ភ្នំពេញ៖ ភាគីកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើគម្រោងសាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាម ដែលឡអគ្គិសនីនេះ មានសមត្ថភាពផលិតអគ្គិសនីប្រមាណ ២ មេកាវ៉ាត់ក្នុងមួយម៉ោង។ នេះបើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបង្ហាញពីជំនួបរវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងមកពីទីក្រុង KITAKYUSHU ប្រទេសជប៉ុនកាលពីថ្ងៃទី៣១ ឧសភាម្សិលមិញ។
ឡអគ្គិសនីដើរដោយ ចំហេះអង្កាមស្ថិតក្នុងគម្រោង The Joint Crediting Mechanism (JMC)។ គម្រោងនេះត្រូវប្រើថវិកាប្រមាណ ៦លានដុល្លារ មានសមត្ថភាពផលិតអគ្គិសនីប្រមាណ ២ មេកាវ៉ាត់ក្នុងមួយម៉ោង ហើយធ្វើប្រតិបត្តិការបានរយៈពេល ១០ឆ្នាំ។
ការសាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាមនេះ មានគោលបំណងចូលរួមកាត់បន្ថយឧស្ម័នកាបូនិច (CO2) ក្នុងបរិយា កាស និងបង្កើនប្រាក់ចំណូលដល់សហគមន៍ រោងម៉ាស៊ីនកិនកែច្នៃ និងឡសម្ងួត ជាដើម។ គម្រោង(JMC)នេះ មានការគាំទ្រពីរដ្ឋាភិបាលជប៉ុនក្រោមប្រធានបទបម្រែបម្រែបរិយាកាស (Climate Change)។
ការអនុវត្តគម្រោងនេះ មាន២របៀបសំខាន់ៗគឺ៖
̵ករណីទី១ ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយថវិកាតិចជាង ៥០% ឬ ២.៥ លានដុល្លារសម្រាប់អនុវត្តគម្រោង រីឯថវិកាប្រមាណ៣.៥ លានដុល្លារផ្សេងទៀត គឺត្រូវការដៃគូរពីខាងក្រុមហ៊ុនរោងម៉ាស៊ីនកិន-កែច្នៃស្រូវអង្ករ ធ្វើការវិនិយោគរួមគ្នា។
ករណីទី២ ៖ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយថវិកាតិចជាង ៥០% ឬ ២.៥ លានដុល្លារសម្រាប់អនុវត្តគម្រោង រីឯថវិកាប្រមាណ ៣.៥ លានដុល្លារផ្សេងទៀត គឺមានក្រុមហ៊ុនមកពីប្រទេសជប៉ុនមកចូលរួមបណ្តាក់ទុនវិនិយោគ ប៉ុន្តែត្រូវមានការសហការពីខាងបណ្តាក្រុមហ៊ុន រោងម៉ាស៊ីនកិន-កែច្នៃស្រូវអង្ករ ដើម្បីផ្គត់ផ្គង់អង្កាម និងប្រើប្រាស់ថាមពលអគ្គិសនីពីគម្រោងដែលមានតម្លៃទាបជាងទីផ្សារបច្ចុប្បន្ន។
ជាការឆ្លើយតប សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្យានឹងបន្តជួយសម្របសម្រួលពិភាក្សា និងផ្សព្វផ្សាយព័ត៌មានស្តីពីគម្រោងដល់បណ្តាសមាជិកទាំងអស់ ដើម្បីស្វែងរកការចូលរួមសហការនិងគាំទ្រគម្រោងនេះ ព្រោះឡនេះនឹងរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងបង្កើនលទ្ធភាពប្រគួតប្រជែងរបស់អង្ករកម្ពុជា៕