ក្រុមអ្នកការទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងព្រុចហ្សែល បានអោយដឹងថា ទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ ១១រូប នៃរដ្ឋាភិបាលរបស់ប្រធានា ធិបតីនៃប្រទេសវេណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្ថិតក្នុងបញ្ជីខ្មៅនៃការបង្កក។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រកាសដាក់ទណ្ឌកម្មនេះ គឺជាដំណាក់ដំបូងដែលជាការឆ្លើយតបនឹងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភា ដោយសហអន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតព្រោះមិនបានឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន ខណៈដែលក្រុមប្រឆាំងមិនមានលទ្ធភាព ចូលរួមការបោះឆ្នោតនេះ។
ប្រភពរបស់អ្នកការទូត បានអោយដឹងថាទៀតថា ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងចេញសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយ ការដាក់ទណ្ឌកម្មនេះ នឹងចូលជាធរមានចាប់ពីខែមិថុនា ឆ្នាំ២០១៨នេះ។ យ៉ាងនេះក្ដីសហភាពអឺរ៉ុបបាន ទទូចអោយលោកម៉ាឌូរ៉ូធ្វើការបោះឆ្នោតឡើងវិញ ហើយមេបក្សប្រឆាំងធំៗទាំងអស់ដែលនិរទេសខ្លួនត្រូវបានផ្ដល់ឱកាសដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។
ក្រោយការបោះឆ្នោតភ្លាម លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបានអនុម័តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រទេសវេណេហ្សួអេឡា ចំនួន ២០ក្រុមហ៊ុនហើយបីក្រុមហ៊ុនទៀត ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ដោយសារពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន។
អ្នកសង្កេតការណ៍ព្រមានថា សេដ្ឋកិច្ច របស់ប្រទេសវេនណេហ្សូអេឡានឹងក្រឡាប់ ឆាប់ៗនេះហើយ បើការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិកាន់តែរីករាលដាលនិងធ្ងន់ធ្ងរ ។ អ្នកជំនាញថា បើពលរដ្ឋប្រទេសនេះ បន្តចាកចេញពីប្រទេសដោយសារហេតុផលនយោបាយនិងសេដ្ឋកិច្ច នឹងធ្វើអោយរបបរបស់លោកម៉ាឌូរ៉ូគ្រោះថ្នាក់៕