en     km
en     km

ស្ដ្រី​បម្រើ​តាម​ផ្ទះ​ សង្ឃឹមថា​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​បម្រើ​តាម​ផ្ទះ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ ពួក​គេ​នឹង​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​សព្វថ្ងៃ​ ដូច​អ្វី​ដែល​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៣​ ខែឧសភា​។​ តែ​យ៉ាងណា​ពួក​គេ​ហាក់​មិន​ហ៊ាន​ដាក់​ការ​រំពឹង​ទុក​ មួយ​រយ​ភាគរយ​នោះ​ទេ​ ដោយ​ត្រូវ​រង់ចាំ​មើល​ជា​បន្ដ​ទៀត​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

ស្រ្ដីបម្រើការងារតាមផ្ទះ

 

​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ កម្មការិនី​ នៅ​ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ម្សិលមិញ​ (២៣​ ឧសភា​)​ សម្ដេច​នាយក​រដ្ឋ​ន្ត្រី​ បាន​ត្អូ​ន​ត្អែ​ អាណិតអាសូរ​ ដល់​ ស្ត្រី​ បម្រើ​ការងារ​តាម​ផ្ទះ​ ដែល​មិន​មាន​ថ្ងៃ​ឈប់​សម​ម្រាក់​តាម​ច្បាប់​ការងារ​ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ តិច​នៅឡើយ​។​ សម្ដេច​ថា​ ម្ចាស់ផ្ទះ​គួរ​ ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​សមរម្យ​ដល់​ស្ត្រី​ទាំងនោះ​។​

​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ ភាគច្រើន​ តែងតែ​ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ភាគី​ពាក់ព័ន្ធ​។​ ដោយសារ​រឿង​នេះ​ វិទ្យុ​ស្ត្រី​បាន​សុំ​ការ​យល់​ឃើញ​ ពី​ក្រុម​ស្ត្រី​មួយ​ចំនួន​ ដែល​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​។​ ពួក​គាត​ហាក់​បាន​ទទួល​ការ​លើកទឹកចិត្ត​ពី​នាយក​រដ្ឋមន្ត្រី​ដោយ​សង្ឃឹមថា​ ការ​អំពាវនាវ​របស់​ សម្ដេច​ ហ៊ុន​ សែន​ នឹង​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ គិតគូរ​ ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ និង​សិទ្ធិ​ការងារ​សម្រាប់​ពួក​គាត់​ឡើង​វិញ​។​

​ស្ដ្រី​មួយ​រូប​ដែល​ជា​អ្នកបម្រើ​តាម​ផ្ទះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ នេះ​ថា​ ប្រាក់​ឈ្នួល​ដែល​អ្នកស្រី​ទទួល​បាន​សព្វថ្ងៃ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណា​ផ្ទាល់ខ្លួន​ និង​មើលថែ​ម្ដាយ​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​នោះ​ទេ​ ៖«​ចំណូល​គ្រួសារ​បង​ គាត់​ឲ្យ​បង​តម្លៃ​ប៉ុណ្ណឹង​បាន​ត្រឹម​មួយ​គ្រប់ៗ​ហ្នឹង​អូន​។​ ព្រោះ​មាន​ម្ដាយ​ជរា​ ឈឺ​ប្រើ​ថ្នាំ​រហូត​ហ្នឹង​ បើ​អត់​មាន​ម្ដាយ​ជរា​ ឈឺ​ទេ​ និយាយ​តាម​ត្រង់​ទៅ​ វា​អាច​ មួយ​ខែ​សល់​ ២០​ ឬ​៣០​ដុល្លារ​ ដែរ​។​ តែ​ដល់​មាន​ម្ដាយ​ជរា​ ឈឺ​ អ​ញ្ចឹ​ង​ទៅ​ មួយ​ខែៗ​បាន​ត្រឹម​មួយ​គ្រប់ៗ​»​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ ម៉ិច​ សោ​ភ័​ណ្ឌ​ ស្ដ្រី​បម្រើ​ការងារ​តាម​ផ្ទះ​ឲ្យ​ជនជាតិ​បរទេស​ ទទួលស្គាល់​ថា​ ប្រាក់​ឈ្នួល​សព្វថ្ងៃ​បាន​ត្រឹមតែ​មួយ​គ្រប់ៗ​ប៉ុណ្ណោះ​។​ ជាង​នេះ​អ្នកស្រី​បន្ថែម​ថា​ បើ​ទោះជា​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ហាក់​ទទួល​បានការ​ផ្ដល់​តម្លៃ​ពី​ក្រុម​ម្ចាស់ផ្ទះ​ល្អ​ប្រសើរ​ជាង​មុន​ក្ដី​ ប៉ុន្ដែ​អ្នកស្រី​ មាន​បំណង​ចង់បាន​ច្បាប់​មួយ​ក្នុង​ការ​ ការពារ​ និង​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ សម្រាប់​ស្ដ្រី​ បម្រើ​ការងារ​តាម​ផ្ទះ​ឲ្យ​បាន​ដូច​និង​កម្មករ​ រោងចក្រ​ដែរ​ ៖«​ជា​សំណូមពរ​របស់ខ្ញុំ​ ខ្ញុំ​ចង់បាន​ច្បាប់​មួយ​ការពារ​ពួក​យើង​ ធ្វើ​ឲ្យ​ពួក​យើង​តាម​ផ្ទះ​ហ្នឹង​មាន​តម្លៃ​ដូច​កម្មករ​រោងចក្រ​ដែរ​។​ យើង​មាន​ពេល​មានបុណ្យ​ទាន​ក្នុង​ប្រទេស​យើង​ ពួក​មីង​ដែល​ជា​កម្មករ​ ហ្នឹង​ឲ្យ​មាន​ភាព​ស្នើ​គ្នា​ ដូច​ជា​កម្មករ​ អ​ញ្ចឹ​ង​ មាន​ពេល​សម្រាក​ ឈប់​ដូច​គ្នា​ ហើយ​ថ្ងៃ​បុណ្យ​ធ្វើ​ទៅ​ឲ្យ​វា​បាន​លុយ​ OT​ ថែម​ម៉ោង​ដូច​គេ​ ដូច​អី​អ​ញ្ចឹ​ង​»​។​

​ចំណែក​អ្នកស្រី​ ន​ង​ ថា​ អះអាង​ថា​ ប្រាក់ខែ​តិច​ការ​ចំណាយ​ច្រើន​ គឺ​ពិតជា​លំបាក​ សម្រាប់​ស្ដ្រី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​។​ អ្នក​ស្ត្រី​ចង់បាន​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​មួយ​សមរម្យ​ ដែល​អ្នកស្រី​យល់​ថា​ យ៉ាង​ហោច​ណាស់​ក៏​ត្រឹម​ ២៥០​ដុល្លារ​ដែរ​ ទើប​សម​សម្រប​សម្រាប់​ការ​រស់នៅ​របស់​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ៖«​គ្នា​ធ្វើការ​តាម​ផ្ទះ​ខ្មែរ​អីហ្នឹង​ បាន​ ២៥០​ដ​ល្លារ​ឡើង​ទៅ​ វា​ល្អ​ហើយ​។​ បើ​ធ្វើ​តាម​ផ្ទះ​បរទេស​វា​បាន​រាង​ថ្លៃ​បន្ដិច​ហើយ​ តែបើ​តាម​ផ្ទះ​ខ្មែរ​ខ្លះ​ បាន​ត្រឹម​ ១២០​ ឬ​១៥០​ដុល្លារ​អីហ្នឹង​។​ អ​ញ្ចឹ​ង​បើ​បាន​ត្រឹម​ផ្ទះ​រាង​ថ្លៃ​បន្ដិច​ទៅ​ បាន​ដល់​ ២៥០​ដុល្លារ​អី​ក៏​ល្អ​ដែរ​»​។​

​ជាមួយ​គ្នា​នេះ​ អ្នកស្រី​ ជិន​ ស្រី​ពៅ​ជា​ ស្ដ្រី​បម្រើ​តាម​ផ្ទះ​ម្នាក់​ទៀត​បាន​និយាយ​ថា​ ការងារ​តាម​ផ្ទះ​គឺ​ពិតជា​ហត់​ ហើយ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​ប្រចាំ​ថ្ងៃ​។​ ក៏​ប៉ុន្ដែ​ប្រាក់​ឈ្នួល​គឺ​បាន​តិច​នៅឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​ថ្ងៃ​បុណ្យ​ជាតិ​មួយ​ចំនួន​ អ្នកស្រី​មិន​បាន​ឈប់​សម្រាក​នោះ​ទេ​។​ អ្នកស្រី​បន្ដ​ទៀត​ថា​ នៅ​ពេល​ដែល​អ្នកស្រី​ បានឮ​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ពី​ការ​អំពាវនាវ​ដល់​ក្រុម​ម្ចាស់ផ្ទះ​ឲ្យ​ផ្ដល់​ប្រាក់​ ឲ្យ​បាន​ខ្ពស់​សម្រាប់​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ អ្នកស្រី​ រំ​ភើ​ព​ណាស់​ ក៏​ប៉ុន្ដែ​អ្នកស្រី​មិន​ហ៊ាន​ដាក់​សង្ឃឹម​ ទាំងស្រុង​នោះ​ទេ​ ព្រោះ​ថៅកែ​អ្នកស្រី​ហាក់ដូចជា​ មិន​ចាប់អារម្មណ៍​និង​ការ​លើក​ឡើង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នេះ​ទេ​ ៖«​បាន​មើល​ទូរទស្សន៍​ដែរ​ គ្រាន់តែ​ថា​ លុះត្រាតែ​ថៅកែ​ហ្នឹង​គេ​យល់​ស្រប​ដែរ​ ទើប​យើង​បាន​ឡើង​និង​គេ​ទៅ​។​ ថៅកែ​ខ្ញុំ​គាត់​បាន​មើល​ដែរ​ហ្នឹង​ ពេល​ខ្ញុំ​ចូល​ធ្វើការ​នៅ​កន្លែង​គាត់​ គាត់​បើក​មើល​ដែរ​ហ្នឹង​ តែ​គាត់​មិន​គិត​ដំឡើង​ដូច​សម្ដេច​ថា​ ផង​ហ្នឹង​»​។​

​យ៉ាងណា​អ្នកស្រី​ ជិន​ ស្រី​ពៅ​ នឹង​ទទូច​ សុំ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ រៀបចំ​ឲ្យ​មានការ​កំណត់​ណាមួយ​ សម្រាប់​ប្រាក់​ឈ្នួល​របស់​ស្ដ្រី​បម្រើ​ការងារ​តាម​ផ្ទះ​។​ អ្នក​ស្ត្រី​បញ្ជាក់​ថា​ ប្រសិនបើ​ប្រាក់​ឈ្នួល​អ្នកបម្រើ​តាម​ផ្ទះ​ពិតជា​បាន​ឡើង​ខ្ពស់​ មែន​ នោះ​ជីវភាព​របស់​អ្នកស្រី​ ក៏​ដូច​ជា​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ដទៃ​ទៀត​ នឹង​កាន់តែ​ល្អ​ប្រសើរ​។​

​យោង​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ស្ដ្រី​ម​ប្រើ​ការងារ​តាម​ផ្ទះ​ គឺ​ពិតជា​ហត់នឿយ​ ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​សម្ដេច​បញ្ជាក់​ថា​ ស្ត្រី​ទាំងនោះ​គ្មាន​ថ្ងៃ​បុណ្យ​ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំខែ​ ដូច​កម្មករ​បម្រើ​តាម​វិស័យ​ផ្សេងៗ​នោះ​ទេ​។​ ត្រង់​ចំណុច​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​លទ្ធភាព​ ទទួលយក​អ្នកបម្រើ​តាម​ផ្ទះ​ ទៅ​ធ្វើការ​ត្រូវ​គិតគូរ​ និង​យកចិត្ដ​ទុក​ឲ្យ​បាន​ច្រើន​ចំពោះ​អ្នកបម្រើ​តាម​ផ្ទះ​ ពិសេស​គួរតែ​ផ្ដល់​ការ​ឈប់​សម្រាក​ឲ្យ​ពួក​គេ​ នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​យក​ប្រាក់​នោះ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕

Share

ព័ត៌មានទាក់ទង

Image