en     km
en     km

​អ្នកនាំពាក្យ​៖​ពុំ​មាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​

Share

​ភ្នំពេញ​៖​ ក្រោយ​ពី​កាសែត​ថៃ​បាន​ចុះ​ផ្សាយ​ថា​ មានការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹង​ការ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​ជុំវិញ​តម្លៃ​សាំង​ឡើងថ្លៃ​។​ ករណី​នេះ​អ្នកនាំពាក្យ​ ក្រសួងមហាផ្ទៃ​កម្ពុជា​ អះអាង​ថា ​ពុំ​ទាន់​មាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​នេះ​ទេ​។​

                                       លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនំាពាក្យក្រសួងមហាផ្ទៃ។ រូបភាព៖ Taken from Internet



​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Bangkok​ Post​ នៅ​ពី​ថ្ងៃ​ទី​ ៣១​ ខែ​ ឧសភា​ ដោយ​មាន​ចំណងជើង​ថា​ «​ពលរដ្ឋ​ខ្មែរ​ម្នាក់​ចាប់ខ្លួន​ដោយសារ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ការ​រិះគន់​ លោក ​ប្រា​យុទ្ធ​»​។​

​កាសែត​នេះ​បាន​សរសេរ​ថា​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ​ រតនា​ ហេង​ មាន​អាយុ​ ២១​ ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​ក្រុងភ្នំពេញ​ បន្ទាប់​ពី​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​អំពី​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ចាន់​អូ​ចា​ នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធ័​រ​ណិ​ត​ ខណៈ​ដែល​ពលរដ្ឋ​ថៃ​ ៦​ នាក់​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ទីក្រុង​បាងកក​ ដោយសារ​ចែកចាយ​បន្ត​ព័ត៌មាន​នេះ​។​

​កាសែត​ថៃ​បាន​ដកស្រង់​សំដី​ លោក​ឧត្តមសេនីយ៍​ Surachate​ Hakpam​ និយាយ​ថា​ ប៉ូ​លី​ស​ ថៃ​ទទួល​បាន​ដីកាចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ឈ្មោះ​ រតនា​ ហេង​ កាលពី​ថ្ងៃ​ ពុធ​។​

​កាសែត​ Bangkok​ Post​ បញ្ជាក់​ថា​ ប៉ូលិស​ថៃ​ បាន​រក​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​នេះ​បាន​បង្ហោះ​អត្ថបទ​ជា​ភាសា​ថៃ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ ឧសភា​ លើ​គេ​ទំព័រ​ព័ត៌មាន​ឈ្មោះ​ ratstas.com​ news​ ដោយ​សរសេរ​ថា​ នាយក​រដ្ឋមន្ត្រី​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​ប្រាប់​ពលរដ្ឋ​ថៃ​ថា​ «​បើ​ចង់បាន​សាំង​ថោក​ឲ្យ​យក​ទឹក​ចាក់​ជំនួស​សាំង​»​។​ នាយក​រដ្ឋមន្ត្រី​ថៃ​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ពេល​មានការ​ចោទសួរ​អំពី​តម្លៃ​សាំង​ឡើងថ្លៃ​ ប៉ុន្តែ​លោក​ប្រា​យុទ្ធ​បាន​បដិសេធ​អំពី​ការ​អត្ថាធិប្បាយ​ដូចនេះ​។​

​ជុំវិញ​ការ​ចុះ​ផ្សាយ​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​រិះគន់​នាយក​មន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​នោះ​ទេ​។​លោក​ឧត្តមសេនីយ៍​ អះអាង​ថា​ កម្ពុជា​ក៏​ពុំ​បាន​បញ្ជូន​បុរស​ម្នាក់​នេះ​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ​ដែរ​។​

ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​៖​ «​រឿង​ថៃ​ចាប់​អីៗ​រឿង​ថៃ​នឹង​អី​ ពូ​មិន​ទាន់​មាន​ព័ត៌មាន​នឹង​ទេ​។​ពូ​ Check​ មើល​វា​អត់​ឃើញ​ សមត្ថ​កិច្ច​របស់​យើង​វា​គ្មាន​។​ទាល់​អះអាង​ថា​ បញ្ជូន​ទៅ​កាត់ទោស​អ្វីៗ​វា​អត់​មាន​ មិន​អាច​ទៅ​រួច​ទេ​។​ព័ត៌មាន​និង​ពូ​អត់​លឺ​ផ​ហ្នឹង​។​»

​តែ​បែប​នេះ​ក្តី​ កាសែត​ថៃ​ថា​ ប៉ូលិស​ថៃ​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃ​ សុក្រ ​នេះ ​ដើម្បី​កំណត់​អត្ថ​សញ្ញា​ត​ពលរដ្ឋ​ខ្មែរ​ម្នាក់នេះ​។​ បើ​តាម​កាសែត​ថៃ​ដដែល​នេះ​ ពលរដ្ឋ​ខ្មែរ​នេះ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ជាង​ ៥​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ប្រហែល​មួយ​សែន​បាត​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង