាយការណ៍៖
លោក រ៉ូឌ្រីហ្គូឌូទើតេ គឺជាមេដឹកនាំប្រទេសមួយ នៃសមាគមអាស៊ីអាគ្នេយ៍ ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ដាក់ក្នុងបញ្ជីខ្មៅ ជាមេដឹកនាំត្រូវកោះហៅមកបើកការជំនុំជម្រះក្ដី ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលនាំឲ្យមនុស្សយ៉ាងតិច ១២០០០នាក់បានស្លាប់ ។ អង្គការ Human right watch និងអង្គការ Amnesty international បានចោទថា ការសម្លាប់មនុស្សដ៏រង្គាលនេះ គឺជាឧក្រិដ្ឋកម្មមួយ ហើយមេដឹកនាំរូបនេះ ត្រូវតែដាក់ក្នុងបញ្ជីខ្មៅ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ លោក ឌូទើតេ បានជ្រើសរើសសង្គ្រាមគ្រឿងញៀន ជាជាងយុទ្ធនាការអប់រំដើម្បីកាត់បន្ថយ ការប្រើប្រាស់គ្រឿងញៀន ។ លោក បានឡើងកាន់អំណាចនៅខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីលោកឈ្នះការបោះឆ្នោតរបស់ប្រទេសនេះ ។ ភ្លាមៗ លោកបានឆក់យកអំណាចពីគ្រប់ស្ថាប័នទាំងអស់ ឲ្យស្ថិតនៅក្រោមលោកផ្ទាល់ ដើម្បីបញ្ជាឲ្យមានប្រសិទ្ធភាព។
ដើម្បីធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនត្រូវបានកាត់បន្ថយលោក ឌូតើទេ បានបង្កើតសមរភូមិ នៅពាសពេញប្រទេស គឺ សង្គ្រាមគ្រឿងញៀន។ ដោយមិនទទួលយកការអំពាវនាវរបស់អង្គការសិទ្ធិមនុស្ស ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ លោក ឌូតើទេ កាន់តែធ្វើសកម្មភាពខ្លាំងក្លាឡើងៗ ធ្វើឲ្យប្រទេសរបស់លោកក្លាយជាកន្លែងកប់សាកសពការសម្លាប់មនុស្សក្រៅប្រព័ន្ធ។ នេះគឺជារបាយការណ៍របស់អង្គការ Human right watch អង្គការ Amnesty international រួមនិងអង្គការសិទ្ធិមនុស្សក្នុងស្រុក ។ អង្គការទាំងនេះបានសម្រេចប្ដឹងមេដឹកនាំរូបនេះ ទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ដែលមកដល់ពេលនេះសំណុំរឿងរបស់លោក ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ការិយាល័យរដ្ឋអាជ្ញា នៃតុលាការនេះរួចទៅហើយ។ ទំនងដោយសារខ្លួនស្ថិតក្នុងសំណុំរឿងនេះ លោក ឌូទើតេ ចាប់ផ្ដើមវាយប្រហារយ៉ាងខ្លាំង ទៅលើ ICC និងពួកសិទ្ធិមនុស្សធំៗ របស់អន្ដរជាតិ ។ លោកបានហៅ តុលាការ ICC ថាធ្វើបេសកម្ម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក ប៉ុន្ដែជាមួយគ្នានេះ លោកប្ដេជ្ញាថា សុខចិត្តស្លាប់ ក្រោមការបាញ់សម្លាប់របស់ ICC បើលោកយល់ព្រមទៅកាន់ ICC នោះ។
ជាមួយគ្នានេះ លោក ឌូទើតេ បានព្រមានថា នឹងនាំហ្វីលីពិន ត្រលប់ចេញពីសមាជិករបស់លក្ខន្ដិកៈ ក្រុងរ៉ូមដែលជាសទ្ធិសញ្ញា បង្កើត ICC ។ នេះជាការបង្កជម្លោះមួយរួចទៅហើយ ជាមួយនឹងសហគមអន្ដរជាតិ ។ ស្រាប់តែលោកបានបង្កជម្លោះមួយទៀត ជាមួយក្រុមអ្នកច្បាប់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយជេរបណ្ដាសា ក្រុមនេះថា “ទៅចុះនរកទៅកុំមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង” ។ សង្គ្រាមពាក្យសម្ដីដែលជាការបង្កជម្លោះរបស់មេដឹកនាំ ហ្វីលីពិន ធ្វើឡើង ឆ្លើយតបនឹងក្រុមអ្នកជំនាញ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានរិះគន់លោក ដោយសារលោកបណ្ដេញរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌របស់ប្រទេនេះ ពីតំណែង។
ការបង្កជម្លោះជាមួយអន្ដរជាតិ នាំឲ្យលោក ឌូទើតេ ក្លាយជាមេដឹកនាំម្នាក់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានគេមើលឃើញថា ចូលចិត្ដជេរបណ្ដាសា គំរាមកំហែងមេដឹកនាំ ប្រទេសផ្សេងៗ ។ កាលពីឆ្នាំ២០១៦ ពោលគឺ ភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែង លោកក៏បានជេរបណ្ដាសា អតីតប្រធានាធិបតី បារាក់ អូបាម៉ា ថា “ទៅចុះនរកទៅ” ។ លោក ឌូទើតេ បានបង្ហាញ កំហឹងដូចនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក រិះគន់លោក ចំពោះការធ្វើសង្គ្រាមគ្រឿងញៀន សម្លាប់មនុស្សយ៉ាងរង្គាល ។ តែបែបនេះក្ដី បុរសខ្លាំង ហ្វីលីពិន រូបនេះ ក៏ច្រើនតែសុំទោសគេវិញដែរ ។
កាលពីដើមឆ្នាំ២០១៨ លោកបានវាយប្រហារមេដឹកនាំ ភូមា ករណី សហគមន៍ មូស្លិម រ៉ូហ៊ីងយ៉ា ។ លោកបានហៅ ករណីហិង្សាលើសហគមន៍នេះ ថា ជាអំពើប្រល័យពូជសាសន៍ តែមិនដល់មួយសប្ដាហ៍ផង លោកបានសុំទោស មេដឹកនាំ ភូមា ។ តែបែបនេះក្ដី លោក ឌូទើតេ ទំនងជាមេដឹកនាំម្នាក់គត់ ហ៊ាន គំរាមមហាយក្សចិន ។ លោកបានគំរាមថា នឹងធ្វើសង្គ្រាមជាមួយចិន បើសិនជាសកម្មភាពរបស់ទីក្រុងប៉េកាំងបន្តសាងសង់ ឬទាញយកផលធនធានធម្មជាតិលើព្រំដែន សមុទ្ររំលោភលើបន្ទាត់ក្រហមនោះ។នេះ បើតាមសារព័ត៌មានSouth China Morning Post៕