ភ្នំពេញ ៖ ករណីប្រជាពលរដ្ឋពុលស្លាប់នៅខេត្ដក្រចេះ ចំនួន ១៤នាក់ និងពលរដ្ឋប្រមាណជិត ៣០០នាក់ធ្លាក់ខ្លួនឈឺ កាលពីដើមឧសភា កន្លងទៅ នៅថ្ងៃទី២៤ ខែឧសភា រដ្ឋមន្ដ្រីក្រសួងចំនួន ០៣ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ដោយអះអាងថា ករណីពលរដ្ឋពុលស្លាប់នេះ គឺបណ្ដាលមកពី ស្រា ស ដែលប្រជាពលរដ្ឋលក់ក្នុងខេត្ដនេះ បានលាយសាធារតុមេតាណុលកម្រិតខ្ពស់។
រដ្ឋមន្ដ្រីក្រសួងទាំងបីនេះរួមមាន លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ សេចក្ដីប្រកាសព័ត៌មានរួមនេះ បានសរសេរក្នុងន័យដើមថា ៖«ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្ដក្រចេះ បណ្ដាលមកពីស្រា ស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្ដាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត»។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ រដ្ឋមន្ដ្រីទាំងបីរូប បានបញ្ជាក់ថា ខ្លួននឹងនិងខិតខំសហការណ៍គ្នាបន្ដទៀត ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហា ដែលកើតឡើងជាយថាហេតុដូច្នេះ។
តែយ៉ាងណា មុនពេលឈានដល់ការសេចក្ដីប្រកាសរួមនេះ លោករដ្ឋមន្ដ្រីទាំងបីរូប បានបង្ហាញពីការរកឃើញ ពីមូលហេតុខុសៗគ្នា ដែលកាលនោះនៅថ្ងៃទី១៧ ខែមេសា លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម បានអះអាងថា ក្រុមមន្ដ្រីជំនាញរបស់លោកបានរកឃើញសារធាតុ «ស្យានីដ» ដែលត្រូវបានគេប្រើនៅក្នុងអាជីវកម្មអណ្ដូងរ៉ែមាសមួយកន្លែងនៅក្បែរតំបន់នោះ។ ក៏ប៉ុន្ដែលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានអះអាងខុសពីនេះ ដោយលោកបញ្ជាក់ថា ពាក់ព័ន្ធករណីពុលនៅខេត្ដ ក្រចេះ នោះ គឺក្រសួងបរិស្ថាន បានយកឈាមអ្នកស្លាប់យកទៅពិនិត្យនៅប្រទេសសិង្ហបុរី ប៉ុន្តែរកមិនឃើញសារធាតុ «ស្យានីដ» នៅក្នុងឈាមរបស់ពលរដ្ឋរងគ្រោះនោះទេ។ តែផ្ទុយទៅវិញ គេបានរកឃើញសារធាតុផ្សេងៗ ដូចអ្វីដែរក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមលទ្ធផលនៃការពិសោធន៍ទៅលើស្រា ស និងទឹកក្នុងតំបន់រងគ្រោះនោះ គឺស្រា ស មានសារធាតុ «មេតាណុល» រីឯទឹករកឃើញមានសារធាតុ «ក្រូម និងនីទ្រីត» ដែលសារធាតុទាំងពីរ ប្រភេទនេះ មានៅក្នុងថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំស្លាប់សត្វល្អិត៕