ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងធ្វើការពិនិត្យ និងស៊ើបអង្កេតលើករណីក្លែងបន្លំអត្តសញ្ញាណទំនិញអង្ករថៃ ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាភាសាខ្មែរលើបាវអង្ករថា«អង្ករក្រអូបពិសេស»ដើម្បីបំភ័ន្តអ្នកប្រើប្រាស់។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម កំពុងចាត់វិធានការតាមដានតាមមធ្យោបាយទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គលល្មើសសំដៅបញ្ឍប់ការធ្វើចរាចរណ៍ទំទិញក្លែងបន្លំអត្តសញ្ញាណនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ។
ផ្អែកតាមការស្រាវជ្រាវបឋមរបស់ក្រសួងពាណិជ្ជកម្ម ទំនិញអង្ករខាងលើមានដាក់លក់នៅក្នុងទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា តែប៉ុណ្ណោះគឺពុំមានលក់នៅប្រទេសផ្សេងឡើយ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋ អាមេរិក និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ពីស្ថាប័នមានសមត្ថកិច្ច ចាប់តាំងពីដំណាក់កាលផលិត រហូតដល់ច្រកនាំចេញ។
ការចេញវិធានការនេះធ្វើឡើង ខណៈរដ្ឋមន្ដ្រីក្រសួងព័ត៌មានកាលពីថ្ងៃពុធបង្ហោះលើហ្វេសប៊ុករបស់លោកនូវរូបភាពអង្ករដែលលក់នៅទីផ្សារអាមេរិក ដោយដាក់រូបប្រាសាទអង្គរវត្តនៅលើបាវអង្ករ ប៉ុន្តែសរសេរថាជា «ផលិតផលរបស់ថៃ»។
រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏បានអំពាវនាវដល់ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិកត្រូវស៊ើបអង្កេតករណីនេះដើម្បីឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការលើករណីនេះ។
តាមទិន្នន័យរដ្ឋាភិបាលការនាំចេញអង្កររបស់កម្ពុជារយៈពេល ៤ ខែដំបូងឆ្នាំនេះមានចំនួនសរុបជាង ២០ម៉ឺនតោន ធ្លាក់ចុះជាឆ្នាំមុនដែលមានប្រមាណ ២១ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នា៕