en     km
en     km

មន្ដ្រី​ក្រសួង​ការងារ​ ៖​ ករណី​កម្មករ​ជិត​ ១២០​នាក់​សន្លប់​នៅ​រោងចក្រ​ Starite​ គឺ​បណ្ដាល​មក​ពី​សិប្បកម្ម​ផ្សា​ដែក​

Share

​ភ្នំពេញ​ ៖​ ករណី​កម្មករ​ កម្មការិនី​ ប្រមាណ​ជិត​ ១២០​នាក់​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ត្រូវ​បាន​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ អះអាង​ថា​ គឺ​បណ្ដាល​មក​ពី​ក្លិន​ថ្នាំ​ របស់​សិប្បកម្ម​ផ្សា​ដែក​ដែល​នៅ​ក្បែរ​។​ មន្ដ្រី​ក្រសួង​ការងារ​បញ្ជាក់​ថា​ ក្រសួង​បាន​ចុះ​ទៅ​ណែនាំ​សិប្បកម្ម​នោះ​រួច​ហើយ​ ក៏​ប៉ុន្ដែ​បើ​នៅ​តែ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ក្រសួង​នឹង​ធ្វើការ​ផាកពិន័យ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

 

​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ មាន​កម្មករ​សរុប​ ១១៧​នាក់​ ដែល​ធ្វើ​ការងារ​នៅ​រោងចក្រ​ ស្ដា​រិច​ (Starite​ Cambodia​ Co,ltd)​ ស្ថិត​ក្នុងភូមិ​ ត្រ​យឹ​ង​ ឃុំ​ ពើក​ ស្រុក​ អង្គស្នួល​ ខេត្ដកណ្ដាល​ បាន​ដួល​សន្លប់​ បន្ទាប់​ពី​ពួក​គេ​ធុំក្លិន​ថ្នាំ​ ជះ​តាម​ខ្យល់​ពី​រោង​សិប្បកម្ម​ផ្សា​ដែក​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ​។​ កម្មករ​ទាំង​ ១១៧​នាក់​នេះ​ មាន​បុរស​ចំនួន​ ០៥​នាក់​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ត​ ប្រធាន​ក្រុមការងារ​ ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​នេះ​ ថា​ គិត​មក​ដល់​ថ្ងៃនេះ​កម្មករ​ កម្មការិនី​ទាំងអស់​ បាន​ចូល​ធ្វើការ​វិញ​ធម្មតា​ហើយ​ បន្ទាប់​ពី​ពួក​គេ​ពុល​ក្លិន​ថ្នាំ​ បាញ់​ច្រែះ​ របស់​រោង​សិប្បកម្ម​ផ្សា​ដែក​មួយ​កន្លែង​ ដែល​នៅ​ក្បែរ​រោងចក្រ​របស់​ពួក​គេ​។​

​បន្ទាប់​ពី​ក្រុមការងារ​ ទប់ស្កាត់​ករណី​ដួល​សន្លប់​ រក​ឃើញ​ពី​មូលហេតុ​ ក្រសួង​ការងារ​បាន​ចុះ​ទៅ​ដល់​រោង​សិប្បកម្ម​នោះ​ ដោយ​ណែនាំ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ បញ្ឈប់​ការ​បាញ់ថ្នាំ​ នៅ​ទីវាល​ដូច្នេះ​បន្ដ​ទៀត​។​ មន្ដ្រី​របស់​ក្រសួង​ការងារ​បញ្ជាក់​ថា​ ប្រសិនបើ​ក្រោយ​ពី​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ការងារ​ហើយ​ សិប្បកម្ម​នោះ​ នៅ​តែ​មានការ​ធ្វេសប្រហែស​បន្ដ​ទៀត​ នោះ​ក្រសួង​ការងារ​ នឹង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ការងារ​ដែល​មាន​ចែង​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ត​ ៖«​វិធានការ​យើង​ប្រាប់​គាត់​ហើយ​ ហ្នឹង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​គាត់​។​ វិធានការ​យើង​ប្រាប់​គាត់​ ឲ្យ​គាត់​ឈប់​បាញ់​កន្លែង​ហ្នឹង​ ហើយ​រក​តំបន់​កន្លែង​ណា​ ដែល​អាច​ធ្វើ​យ៉ាងម៉េច​មានការ​បឺត​ខ្យល់​ឡើង​ទៅ​លើ​ទៅ​។​ កុំ​ឲ្យ​ក្លិន​ហ្នឹង​វា​ជះ​ទៅ​លើ​រោងចក្រ​គេ​ជិតខាង​ទៀត​ ហ្នឹង​យើង​ព្រមាន​គាត់​លើក​ទី​១​ លើក​ទី​២​ បើ​គាត់​មិន​ព្រម​ទេ​ ក្រុម​អធិការកិច្ច​យើង​នឹង​ចុះ​ទៅ​ធ្វើការ​ផាកពិន័យ​គាត់​តាម​គោលការណ៍​ច្បាប់​ស្ដី​ពី​ការងារ​»​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ត​ មាន​ប្រសាសន៍​បន្ដ​ទៀត​ថា​ ក្រសួង​ការងារ​បាន​ខិតខំ​រៀបចំ​ច្បាប់​ ចេញ​ជា​សេចក្ដី​ប្រកាស​ ក៏​ដូ​ជា​សារាចរ​ណែនាំ​ ដើម្បី​ជូនដំណឹង​ទៅ​ដល់​ក្រុម​និយោជក​ អង្គការ​សហជីព​ និង​គ្រូពេទ្យ​ បំណង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ករណី​ដួល​សន្លប់​នេះ​ឲ្យ​បាន​។​ ក្រៅពី​តែ​ពី​ការ​ចេញ​សេចក្ដីណែនាំ​ហើយ​ ក្រសួង​ការងារ​ក៏​បាន​ចុះ​ទៅ​ដោយ​ផ្ទាល់​ដល់​រោងចក្រ​ផង​ដែរ​ ដើម្បី​អប់រំ​អំពី​បញ្ហា​ដួល​សន្លប់​ និង​អត្ថប្រយោជន៍​នានា​ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​កម្មករ​។​

​ប្រធាន​ក្រុមការងារ​ ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ បន្ដ​ទៀត​ថា​ ក្រសួង​ការងារ​ រំពឹង​ថា​ ការ​ខិតខំ​របស់​ក្រសួង​ការងារ​នា​ពេល​នេះ​ នឹង​អាច​លុប​បំបាត់​ករណី​ដួល​សន្លប់​នេះ​បាន​ ទៅ​ថ្ងៃ​អនាគត​។​ យ៉ាងណា​មន្ដ្រី​រូប​នេះ​ ក៏​សង្កត់ធ្ងន់​ផង​ដែរ​ ថា​ ប្រសិនបើ​មាន​ សហគ្រាស​ គ្រឹះស្ថាន​ ណា​ មិន​គោរព​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ ក្រុម​ថៅកែ​ និយោជក​ ជា​ម្ចាស់​រោងចក្រ​ទាំងនោះ​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

Share

ព័ត៌មានទាក់ទង

Image