en     km
en     km

សម្ដេច ហ៊ុន សែន៖ អ្នកមិនទៅបោះឆ្នោតមិនជាប់គុកទេតែអ្នកជ្រលក់ដៃបន្លំទើបមានទោស(មានសំឡេង)

Share

ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ គេសង្កេតមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចបានបង្ហាញការចាប់អារម្មណ៍ច្រើនអំពីអត្រាអ្នកចេញទៅបោះឆ្នោត។  កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ឧសភា សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដោយន័យពីរយ៉ាងក្នុងពេលតែមួយ។ សម្ដេច ពន្យល់ថា អ្នកមិនទៅបោះ ឆ្នោតគឺគ្មានជាប់ទោសអ្វីទេ ។តែជាមួយគ្នានេះ សម្ដេចថាអ្នកមានទោសគឺអ្នកជ្រលក់ម្រាមដៃទឹកខ្មៅហើយបន្លំថាបានបោះឆ្នោតទើបមានទោស។ យ៉ាងនេះក្ដី អ្នកច្បាប់ថាគ្មានច្បាប់ណាដាក់ទោសអ្នកជ្រលក់ម្រាបដៃទឹកខ្មៅនោះទេ។​

លោក រឿន​ឬទិ្ធ ជូនសេចក្ដីលំអិត ៖

 

ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបងកាលពីព្រឹកមិញនេះ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើការព្រមានអ្នកដែលបន្លំថាខ្លួនបានទៅបោះឆ្នោត ដោយ ជ្រលក់ម្រាមដៃនឹងទឹកខ្មៅថាជា បទល្មើស មួយ។ សម្ដេចថា បទល្មើសនេះ គឺទោសព្រហ្មទណ្ឌ។ យ៉ាងណា ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អ្នកមិនទៅ បោះឆ្នោតក៏គ្មានទោសអ្វីដែរ។

កម្ពុជា នឹងមានព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិគឺបោះឆ្នោតសភានីតិកាលទី៦នៅថ្ងៃទី២៩កក្កដា ដែលមានគណបក្សចំនួន២០បានចូលរួម។តែការបោះឆ្នោតគ្មានគណបក្សប្រឆាំងឬគណបក្សសង្រ្គោះជាតិ ចូលរួមប្រកួតនោះ ដោយសាតែគណបក្សនេះ ត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ករណីចោទពីមេបក្សនេះ គឺលោកកឹមសុខា ទោសក្បត់ជាតិ ។

អវត្តមានបក្សប្រឆាំងនេះ នាំអោយមានការព្រួយបារម្មណ៍ពីការធ្លាក់ចុះអត្រាអ្នកចេញទៅ បោះឆ្នោត។ ករណីនេះ មន្ត្រីបក្សកាន់អំណាចបានព្យាយាមពន្យល់អ្នកបោះឆ្នោតថា មានសារសំខាន់ បើអ្នកប្រើសិទ្ធិជាម្ចាស់ឆ្នោត។ អ្នកច្បាប់ម្នាក់នៅក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យសម្រាប់ក្រសួងនេះផងគឺលោក គឹម សន្តិភាពបានពន្យល់ប្រាប់ស្ថាប័នសារព័ត៌មានFresh News  កាលពីថ្ងៃពុធទី៣០ឧសភា ដែលមានន័យដូចនេះថា ៖«​ការបន្លំថាខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិតដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដ អ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោតដែលបានបោះពិតប្រាកដ​។ ទង្វើ​នេះនឹងបង្កើតនូវការយល់ច្រលំថា ការបោះឆ្នោតមានភាពមិនប្រក្រតី ដែលនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គមមួយកើតឡើងបាន។ អំពើខាងលើនេះ ជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ»

ទំនងដូចការពន្យល់នេះហើយ មើលទៅ ដែលសម្ដេចនាយករដ្ឋមន្ត្រី ធ្វើការព្រមានអ្នកមិនទៅបោះឆ្នោត ហើយ មានស្នាមម្រាដៃជ្រលក់ទឹកខ្មៅ។តែយ៉ាងនេះក្ដី សម្ដេចហ៊ុនសែន បានផ្ដើមវាយប្រហារទៅលើ គូប្រជែងនយោបាយមួយ បើទោះជា សម្ដេចមិនបានបញ្ចេញឈ្មោះអ្នកនោះក៏ដោយ តែគ្មានអ្វីក្រៅពីលោកសមរង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិ  ដែលបានអំពាវនាវសុំអោយពលរដ្ឋកុំទៅបោះឆ្នោត។  

ប្រធានចលនាសង្រ្គោះជាតិដែលមានមូលដ្ឋាននៅក្រៅប្រទេស បានទទូចសុំអ្នកគាំទ្រ បក្សរបស់លោក ដេកនៅផ្ទះ ហើយ មានគេសួរថាតើបានបោះឆ្នោតឬទេ គឺជ្រលក់ម្រាមដៃនឹងទឹកខ្មៅទៅគឺរួចហើយ។

តើអ្នកច្បាប់ ឯករាជ្យ យល់ដូចម្ដេចដែរ ករណីអ្នកមិនទៅបោះឆ្នោតហើយមានទោស ដោយសារ ម្រាមដៃជ្រលក់នឹងទឹកថ្នាំខ្មៅ។

អ្នកច្បាប់ម្នាក់នៅសាលាក្ដីខ្មែរក្រហម លោកមេធាវីគង់សំអ៊ុន បានពន្យល់ថា គ្មានមាត្រាឬ ច្បាប់ណា ចែងពីទោស ទ័ណ្ឌប្រឆាំងអ្នកមិនទៅបោះឆ្នោត ហើយក៏គ្មានច្បាប់ណាដាក់ទោស អ្នកមានម្រាមដៃជាប់ស្នាមទឹកថ្នាំខ្មៅនោះទេ ។

ភាពប្រទាញប្រទង់គ្នា រវាងអ្នកចង់ទៅបោះឆ្នោតនិងអ្នកមិនចង់ទៅបោះឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅចុងខែកក្កដាខាងមុខនេះ ឃើញ ថា កំពុងពេញនិយមលើ បណ្ដាញសង្គម ។​អ្នកខ្លះបញ្ចេញមតិថា ទៅបោះឆ្នោតគឺជាការសម្ដែងមតិ និងជាការប្រើសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ។ តែអ្នកខ្លះថា ខ្លួនមិនទៅបោះឆ្នោតក៏ជាការសម្ដែងមតិនិងការប្រើសិទិ្ធមួយដែរព្រោះ​រដ្ឋធម្មនុញ្ញពុំបានចែងពីការតម្រូវអោយពលរដ្ឋត្រូវតែចេញទៅបោះឆ្នោតនោះដែរ។ ភាពប្រទាញប្រទង់គ្នា នេះ កំពុងក្លាយជាល្បែងនយោបាយមួយសម្រាប់អ្នកនយោបាយ យកប្រើប្រាស់ក្នុងវោហាសាស្ត្រទៅកាន់ ម្ចាស់ឆ្នោតរៀងៗខ្លួន៕   

Share

ព័ត៌មានទាក់ទង

Image