ភ្នំពេញ៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មនៅទីក្រុងញូយ៉កដើម្បី ស្នើសុំឲ្យជប៉ុនដកខ្លួននិងបញ្ឈប់ការផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ តែរឿងនេះ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគ្មានទម្ងន់លើប្រទេសជប៉ុននោះទេ ហើយផ្ទុយទៅវិញជប៉ុននៅតែគាំទ្រការបោះឆ្នោតនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានចេញផ្សាយជាសាធារណៈកាលពីម្សិលមិញ ឲ្យដឹងថា ក្រុមគាំទ្ររបស់គណបក្សនេះប្រកាសធ្វើមហាបាតុកម្មនៅមុខស្ថានបេសកម្មអចិន្ត្រៃយ៍ជប៉ុនប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃទី ១ ខែ មិថុនាខែក្រោយនេះ។
ការប្រកាសធ្វើបាតុកម្មនេះ ដើម្បីស្នើសុំឲ្យប្រទេសជប៉ុនដកខ្លួន និងបញ្ឈប់ការផ្តល់ជំនួយដល់ដំណើរការបោះឆ្នោត នឹងប្រព្រឹត្តិទៅចុងខែ កក្កដា ឆ្នាំ ២០១៨នេះ។
ជប៉ុនជាមហាអំណាចសេដ្ឋកិច្ចមួយនៅតំបន់អាស៊ី បានផ្តល់ជំនួយហិបឆ្នោតជាង ១ ម៉ឺន ៥ពាន់ ដោយមានតម្លៃប្រមាណ ៧ លានដុល្លារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈគ.ជ.បត្រូវការហិបឆ្នោតប្រមាណ ២ម៉ឺន ៤ ពាន់ ដើម្បីសមាត្រជាមួយនឹងមណ្ឌលបោះឆ្នោតនីតិកាលទី ៦ ក្នុងការបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០១៨នេះ។
ក្រៅពីជំនួយពីជប៉ុន កាលពីចុងឆ្នាំ ២០១៧ ប្រទេសចិនបានផ្តល់ជំនួយជាសម្ភារប្រមាណ ៣០ មុខដល់ គ.ជ.ប។ ជំនួយទាំងនោះរួមមាន រថយន្ត និងសម្ភារប្រើប្រាស់ក្នុងកិច្ចការបោះឆ្នោត។
ឆ្លើយតបនឹងគំរោងធ្វើបាតុកម្មនៅក្រៅប្រទេសរបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជឿថាការធ្វើបាតុកម្មរបស់ក្រុមគាំទ្រគណបក្សប្រឆាំង នៅក្រៅប្រទេសគ្មានទម្ងន់អ្វី ក្នុងការដាក់សម្ពាធឲ្យប្រទេសជប៉ុនធ្វើតាមការការទាមទារនោះទេ ហើយផ្ទុយទៅវិញជប៉ុននៅតែគាំទ្រការបោះឆ្នោតនៅកម្ពុជា។
លោក សុខ ឥសាន៖ «ជាឆ្លើយតបជាក់ស្តែងអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោកបានសម្តែងទី១ កោតសសើរអំពីការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹករបស់គណបក្សប្រជាជន។ទី២លោកគាំទ្រវិធានការផ្លូវច្បាប់ដើម្បីថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ហើយនឹងទី៣លោកគ្រាំដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខនៅកម្ពុជា។បង្ខំឲ្យជប៉ុនបោះបង់ចោល ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ខ្លួនទៅមិនរួចទេបាទ។»
តែបែបនេះក្តីជប៉ុនបន្តអំពាវនាវឲ្យកម្ពុជាធានាការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ហើយក៏អំពាវនាវកម្ពុជាត្រូវរៀបចំការបោះឆ្នោតគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន NHK កាលពីថ្ងៃទី ១២ ខែ ឧសភា ក្នុងជំនួបមួយជាមួយមន្ត្រីរដ្ឋាភិបាលជប៉ុន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពីសប្តាហ៍មុនអះអាថា ការរៀបចំការបោះឆ្នោតនឹងប្រព្រត្តិទៅជាធម្មតា បើទោះបីជា សហភាពអឺរ៉ុប និងអាមេរិកផ្អាកផ្តល់ជំនួយ ព្រោះរដ្ឋសភាជាតិអនុម័តថវិកាប្រមាណ ៥០ លានដុល្លារ សម្រាប់ចំណាយលើការបោះឆ្នោតអាណត្តិនេះ។
លោក ហង្ស ពុទ្ធា៖«គ.ជ.បមានស្ថេរភាពខាងថវិកាការដំណើរការបោះឆ្នោតរហូតដល់ចប់ជាស្ថាពរ។ គ.ជ.ប ចំណាយជាង ៥០ លានដុល្លារ។»
ការបោះឆ្នោតនៅអាណត្តិថ្មីនេះនឹងមានគណបក្សនយោបាយចំនួន ២០ ចូលរួម ខណៈអវត្តមានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយកាលពីចុងឆ្នាំ២០១៨។ ទាក់ទិនរឿងសហរដ្ឋអាមេរិកបង្ហាញការខកចិត្តចំពោះអវត្តមាន CNRP ក្នុងការបោះឆ្នោតនេះ។តែបែបនេះក្ដី សម្ដេច នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា អះអាងទោះជាបក្សប្រឆាំងមិនបានចូលរួមក៏ដោយ ក៏ពលរដ្ឋកម្ពុជាច្រើនលាននាក់នឹងចេញទៅបោះឆ្នោតហើយបោះឆ្នោតអោយ បក្សប្រជាជនច្រើនលើសលុប។ សម្ដេចថា នេះគឺជាឆន្ទៈរបស់ពលរដ្ឋតាម គោលការណ៍ប្រជាធិបតេយ្យនិងពហុបក្ស៕