ភ្នំពេញ៖ ក្រសួងសុខាភិបាលឲ្យដឹងថាប្រជាពលរដ្ឋមិនចេះជក់បារីប្រមាណ ៦០ ភាគរយបានស្រូបផ្សែងបារីពីអ្នកជក់នៅទីសាធារណៈ ហើយការចំណាយលុយទិញបារីជាង២០០ លានដុល្លារ និងចំណាយប្រាក់ជាង ១៦០ លានដុល្លារសម្រាប់ព្យាបាលជំងឺ។
នៅឆ្នាំនេះ ក្រសួងសុខាភិបាលបានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» ដែលទិវានេះប្រារព្ធឡើងនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៨។ប៉ុន្តែទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ក្រសួងសុខាភិបាលប្រារព្ធធ្វើមុនមួយសប្តាហ៍ពោលគឺនៅថ្ងៃទី ២៤ ខែ ឧសភានេះ។
ក្រសួងបញ្ជាក់ថា គោលបំណងបារព្ធទីវានេះ ព្រោះដើម្បីដាស់តឿនសាធារណៈជនអំពីគ្រោះថ្នាក់ដោយសារជក់បារីនាំឲ្យកើតជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលដែលជាមូលហេតុនាំមុខគេបណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេ។
លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកជក់បារី ឬ អ្នកប្រើប្រាស់ថ្នាំជក់ រាប់លាននាក់ ពុំបានដឹងថា ថ្នាំជក់បង្កឲ្យមានជំងឺបេះដូង ហើយជំងឺសរសៃឈាមបេះដូងនោះទេ។ លោកថា មនុស្សស្លាប់ដោយសារជំងឺបង្កដោយសារជក់បារីច្រើនជាងមូលហេតុដទៃទៀតនៅលើសកលលោក។
លើសពីនេះ លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល អះអាងថា ការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងពីផលិតផលថ្នាំជក់ប្រមាណ ១២ ភាគរយស្លាប់ដោយសារជំងឺបេះដូង ព្រោះអ្នកជក់ និងអ្នកស្រូបផ្សែងពីគេមានជំងឺសម្ពាធឈាមខ្ពស់។
ក្រសួងសុខាភិបាលពន្យល់ថា ប្រហែលមនុស្ស ១ ម្នាក់ក្នុងចំណោម ៤ នាក់ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចកំពុងប្រឈមមុខនឹងជំងឺសរសៃឈាមបេះបូង ហើយអ្នកស្រូបផ្សែងផលិតផលថ្នាំជក់ប្រឈមនឹងហានិភ័យកើនឡើងនៃជំងឺបេះដូង និងដាច់សរសៃ ឈាមខួក្បាលនាំឲ្យមនុស្សស្លាប់ជាង ១៦ ម៉ឺននាក់ជារៀងរាលឆ្នាំ។
សម្រាប់ប្រទេសកម្ពុជាអ្នកជក់បារីប្រមាណ ១,៦៨ លាននាក់ ដោយចំណាយលុយទិញបារីប្រមាណ ២០១. ៥ លានដុល្លារ ហើយត្រូវចំណាយលុយព្យាបាលជំងឺបង្កឡើងដោយបារី និងការបាត់បង់កម្លាំងពលកម្មនៅពេលមានជំងឺ ១៦២. ៧ លានដុល្លារក្នុងមួយឆ្នាំ។
លើសពីនេះទៀត អ្នកមិនចេះជក់បារីប្រមាណ ៦០ ភាគរយ រងការស្រូបផ្សែងបារីពីអ្នកជក់នៅតាមទីសាធារណៈ។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជាធ្លាក់ចុះ។ក្រសួងថា ការអង្កេតស្រាវជ្រាវនៅទូទាំងប្រទេសរៀងរាល់ ៥ ឆ្នាំម្តង់ ស្តីពីការប្រើប្រាស់ថ្នាំជក់រកឃើញថា ក្នុងចំណោមមនុស្សពេញវ័យប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំជក់ចាប់ពីអាយុ ១៨ ឡើងទៅមានការថយចុះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ពោលគឺ ធ្លាក់ចុះជាង ១៣ ភាគរយ ដែលថយចុះពីជាង ៤៨ ភាគរយ មកត្រឹមជាង ៣៥ ភាគរយ ចំពោះបុរស ហើយចំពោះស្រី្តវិញ ថយចុះ ៨.៩៣ ភាគរយគឺ ថយចុះជាង ២០ ភាគរយ មកត្រឹម ជាង ១១ ភាគរយ។
ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ រាជរដ្ឋាភិបាលសម្រេចហាមឃាត់ទាំងស្រុងចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងហាមការឧបត្តមកម្មវិធីដោយឧស្សាហករថ្នាំជក់ ហើយសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព ៥៥ ភាគរយ នៅលើកញ្ចប់បារី។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចេញបម្រាមហាមជក់បារីនៅកន្លែងធ្វើការ និងទីសាធារណៈ។ លើសពីនេះក្រសួងសុខាភិបាលគ្រោងនឹងមានវិធានការផាកពិន័យអ្នកជក់បារីតាមទីសាធារណៈ និងតាមភោជនីដ្ឋាន៕