ភ្នំពេញ៖ ពលរដ្ឋខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅក្រុងភ្នំពេញ និងបញ្ជូនទៅសាក់សួរនៅទីក្រុង បាងកក ប្រទេសថៃ បានអះអាងថា ខ្លួនមិនបានបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនា យករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅប្រព័ន្ធអ៊ិនធ័រណិតទេ។
បើតាមកាសែត Bangkok Post ចុះផ្សាយថា ប៉ូលិសថៃស្នើសុំពលរដ្ឋខ្មែរឈ្មោះ ហេង រតនៈ ជាង ៦ ម៉ោង ទៅសាកសួរនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ សុក្រ ម្សិលមិញ។
លោក Siriwat Deepor ប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា ប្រាប់កាសែត Bangkok Post ថា លោក ហេង រតនៈ បានច្រាន ចោលថា ខ្លួនមិនបានបង្ហោះអត្ថបទរិះគន់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ទេ។ ជនសង្ស័យរូបនេះថា ខ្លួនបានឲ្យមិត្តភក្តិឈ្មោះ Louis ជាជនខ្មែរ ខ្ចីកាត់ឥណទាន ដើម្បីផលិតអត្ថបទចុចលើអ៊ិនធ័រណិតរកប្រាក់ចំណូលពីការផ្សាយពាណិ ជ្ជកម្ម។
ជនសង្ស័យឈ្មោះ ហេង រតនៈ ប្រាប់អាជ្ញាធរថៃថា ខ្លួនមិនចេះអាន និងនិយាយភាសាថៃទេ ហើយខ្លួននឹងនាំអាជ្ញាធរទៅផ្ទះមិត្ត ឈ្មោះ Louis ដែលមានជនជាតិខ្មែរនៅក្រុងភ្នំពេញ។
កាសែត Bangkok Post បញ្ជាក់ថា ប៉ូលិសថៃ បានរកឃើញថា ពលរដ្ឋខ្មែរនេះបានបង្ហោះអត្ថបទជាភាសាថៃនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែ ឧសភា លើគេទំព័រព័ត៌មានឈ្មោះ ratstas.com news ដោយសរសេរថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ពលរដ្ឋថៃថា «បើចង់បានសាំងថោកឲ្យយកទឹកចាក់ជំនួសសាំង»។ នាយករដ្ឋមន្ត្រីថៃមានប្រសាសន៍ដូចនេះ នៅពេលមានការចោទសួរអំពីតម្លៃសាំងឡើងថ្លៃ ប៉ុន្តែលោកប្រាយុទ្ធបានបដិសេធអំពីការអត្ថាធិប្បាយដូចនេះ។
ជុំវិញការចុះផ្សាយនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានប្រាប់វិទ្យុស្ត្រីកាលពីម្សិលមិញថា លោកពុំទាន់ទទួលបានដំណឹងពីការចាប់ខ្លួនពលរដ្ឋខ្មែរណាម្នាក់ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយរិះគន់នាយកមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចានោះទេ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ៖ «រឿងថៃចាប់អីៗរឿងថៃនឹងអី ពូមិនទាន់មានព័ត៌មាននឹងទេ។ពូ Check មើលវាអត់ឃើញ សមត្ថកិច្ចរបស់យើងវាគ្មាន។ទាល់អះអាងថា បញ្ជូនទៅកាត់ទោសអ្វីៗវាអត់មាន មិនអាចទៅរួចទេ។ព័ត៌មាននិងពូអត់លឺផហ្នឹង។»
ទោះបីយ៉ាងណា លោក ហេង រតនៈ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹងហោះមកកម្ពុជាវិញនៅពេលក្រោយបញ្ចប់ការផ្តល់ចម្លើយជាមួយអាជ្ញាធរថៃ ករណីដែលគេប្រើប្រាស់ព័ត៌មានរបស់លោក ដើម្បីបង្ហោះព័ត៌មានមិនពិតប៉ះពាល់ដល់នាយករដ្ឋមន្ត្រីថៃ។លោក រតនៈ បញ្ជាក់ថា លោកសុខ សប្បាយធម្មតាទេ ព្រោះមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជានៃក្រសួងពាក់ព័ន្ធ និងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងជំនួយការលោកឧត្តមសេនីយ៍សៅ សុខា អមដំណើរជាមួយទៅថៃ៕