ភ្នំពេញ ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៣០ ខែឧសភានេះ ដោយស្នើឲ្យក្រសួងការងារ បញ្ជូនក្រុមអធិការកិច្ចរបស់ខ្លួន ទៅស៊ើបអង្កេតឲ្យបានច្បាស់លាស់ ពីករណី ដែលបង្កឲ្យកម្មករ កម្មការិនី នៅរោងចក្រ Starite ស្ថិតក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល សន្លប់ជាបន្ដបន្ទាប់កាលពីថ្ងៃទី២៨ ខែឧសភា ស្របទៅតាមមាត្រា ២៣៣ នៃច្បាប់ការងារ។ អង្គការនេះបានរកឃើញថា ស្ថានភាពបំពេញការងារនៅរោងចក្រនេះ គឺមិនសមស្របទៅតាមការកំណត់របស់ក្រសួងការងារឡើយ ខណៈក្រសួងការងារបានអះអាងថា មូលហេតុដែលនាំឲ្យកម្មកសន្លប់មិនមែនជាកំហុសរបស់រោងចក្រស្ដារិចនោះទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុន Starite គឺជារោងចក្រថ្មីមួយដែល ទើបតែបានចុះបញ្ជីជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ រោងចក្រមួយនេះ គឺជាសាខាមួយរបស់ក្រុមហ៊ុនធំជាងគេឈ្មោះ Starite International Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ជាតំបន់ស្វយ័តសេដ្ឋកិច្ចរបស់ប្រទេសចិន។ រោងចក្រ Starite មានសាខាងនៅប្រទេសកម្ពុជា ប្រទេសវៀតណាម ទីក្រុងហុងកុង តៃវ៉ាន់ និងចិនដីគោល ។ រោងចក្រ Starite Cambodia Co,ltd នៅប្រទេសកម្ពុជាភាគច្រើនផលិត កាតាប និងកាបួបស្ពាយ។
អង្គការ សង់ត្រាល់ បានអះអាងដោយយករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមកបញ្ជាក់ថា មានកម្មករ ២០០នាក់ បានសន្លប់កាលពីថ្ងៃទី២៨ ខែឧសភា ខណៈប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់របស់ក្រសួងការងារ បញ្ជាក់ថា មានកម្មករ កម្មការិនី ត្រឹមតែ ១១៧នាក់តែប៉ុណ្ណោះដែលសន្លប់។
លើសពីនេះអង្គការមួយនេះ បានឲ្យដឹងទៀតថា ខ្លួនបានជួបជាមួយកម្មករប្រមាណ ៦០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុក និងគ្លីនិកឯកជន ដែលកម្មការិនីទៅព្យាបាល ពួកគេបានប្រាប់ថា ករណីដួលសន្លប់បានកើតឡើងជា បីដំណាក់កាលផ្សេងគ្នា។ ទី១ បានដួលសន្លប់មកពីផ្នែកដេរ។ ទី២ បានបន្ដដួលសន្លប់បន្ដិចក្រោមក ។ ក្រុមទី០៣ បានដួលសន្លប់បន្ទាប់ពីបានជួយមិត្ដរួមការងាររបស់ពួកគេ។ មូលហេតុពិតប្រាក់ដ នៃការដួលសន្លប់នេះ មិនបានដឹងច្បាស់នោះទេ។ ក៏ប៉ុន្ដែមានប្រព័ន្ធផ្សព្វផ្សាយខ្លះបានលើកឡើងថា ការដួលសន្លប់ គឺកើតឡើងដោយសារតែក្លិនស្អុយពីអាគារក្បែរនោះ ដោយមានកម្មករ ខ្លះបានប្រាប់ សង់ត្រាល់ ទៀតថា គឺជាក្លិនចេញពីសារធាតុគីមីដែលត្រូវបានគេបាញ់។ អង្គការ សង់ត្រាល់ បន្ថែមទៀតថា ឧបទ្ទវហេតុនៃការដួលសន្លប់ជាទូទៅនៅតាមចក្រនានាក្នុងប្រទេសកម្ពុជា គឺភាគច្រើនបណ្ដាលមកពីសីតុណ្ហភាពក្ដៅខ្លាំង កង្វះខ្យល់ និងកង្វះអាហាររូបត្ថម ដែលបណ្ដាលមកពីប្រាក់ឈ្នួលទាប។
ក្រោយការរកឃើញទាំងអស់នេះ អង្គការដែលធ្វើការងារការពារសិទ្ធិកម្មករ មួយនេះ ស្នើឲ្យក្រសួងការងារ បញ្ជូនក្រុមអធិការកិច្ចរបស់ខ្លួន ទៅពិនិត្យក្រុមហ៊ុននេះ ពីលក្ខខណ្ឌសុវត្ថិភាព សុខភាពរបស់កម្មករនៅក្នុងរោងចក្រ ក្រោមមាត្រា ២៣៣នៃច្បាប់ការងារ។ លើសពីនេះ អង្គការ សង់ត្រាល់ បន្ដទៀតថា អ្នកត្រួតពិនិត្យ គួរមានភារកិច្ច រកមូលហេតុ នៃឧបទ្ទវហេតុនេះ ហើយត្រូវធានាដោយទំនួលខុសត្រូវថា រោងចក្រនេះ បានគោរពយ៉ាងខ្ជាប់ខ្ជួន នូវច្បាប់ស្ដីពីការងារ និងប្រកាសដែលពាក់ព័ន្ធនានា។
បន្ថែមពីនេះ អង្គការមួយនេះ បានសង្កត់ធ្ងន់ថា ចំពោះកម្មករ ដែលខកខានក្នុងការបំពេញការងារ ដោយសារតែការដួលសន្លប់នេះ ពួកគេគួរតែត្រូវបានផ្ដល់ជាសំណងដូចមានចែងនៅក្នុងមាត្រា ២៥២ នៃច្បាប់ស្ដីពីការងារ។
តែយ៉ាងណាបើតាមប្រសាសន៍របស់ប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់ របស់ក្រសួងការងារ លោក ប៉ុក វណ្ណថាត បានប្រាប់វិទ្យុស្ដ្រី កាលពីថ្ងៃទី២៩ ខែឧសភា ថា ករណីកម្មករ កម្មការិនីដួលសន្លប់នេះ ពុំមែនជាកំហុសរបស់រោងចក្រ Starite Cambodia Co,ltd នោះទេ។ ពោលគឺវាជាកំហុសរបស់សិប្បកម្មផ្សាដែកមួយកន្លែង ដែលនៅក្បែររោងចក្រនោះ។ ព្រោះរោងសិប្បកម្មនោះ បានយកថ្នាំបាញ់ច្រែះ មកបាញ់កៅអី ហើយក្លិនថ្នាំបានហុយតាមខ្យល់ទៅដល់រោងចក្រ Starite ទើបបណ្ដាលឲ្យកម្មករ កម្មការិនី មានអាការក្អួត ចង្អោរ ទន់ដៃ ទន់ជើង រហួតដល់សន្លប់ដូច្នេះ។
លោក ប៉ុក វណ្ណថា ៖«បាទ ក្រុមការងារយើងបានចុះទៅមើល ហើយបានផ្ដល់ជាដំបូន្មានដើម្បីឲ្យភាគីម្ខាងទៀត ដែលនៅរោងចក្រក្បែរហ្នឹងធ្វើការកែលម្អ។ មានន័យថា រោងចក្រដែលដួលសន្លប់នោះ មិនមែនគាត់មានកំហុសទេ គឺកំហុសដោយសារតែរោងចក្រនៅជាប់គាតនោះ។ ដោយសារគាត់បាញ់ថ្នាំកៅអី ថ្នាំអីហ្នឹង រួចគាត់ដាក់កង្ហារមក គាត់បាញ់ទៅ វាជះចូលក្នុងរោងចក្រហ្នឹង»។
យ៉ាងណាលោក ប៉ុក វណ្ណថាត បានបញ្ជាក់ថា ក្រសួងការងារបានចេញសេចក្ដីប្រកាស មានទាំងច្បាប់ផង ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពការងារសម្រាប់កម្មករ កម្មការិនី លោកសង្កត់ធ្ងន់ថា ប្រសិនបើមាន សហគ្រាស គ្រឹះស្ថាន ណា មិនគោរពតាមសេចក្ដីណែនាំរបស់ក្រសួងការងារ ក្រុមថៅកែ និយោជក ជាម្ចាស់រោងចក្រនោះ ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕