ភ្នំពេញ ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា បានបញ្ជាក់ថា ភ្លៀងនឹងនៅតែបន្ដធ្លាក់ ពីថ្ងៃទី២៩ ខែឧសភា រហូត ដល់ថ្ងៃទី០៨ ខែមិថុនា ដែលនឹងបង្កឲ្យរាជធានី ខេត្ដមួយចំនួនមានទឹកជន។
យោងតាមការព្យាករណ៍ ខណៈនេះប្រទេសកម្ពុជា កំពុងរងកម្រិតសម្ពាធទាប ហើយអាចនឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) កើតឡើងអូសកាត់ប្រទេសកម្ពុជា ពីភាគពាយ័ព្យទៅភាគ អាគ្នេយ៍ នៃប្រទេស ដែលនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ ពិសេសតំបន់ជាប់ព្រំដែន កម្ពុជា-វៀតណាម។
ទឹកភ្លៀង នឹងនាំមកនូវបាតុភូតផ្គរ រន្ទះ លាយឡំ និងខ្យល់កន្រ្ដាក់ ដែលមានឥទ្ធិពលខ្លាំង ទាំងនៅក្នុងសប្ដាហ៍ចុងខែឧសភានេះ និងដើមសប្ដាហ៍ នៃខែមិថុនា។ យ៉ាងណាក្រសួងធនធានទឹក ក៏បានអំពាវនាវផងដែរ សុំឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានឡើងជា យថាហេតុ៕