ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសម្រេចបញ្ជូនថៅកែហាងលក់សម្លៀកបំពាក់ធ្វើទារុណកម្មលើក្មេងស្រីអាយុ១៦ ឆ្នាំជាកូនឈ្នួលទៅតុលាការក្រោមបទចោទករណីអំពើហិង្សាដោយចេតនា។ ករណីនេះសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសការប្រើអំពើហិង្សានេះដោយទាមទារឲ្យតុលាការដាក់ទោសធ្ងន់ធ្ងរ។
នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសម្រេចបញ្ជូនសំណុំរៀងថៅកែហាងលក់សម្លៀកបំពាក់ធ្វើទារុណកម្មលើកូនឈ្នួលជាជំនួយការមេផ្ទះទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ ម៉េង រ័ត្នពិសី អាយុ ៣៣ ឆ្នាំ ជាម្ចាស់ហាងលក់សម្លៀកបំពាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជា សុវណ្ណ អធិការរងនគរបាលខណ្ឌ ពន្យល់ថា ជនសង្ស័យឈ្មោះ រ័ត្នពិសី បានប្រើអំពើហិង្សាលើក្មេងស្រីជាកូនឈ្នួលតាំងពីមានអាយុ ១២ ឆ្នាំ ពោលគឺ រយៈពេល ៤ ឆ្នាំមកគិតមកដល់ពេលនេះ។
លោក ជា សុវណ្ណ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាលើក្មេងស្រីអនីតិជន។
លោក ជា សុវណ្ណ៖ «ហិង្សាដោយចេតនាវាយទៅលើក្មេងអនីតិជន។យកគ្នាបម្រើតាំងពីអាយុ ១២ ឆ្នាំ វាយធ្វើបាបគ្នារហូងអញ្ចឹង។ប្រើអំណាចអាងជាថៅកែ ប្រើគ្នាទៅ ជួនកាលគ្នាធ្វើការងារហត់ពេក អាចអស់កម្លាំង គ្នាធ្វើមិនទាន់សភាពការវាយគ្នាដែរ។»
ក្មេងស្រីអាយុ ១៦ ឆ្នាំ ជាជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅ ស្រីពៅ មានស្រុកកំណើតភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចាប់ផ្តើមធ្វើជាអ្នកបម្រើនៅផ្ទះជនសង្ស័យរ័ត្នពិសីចាប់តាំងពីមានអាយុ ១២ ឆ្នាំ។ ចាប់ពីពេលនោះហើយ ក្មេងស្រីរងគ្រោះត្រូវបានរងការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។
ក្មេងស្រីរងគ្រោះ អះអាងថា ថៅកែស្រីបានយកដែកវាយកដំជាំពេញរាងកាយស្ទើររាល់ថ្ងៃក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ ស្រីនូថា ពេលខ្លះម្ចាស់ផ្ទះរូបនេះ បានយកម្ជុលដេរខោអាវចាក់ពោះ និងភ្លៅនាងថែមទៀតផង។
ជុំវិញករណីនេះ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ដែលជាបណ្តាញការពារសិទ្ធិការងារអ្នកធ្វើការតាមផ្ទះបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះម្ចាស់ផ្ទះប្រើអំពើហិង្សាលើក្មេងស្រីជាការរំលោភសិទ្ធិរបស់កុមារយ៉ាងធ្ងន់ធ្ងរ។
សមាគមនេះអំពាវនាវឲ្យតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យតឹងរឹងបំផុត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់កុមាររងគ្រោះនិងក្រុមគ្រួសារ និងដើម្បីជាគំរូសម្រាប់ម្ចាស់មួយចំនួនទៀតកុំឲ្យយកគំរូតាមករណីនេះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ ពន្យល់ថា ករណីប្រើអំពើហិង្សាជាប្រចាំអាចប្រឈមមុខនឹងបទចោទអំពើធ្វើទារុណកម្មលើក្មេងស្រីអនីតិជន។
លោក អំ សំអាត៖ «បើសិនជាគេរងឃើញថា វាយជាប្រចាំ មិនមែនជាទើបនឹងវាយ បានន័យថាជាប្រចាំជាប់លាប់បន្តបន្ទាប់មកអាហ្នឹងវាចូលករណីទារុណកម្ម គាត់នឹងទទួលទោសអំពីបទទារុណកម្ម។»
យោងតាមក្រមព្រហ្មទណ្ឌត្រង់មាត្រា ២១៧ ចែងថា អំពើហិង្សាដោយចេតនាលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល ទៅ ៦ លានរៀល។
បើតាម មាត្រា ២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើទារុណកម្ម ឬអំពើឃោឃៅដែលប្រព្រឹត្តិទៅលើបុគ្គលណាមួយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ។ ចំណែងស្ថានទម្ងន់ទោសនៃអំពើទារុណកម្ម ត្រង់មាត្រា ២១១ ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ បើប្រព្រឹត្តិទៅលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ៕