en     km
en     km

​អាជ្ញាធរ​ឃាត់ខ្លួន​ថៅកែ​ម្នាក់​ករណី​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ម្នាក់​ជា​កូនឈ្នួល​របស់​ខ្លួន​

Share

ភ្នំពេញ​៖​ អាជ្ញារ​មាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម្រេច​ឃាត់ខ្លួន​ថៅកែ​ស្រី​ម្នាក់​ករណី​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​អនីតិជន​ ដែល​តាម​ច្បាប់​ ជន​ប្រព្រឹត្ត​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​។​

   ក្មេងស្រីរងគ្រោះអាយុ ១៦ ឆ្នំា ត្រូវបានអាជ្ញធរ និងក្រុមការងារវិទ្យុABC ជួយសង្រ្គោះ។ រូបភាព៖ facebook វិទ្យុ ABC

​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ សម្រេច​ឃាត់​ខ្លូ​ន​ថៅកែ​ស្រី​ម្នាក់​ករណី​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ម្នាក់​អាយុ​ ១៦​ ឆ្នាំ​ អស់​រយៈពេល​ ៤​ ឆ្នាំ​។​ អាជ្ញាធរ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ថ្ងៃអាទិត្យ​ ទី​ ២៧​ ខែ​ ឧសភា​ ម្សិលមិញ​។​

​ថៅកែ​ស្រី​ជា​ជនសង្ស័យ​ឈ្មោះ​ ម៉េ​ង​ រ័​ត្ន​ពិសី​ ហៅ​ ភា​ អាយុ​ ៣៣​ ឆ្នាំ​ ជា​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​នៅ​ក្បែរ​ផ្សារ​បុរី​សន្តិភាព​២​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​ ជា​ សុវណ្ណ​ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជនសង្ស័យ​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​រាង​កាយ​កូនឈ្នួល​ជា​ជំនួយការ​មេផ្ទះ​យ៉ាង​ពិតប្រាកដ​មែន​ ព្រោះ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​លើ​រាង​កាយ​។​ លោក​ ជា​ សុវណ្ណ​ បញ្ជាក់​ថា​ អាជ្ញាធរ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​ ជា​ សុវណ្ណ​៖ «​ឃើញ​មាន​ស្នាក​ស្នាម​ទៅ​លើ​ក្មេង​វៃក្មេង​ ជាំភ្នែក​ជាំខ្លួន​អាហ្នឹង​ជា​អំពើ​ហិង្សា​លើ​កុមារ​។​អំពាវនាវ​ថ្ងៃក្រោយ​កុំ​យក​ក្មេង​មិន​ទាន់​គ្រប់​អាយុ​មក​ធ្វើការ​ វាយ​គេ​វាយ​ឯង​ មុន​នឹង​យក​មក​គ្នា​មក​ យក​មក​ជួយ​ក្នុង​នាម​ជា​មនុស្សធម៌​ ហើយ​កុំ​យក​គ្នា​មក​ធ្វើបាប​និង​ជិះជាន់​កម្លាំង​ពលកម្ម​។​»

​ក្មេង​ស្រី​អាយុ​ ១៦​ឆ្នាំ​ ជា​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ ស្រី​នូ​ ហៅ​ ស្រី​ពៅ​ មានស្រុក​កំណើត​ភូមិ​ ទំនប់​ថ្មី​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ត្រូវ​បាន​ម្តាយ​បញ្ជូន​មក​ឲ្យ​រស់​ភ្នំពេញ​ដោយ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​កាលពី​៤​ឆ្នាំ​មុន​។​

​ក្មេង​ស្រី​ជន​រង​គ្រោះ​បញ្ជាក់​តាម​រយៈ​វី​អេ​អូ​ឡាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ថៅកែ​ស្រី​ ឈ្មោះ​ ម៉េ​ង​ រ័​ត្ន​ពិសី​ បាន​យក​ដែក​វាយ​ដៃជើង​ ដងខ្លួន​ និង​ក្បាល​រហូត​ដល់​បែកក្បាល​ហូរ​ឈាម​ ហើយ​ពេល​ខ្លះ​យក​ម្ជុលដេរ​ខោអាវ​ចាក់​នាង​ថែម​ទៀត​ផង​។​

​ក្មេង​ស្រី​ ជា​ ស្រី​នូ​៖​ «​គេ​យក​ដែក​មក​វៃ​ដែក​ផ្សា​ធ្វើ​ធ្នើ​ព្យួរ​ខោអាវ​ វាយ​ខ្លួន​ ហើយ​វាយ​ជើង​ ដៃ​ ភ្លៅ​ ជាំ​សាច់​ពេញ​ខ្លួ​នៃ​អស់ហើយ​ ពេល​គេ​យក​ដែក​មក​វាយ​ក្បាល​បែក​ពីរ​កន្លែង​។​គេ​វាយ​រាល់ថ្ងៃ​ ពេល​ខ្ញុំ​សុំ​គេ​ទៅ​វិញ​ គេ​ថា​ទាល់​ខ្ញុំ​យក​លុយ​ទៅ​ឲ្យ​គេ​បាន​គេ​ឲ្យ​ខ្ញុំ​ទៅ​វិញ​ ហើយ​គេ​គំរាម​ខ្ញុំ​ថា​ គេ​វៃ​ខ្ញុំ​ទាល់​ស្លាប់​បាន​គេ​ឲ្យ​ទៅ​វិញ​។​»

​ស្រី​ នូ​ បញ្ជាក់​ថា​ នាង​ចង់ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​វិញ​ ព្រោះ​មិន​អ​ច​​ទ្រាំ​ការ​ធ្វើ​ទា​រុន​កម្មនេះ​បាន​។​ ប៉ុន្តែ​ថៅកែ​ស្ត្រី​ព្រមាន​ថា​ បើ​ចង់ទៅ​ផ្ទះ​វិញ​ទាល់តែ​យក​លុយ​មក​សង​ជា​មុន​សិន​ព្រោះ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ជំពាក់​គេ​។​

​លោក​ អំ​ សំអាត​ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ សង្កេត​ឃើញ​ថា​ ករណី​ម្ចាស់ផ្ទះ​ប្រើ​អំពើ​ហិង្សា​លើ​កូនឈ្នួល​កើត​ឡើងជា​ញឹកញាប់​ដោយសារ​ថៅកែ​មួយ​ចំនូ​ន​ចាត់​ទុក្ខ​អ្នកបម្រើ​ការងារ​ជំនួយការ​មេផ្ទះ​ទាសករ​ដាច់​ថ្លៃ​ ហើយ​ករណី​ខ្លះ​ជន​រង​គ្រោះ​រង​ការ​គំរាមកំហែង​បើសិន​រាយការណ៍​ទៅ​សមត្ថកិច្ច​ករណី​វាយដំ​។​

​លោក​ អំ​ សំអាត​៖ «​ម្ចាស់ផ្ទះ​ ឬ​ថៅកែ​គាត់​អាង​នូវ​អំណាច​ ឬ​អាង​ខ្លួន​ជា​អ្នកមាន​ មាន​សិទ្ធិ​លើ​អ្នកបម្រើ​ ហើយ​គាត់​ចាត់​ទុក​អ្នក​ដែល​ធ្វើការ​នៅផ្ទះ​គាត់​ដូច​ខ្ញុំបម្រើ​ដាច់​ថ្លៃ​ណាស់​ ហើយ​អ​ញ្ជឹ​ង​គាត់​ប្រើប្រាស់​សិទ្ធិ​រំលោភ​ទៅ​លើ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ ហើយ​មួយទៀត​ដោយសារ​កន្លង​ខាង​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​មិន​ហ៊ាន​ប្តឹង​មិន​ហ៊ាន​ផ្តល់​ដោយ​ការ​គំរាមកំហែង​ បំភិតបំភ័យ​ផ្សេងៗ​។​»

​តែ​ជាមួយ​គ្នា​នេះ​ លោក​ ជា​ សុវណ្ណ​ អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ត្រូវ​គោរព​ស្រលាញ់​កូនឈ្នួល​ឲ្យ​ដូច​សាច ញាត្តិ​ខ្លួន​ ហើយ​គ​ម្បី​កុំ​ប្រើ​អំពើ​ហិង្សា​ដែល​ជា​អំពើ​ខុសច្បាប់​។​ដូច​គ្នា​នេះ​ដែរ​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការ​លីកាដូ អំពាវនាវ​ដល់​ឪពុក​ម្តាយ​គួរ​គិត​ពី​អនាគត​កូន​ជា​ជាង​យក​កូន​ឲ្យ​រស់នៅ​បម្រើ​គេ​ដោយ​តែ​ប្រាក់​៕

Share

ព័ត៌មានទាក់ទង

Image