en     km
en     km

​តើ​ការ​កើន​កម្ដៅ​ផែនដី​៣​អង្សា​សេ​ នឹង​ប៉ះពាល់​អ្វីខ្លះ​?

Share

150926-dara-internews-01
លោកស្រី​គ្រី​ស្តៀ​ណា​ ហ្វី​ហ្គឺ​រ៉េ​ស​ (Christiana​ Figueres)​

ប្រធាន​គ្រប់គ្រង​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ លោកស្រី​គ្រី​ស្តៀ​ណា​  ហ្វី​ហ្គឺ​រ៉េ​ស​ (Christiana​ Figueres)​ បាន​ថ្លែង​ថា​ ពិភពលោក​កំពុង​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​គ្រោះថ្នាក់​ ដោយសារ​ការ​កើន​កម្ដៅ​ផែនដី​។​

​យោង​តាម​ការ​ផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ អាល់​ហ្សា​ហ្សេ​រ៉ា​ (Al​ Jazeeera​ American​ News)​ នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ លោកស្រី​គ្រី​ស្តៀ​ណា​ បាន​ថ្លែង​បែប​នេះ​  ខណៈ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ កំពុង​រៀបចំ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្ដី​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ នៅ​ឯ​កិច្ចប្រជុំ​លើក​ទី​២១​ របស់​អង្គការសហប្រជាជាតិ​ លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ដែល​នឹង​ធ្វើ​ក្នុង​ខែធ្នូ​ខាង​មុខ​ នាទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​។​

​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ធម្មជាតិ​នៅ​សាកលវិទ្យាល័យ​Oxford​ លោក​រ៉េ​ ព្យែ​រី​ហាំ​ប៊ើ​ត​ (Ray​ Pierryhumbert)​ បាន​ថ្លែង​ថា​ ការ​កើន​កម្ដៅ​ផែនដី​កម្រិត​៣​អង្សា​សេ​ នឹង​ធ្វើ​ឲ្យ​ការ​ផលិត​ចំណីអាហារ​ធ្លាក់​ចុះ​ ធ្វើ​ឲ្យ​មាន​រលក​កំ​ដៅ​ ដូច​ករណី​រលក​កម្ដៅ​នៅ​ឥណ្ឌា​ក្នុងឆ្នាំនេះ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់​  ជា​ពិសេស​គឺ​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​កាន់តែ​ខ្លាំង​ និង​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។​ លោក​សាស្ត្រាចារ្យ​បន្ត​ថា​ ដោយសារ​គ្រោះ​ធម្មជាតិ​ទាំងនេះ​ នឹង​បណ្ដាល​ឲ្យ​មាន​ជនភៀសខ្លួន​កាន់តែ​ច្រើន​ ដូច​ករណី​បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​កាន់តែ​ច្រើន​ឡើង​សម្រុកចូល​ទៅ​សហគមន៍​អឺរ៉ុប​។​

សូម​ជម្រាប​ថា​ សន្និសីទ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​១៩៩៤​ ដើម្បី​ការពារ​គ្រោះថ្នាក់​ទៅ​លើ​មនុស្សជាតិ​ ដែល​បណ្ដាល​មក​ការ​ប្រែប្រួល​អាកាសធាតុ​ ។​ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​១៩៥​ ជា​ភាគី​នៃ​សន្និសីទ​នេះ​ ហើយ​កិច្ចប្រជុំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ធ្វើ​នៅ​ទី​ក្រុងប៉ារីស​ នា​ខែធ្នូ​ខាង​មុខ​នោះ​ គឺជា​កិច្ចប្រជុំ​លើក​ទី​២១៕

ប្រែសម្រួលដោយ៖ ណុល ដារ៉ា

Share

Image
Image
Image