en     km
en     km

លោកសមរង្ស៊ី ស្នើសុំព្រះមហាក្សត្រកុំធ្វើតាមបក្សកាន់អំណាចជំរុញពលរដ្ឋទៅបោះឆ្នោត

Share

អតីតប្រធានគណបក្សសង្រ្គោះជាតិនិងជាប្រធានចលនាសង្រ្គោះជាតិដែលមានមូលដ្ឋាននៅក្រៅប្រទេស បានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ​ដោយស្នើសុំព្រះអង្គ កុំធ្វើតាម គណបក្សប្រជាជនកម្ពុជា ស្នើព្រះអង្គ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ។តែអ្នកនាំពាក្យបក្សកាន់អំណាចបានចោទ លោកសមរង្ស៊ីថា កំពុងធ្វើអោយបែកបាក់ក្នុងសង្គមខ្មែរ ។សម្រាប់អ្នកវិភាគយល់ថាព្រះមហាក្សត្រអាចមានជម្រើសពីរ។

លោកសេរីវឌ្ឍនៈ ជូនសេចក្ដីលំអិត ៖ 

សារលិខិតរបស់លោកសមរង្ស៊ី ធ្វើឡើងនៅថ្ងៃទី២៣ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង ទីដែលលោកកំពុងរស់នៅជាអ្នកនិរទេសខ្លួន នៅទីនោះ ។ លិខិតរបស់លោកដែលថ្វាយព្រះមហាក្សត្រហើយត្រូវបានមើលឃើញលើហ្វេសប៊ុករបស់លោក មានខ្លឹមសារដូចនេះថា៖ ព្រះករុណា ជាទីសក្ការៈទូលព្រះបង្គំ សូមព្រះរាជានុញ្ញាតិ សរសេរលិខិតនេះ ថ្វាយព្រះអង្គ ដើម្បីសូមស្នើព្រះអង្គ កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ។

លិខិតរបស់លោកសមរង្ស៊ី រំលឹកព្រះអង្គដោយលើកឡើងអំពី សេចក្ដីថ្លែងការណ៍របស់អ្នក

រាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រីបណ្ឌិត រ៉ូណាស្មីត (Rhona Smith) ដែលហៅការបោះឆ្នោតនៅកម្ពុជាថា៖”ការបោះឆ្នោតណាមួយ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺមិនមែនជាការបោះឆ្នោតពិតប្រាកដទេ។

លោកសមរង្ស៊ីសរសេរថា៖«ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ ប្រកបដោយភាពចម្រូងចម្រាស់ និងភាពគ្រោះថ្នាក់ ហើយវាក៏កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំ គួរឲ្យបារម្ភ។ ក្នុងកាលៈទេសៈបែបនេះ ព្រះមហាក្សត្រ មានតួនាទីប្រមូលផ្តុំ និងបង្រួបបង្រួមកូនចៅព្រះអង្គឡើងវិញ ដោយឈរលើគុណតម្លៃ និងគោលការណ៍ប្រកបដោយគតិយុត្តិ ដែលកូនចៅព្រះអង្គទាំងអស់គោរព ស្រឡាញ់ និង ចង់បាន»។

អតីតប្រធានគណបក្សប្រឆាំង បន្តថា ៖«ព្រះអង្គច្បាស់ជាចងចាំថា ព្រះករុណាព្រះវររាជបិតា តែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូល ជុំវិញព្រះអង្គ។

លោក សម រង្ស៊ី និយាយក្នុងឃ្លីវិដេអូកាលពីថ្ងៃទី​​​ ០៤​ឧសភា ឆ្នាំ២០១៨។

ក្នុងន័យនេះ លោកសមរង្ស៊ីបាន ទូលថ្វាយថាព្រះមហាក្សត្រ ដែលជាទីគោរពរបស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួមដាក់សម្ពាធបែបនេះ មកលើប្រជាពលរដ្ឋទេ។ សម្ពាធបែបនេះ កំពុងតែទទួលការផ្តន្ទាទោសពីប្រជាពលរដ្ឋមួយចំនួនធំ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយតាំងចិត្តធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨។

វិទ្យុស្ត្រីមិនអាចសុំការសាកសួរពីមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងបានទេនៅថ្ងៃនេះ ថាតើបានទទួលលិខិតពីលោកសមរង្ស៊ីហើយឬនៅ។ តែអ្នកនាំពាក្យ បក្សកាន់អំណាច ចាត់ទុកសារលិខិតរបស់លោកសមរង្ស៊ី គឺប្រៀបបានជាការញុះញុងអោយមានការបែកបាក់ជាតិ ជាពិសេសរវាង ព្រះបរមរាជវាំងនិងរាជរដ្ឋាភិបាល។លោកហៅលោកសមរង្ស៊ីជាអ្នកនយោបាយភ្លីភ្លើ។

សំឡេង លោក សុខ ឥសាន្ត៖ 

លោកសមរង្ស៊ីបានលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ មុនប៉ុន្មានថ្ងៃប៉ុណ្ណោះ​ ដែលសមាជិកសភា​បានអនុម័តច្បាប់ រំលាយគណបក្ស ដែលមេដឹកនាំមានទោស។ តែឥឡូវនេះ លោកជាប្រធានចលនាសង្រ្គោះជាតិ ដែលមានមូលដ្ឋាននៅក្រៅប្រទេស។ លោកហង្សពីទូ អ្នកវិភាគវ័យក្មេង យល់ឃើញថា លិខិតរបស់លោកសមរង្ស៊ី អាចធ្វើអោយព្រះមហាក្សត្រ​ចាប់អារម្មណ៍ដែរ។ តែលោកថា ព្រះករុណា មានសិទ្ធិឆ្លើយតប ឬមិនឆ្លើយតបព្រោះព្រះអង្គគង់នៅចំណុចកណ្ដាលនៃអ្នកនយោបាយកម្ពុជា។

សំឡេង លោក ហង្ស វិទូ ៖  

ការបោះឆ្នោតនៅចុងខែកក្ដដាឆ្នាំ២០១៨នេះ  មានគណបក្សនយោបាយ ចូលរួម ២០ បក្ស​ក្នុងនោះ​គណបក្ស ប្រជាជនកម្ពុជា តែមួយគត់ដែលអ្នកសង្កេតការណ៍មើលឃើញថា នឹងដណ្ដើម​អាសនៈបានច្រើនលើលលុប។ តែការបោះឆ្នោតនេះ គ្មានវត្តមានគណបក្សសង្រ្គោះជាតិនោះទេ។ សហគមន៍អន្តរជាតិ មានអាមេរិក សហភាពអឺរ៉ុប បានប្រកាសថានឹងមិនទទួលស្គាល់

រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះទេ។ តែបែបនេះក្ដី សម្ដេចហ៊ុនសែន ក្នុងឋានៈជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋកម្ពុជា ទាំងមូលនិងប្រទេសកម្ពុជា មិនមែនជាចំណាប់ខ្មាំងរបស់ក្រុមប្រឆាំងឬ បរទេសណាមួយឡើយ។ សម្ដេចថា មានសហគមន៍ទៀតច្រើនទៀត នឹងទទួលស្គាល់ការបោះឆ្នោតនេះ៕

Share

ព័ត៌មានទាក់ទង

Image