ភ្នំពេញ ៖ នៅដើមរដូវវស្សាឆ្នាំ២០១៨នេះ បាតុភូមិធម្មជាតិ បានវាយប្រហារលើផ្ទះ លើមនុស្ស និងសត្វ កើតញឹកញាប់ ដែលបណ្ដាលឲ្យខូចខាតផ្ទះសំបែង និងបង្កឲ្យមនុស្សស្លាប់មួយចំនួនផងដែរ។ ដើម្បីត្រៀមលក្ខណៈការពារខ្លួន ពីបាតុភូមិធម្មជាតិ ដែលមានជាអាទិ៍ ខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នេះ មន្ដ្រី នាំពាក្យនៃក្រសួងធនធានទឹក បានប្រាប់នូវវិធីសាស្ដ្រ សង្កេត និងការពារខ្លួនមួយចំនួន ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ក្នុងឆ្នាំ២០១៨នេះ គេសង្កេតឃើញ បាតុភូតធម្មជាតិបានវាយប្រហារលើមនុស្ស និងសត្វ ក៏ដូចជាបានបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្ដាខេត្ដមួយចំនួន។ តាមប្រសាសន៍របស់ មន្ដ្រីនាំពាក្យ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងថា ខេត្ដក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបភាគខាងជើង គឺជាខេត្ដ ដែលគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពីការវាយប្រហារដោយខ្យល់កន្ដ្រាក់ និងរន្ទះបាញ់ ។ ព្រោះតំបន់ខ្ពង់រាបខាងជើង និងទំនាបកណ្ដាល ជាតំបន់ងាយរងគ្រោះជាងគេ៖«មកដល់ពេលនេះ ដូចខ្ញុំជម្រាបជូនអញ្ចឹង សម្រាប់តំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ជាពិសេសគឺតំបន់ខ្ពង់រាបភាគខាងជើង។ បើយើងគិតជាខេត្ដ មានដូចជា ខេត្ដព្រះវិហារ ឧត្ដរមានជ័យអីជាដើម ហើយតំបន់ទំនាបកណ្ដាលនេះ យើងរាប់តាំងពីទំនាបកណ្ដាលភាគពាយ័ព្យ ចុះមក គឺមានដូចជា នៅខាង សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ រហូតដល់ទំនាបកណ្ដាលភាគខាងកើត គឺបណ្ដាខេត្ដជាប់ព្រំដែនកម្ពុជា វៀតណាមនេះ»។
តែយ៉ាងណាសម្រាប់ខេត្ដជាប់តំបន់មាត់សមុទ្រ គឺគ្មានក្ដីព្រួយបារម្ភពីការវាយប្រហារដោយខ្យល់កន្ដ្រាក់ ឬក៏រន្ទះបាញ់ ធ្ងន់ធ្ងរនោះទេ។ មន្ដ្រី នាំពាក្យ នៃក្រសួងធនធានទឹក បន្ដទៀតថា ជារឿយៗឲ្យតែមានភ្លៀង គឺតែងតែមានលាយឡំជាមួយខ្យល់កន្ដ្រាក់ និងផ្ទរ រន្ទះ ។ ចំពោះករណីនេះ គឺជារឿងដែលពិបាកទប់ទល់ព្រោះតែវាជាបាតុភូតធម្មជាតិ។ ក៏ប៉ុន្ដែបើទោះបីជា ពិបាកទប់ទល់ក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋអាចសង្កេតមើលពីសញ្ញាមួយចំនួន មុនពេលដែលមានការវាយប្រហារ ដោយខ្យល់កន្ដ្រាក់ ឬក៏រន្ទះបាញ់។
លោក ចាន់ យុត្ថា ប្រាប់ថា មុនពេលដែលមានបាតុភូតខ្យល់កន្ដ្រាក់ កើតឡើង គឺមានសញ្ញា ពីរ ដែលប្រជាពលរដ្ឋ ត្រូវកត់សម្គាល់៖«ទី១គឺតំបន់ដែលបងប្អូនប្រជាពលរដ្ឋលោករស់នៅ នៅថ្ងៃដែលអាចមានបាតុភូតខ្យល់កន្ដ្រាក់។ ចាប់ពីថ្ងៃរះ បានន័យថា ថ្ងៃរះខ្ពស់ បន្ដិចទៅ ម៉ោង ៩-១០ ទៅ ពេលហ្នឹងគឺអាកាសធាតុចាប់ផ្ដើមមានសភាព ក្ដៅ ហប់ ស្អុះស្អាប់ ខុសពីធម្មជាតិខុសពីធម្មតា។ អញ្ចឹងបើថា នៅថ្ងៃណាមួយកន្លែងដែលយើងរស់នៅហ្នឹង គឺធាតុអាកាសក្ដៅ ស្អុះស្អាប់ ហប់ អត់ខ្យល់ នេះគឺជាសញ្ញាទី១ ដែលយើងត្រូវប្រុងប្រយ័ត្នថា នៅពេលរសៀលអាចមានបាតុភូតខ្យល់កន្ដ្រាក់កើតឡើងនៅកន្លែងដែលយើងរស់នៅ»។
ចំណែកសញ្ញាទី២ ដែលបង្ហាញថា នឹងមានខ្យល់កន្ដ្រាក់កើតឡើង គឺនៅម៉ោងប្រហែល ៩ ឬ ១០ព្រឹក នៅលើផ្ទៃមេឃមានការកកើតឡើង នូវពពកម្យ៉ាងដែលមានរាងដូចជាផ្សិត មានរូបរាង ក្បាលធំហើយជើងរបស់វាតូច។ ពពកនេះនៅពេលដែលវាចាប់ផ្ដើមកកើតឡើងលើកដំបូង គឺវាមានស្ថានភាពបែបនេះ៖«ពេលដែលចាប់ផ្ដើមកកើតពពកនេះ គឺមានពណ៌សធម្មតាទេ ហើយតូច បន្ទាប់មកថ្ងៃកាន់តែខ្ពស់រហូតដល់ថ្ងៃត្រង់គឺពពកនេះ ចាប់ផ្ដើមពួនផ្ដុំ កាន់តែធំទៅៗ ហើយក្រោយពី ផុតពីពេលថ្ងៃត្រង់ទៅ គឺពពកនេះ ចាប់ផ្ដើមប្រែពណ៌ បានន័យថា ពីសធម្មតា ទៅជាខ្មៅបន្ដិចបម្ដងៗ ហើយនៅពេលដែលមេឃរកកលភ្លៀង ពពកនេះគឺចុះមកកាន់តែទាប យើងមើលទៅឃើញពពកនេះទាបហើយមានពណ៌ខ្មៅ»។
ទាំងពីរចំណុចខាងលើនេះ គឺជាសញ្ញា ដ៏ជាក់លាក់មួយ ដែលបង្ហាញថា កន្លែងលោក អ្នកកំពុងរស់នៅ អាចនឹងមាន ការវាយប្រហារពីខ្យល់កន្ដ្រាក់។ ករណីនេះប្រជាពលរដ្ឋគួរតែមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល ប្រសិនបើឃើញសភាព បែបនេះនៅលើផ្ទះមេឃ ជាទូទៅខ្យល់កន្ដ្រាក់តែងតែវាយប្រហារ នៅពេលរសៀល។
ដោយឡែកសម្រាប់វិធីការពាររន្ទះបាញ់វិញ លោក ចាន់ យុត្ថា មន្ដ្រីនាំពាក្យ នៃក្រសួងធនធានទឹក មានប្រសាសន៍ថា កាលណាពលរដ្ឋបានសង្កេតឃើញ ផ្ទៃមេឃពពកឡើងខ្មៅ រកកលចង់ភ្លៀង គឺមិនត្រូវស្ថិតនៅកន្លែងដែលមានទឹកដក់ឡើយ។ មិនត្រូវកាន់សម្ភារដែលធ្វើពីលោហៈ មានដូចជា កាំបិទ ពូថៅ ចបជីក ចបកាប់ មិនត្រូវជ្រកកោមដើមឈើ ហើយត្រូវទៅរកទីកន្លែងដែលស្ងួត ស្រឡះ និងអង្គុយចុះឲ្យទាប បន្ទាប់មកយកដៃក្ដោបស្លិត្រចៀក។ វិធីនេះ គឺត្រូវប្រើក្នុងករណីដែលប្រជាពលរដ្ឋ កំពុងស្ថិតនៅកណ្ដាលវាល៖«យើងត្រូវតែគេចពីដើមឈើ ហើយទៅរកវាល វាលឲ្យស្រឡះ ហើយយើងអង្គុយចុះឲ្យទាប បានយើងអង្គុយ អង្គុយចោងហោង ឱនទៅមុខ ហើយយកដៃទាំងពីរ ក្ដោបស្លឹកត្រចៀកធ្វើយ៉ាងណាឲ្យខ្លួនរបស់យើងកាន់តែទាប កាន់តែល្អ។ ចំណុចមួយទៀតដែរ ប្រសិនបើមានគ្រឿងអេឡិចត្រូចនិក ផ្សេងៗ មានដូចជា ទូរស័ព្ទ កូនវិទ្យុ កូនម៉ាញ៉េអី គឺថា សូមបិទវា ហើយបើយកល្អ គឺដោះថ្មចេញតែម្ដង ដើម្បីកុំឲ្យមានចរន្ដអគ្គិសនីឆ្លងកាត់»។
ទន្ទឹមនឹងនេះ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងផ្ទះ ខណៈដែលមានភ្លៀងធ្លាក់ គួរតែផ្ដាច់ចោលឲ្យអស់នូវចរន្ដអគ្គិសនី បញ្ឈប់ការមើលទូរទស្សន៍ ការស្ដាប់វិទ្យុ ការប្រើអ៊ិនធើណេត ឬការនិយាយទូរស័ព្ទជាដើម។ មន្ដ្រីពាក្យ បញ្ជាក់ថា ប្រសិនបើ ពលរដ្ឋអាចអនុវត្ដន៍តាមអ្វីដែលជម្រាបជូនខាងលើនេះ គឺអាចកាត់បន្ថយគ្រោះថ្នាក់ដោយសាររន្ទះបាញ់នេះបាន៕