ភ្នំពេញ៖បន្ទាប់ពីគណបក្សនយោបាយទាំង២០ បានចាប់លេខរៀងសម្គាល់រួចហើយនោះ នីតិវិធីបន្ទាប់គឺការបោះពុម្ពសន្លឹកឆ្នោតសម្រាប់បម្រើដល់ការបោះឆ្នោត។នេះបើតាមឱ្យដឹងពី លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងក្រោយបញ្ចប់កម្មវិធីចាប់ឆ្នោតកំណត់លំដាប់រៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨។
តាមការលើកឡើងរបស់លោក ឌឹម សុវណ្ណារុំ ដដែល សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភដើម្បីបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមានចំនួន ១០,៥២៥,៦៥០ សន្លឹក។ ក្នុងនោះមានសន្លឹកឆ្នោតគំរូ ៣សែន ២ម៉ឺន ៩ពាន់ ២រយសន្លឹក។
ច៎ាសូមស្ដាប់ប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ដូចតទៅ!
លោក ឌឹម សុវណ្ណារុំ ៖ «ហេតុអីអ្នកបោះឆ្នោតមានចំនួន តែ ៨លាន ៣សែននាក់ជាងទេ ហេតុអីបានយើងត្រូវការបោះពុម្ពសន្លឹកឆ្នោតច្រើន គឺការបោះពុម្ពសន្លឹកឆ្នោតនេះ មានន័យថា គឺយើងត្រូវការប្រើប្រាស់សម្រាប់បណ្ដុះបណ្ដាលមន្រ្ដីបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត។ លើសពីនេះទៀត នៅក្នុងការរិយាល័យបោះឆ្នោតនីមួយៗគឺមានសម្លឹកឆ្នោតបម្រុងសម្រាប់បម្រើអោយការបោះឆ្នោតមានគ្រប់គ្រាន់»។
តាមការបញ្ជាក់របស់ លោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោត ១សន្លឹក តម្លៃ ៩រយរៀល។ ដូចនេះសន្លឹកឆ្នោត១០,៥២៥,៦៥០ សន្លឹក ចំណាយថវិការសរុប ៩,៤៧៣,០៨៥,០០០ រៀល ស្មើនឹងជាង ២លាន ៣សែន ដុល្លារអាមេរិក៕