ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ លើកទឹកចិត្តដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធដើម្បីរួមគ្នាបង្កើតព្រឹត្តិ ការណ៍យុទ្ធនាការកាត់បន្ថយប្លាយស្ទិកនៅកម្ពុជា ដែលជាកាអបអរសាទរទិវាបរិស្ថាជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០១៨។ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី ២២ ឧសភា ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញជំហរគាំទ្រចំពោះយុទ្ធនាការរួមគ្នាដើម្បីកាត់បន្ថយបា្លស្ទិកនេះ ព្រោះការប្រារព្ធកម្មវិធីនេះគឺជាផ្នែកមួយដើម្បីជំរុញការអនុវត្តអនុក្រិត្យ លេខ ១៦៤ ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព។ លោករដ្ឋមន្រ្តីបរិស្ថានបន្តថា ដើម្បីឱ្យយុទ្ធនាការនេះទទួលបានភាពជោគជ័យ លោកថា ការចូលរួមរបស់ពលរដ្ឋ និងវិស័យឯកជនជារឿងសំខាន់។
ជាការឆ្លើយតបនឹងគំនិតផ្ដួចផ្ដើមនេះ ក្រសួងបរិស្ថានបានចេញនូវផែនការសកម្មភាពមួយចំនួនដូចតទៅ៖
១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ
២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ឋនាការ
៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន
៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។
យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិកនេះ នឹងចាប់ផ្ដើមនៅក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាកសំណល់រឹងក្នុងទីក្រុងដែលត្រូវបានដឹកទៅចោលនៅកន្លែងចាក់សម្រាម អាចនឹងកើនទ្វេរដងក្នុងបរិមាណជាង ២ លានតោនត្រឹមឆ្នាំ២០២៩។ បរិមាណនេះទំនងជាអាចនឹងច្រើនហួសពីសមត្ថភាពផ្ទុករបស់កន្លែងចាក់សម្រាមទាំងអស់ដែលមានស្រាប់ ជាពិសេសក្នុងទីក្រុងភ្នំពេញ និងសៀមរាប។ នេះបើតាមទំព័រហ្វេសរបស់ UNDP ។
ចំណែកការសិក្សារបស់អង្គការមូលនិធិអករា (ACRA Foundation) បង្ហាញថា បរិមាណកាកសំណល់ និងសំរាមដែលប្រមូលបានជារៀងរាល់ឆ្នាំនៅតាមផ្លូវក្នុងក្រុងមានចំនួនរាប់រយតោន គឺ ៣០០តោននៅខេត្តសៀមរាប ចំនួន ៣៧០តោនក្នុងខេត្តព្រះសីហនុ និង ១៧.៨០០តោននៅភ្នំពេញ។
កម្ពុជា ត្រូវចំណាយលុយប្រចាំឆ្នាំលើសម្ភារៈសម្អាតប្លាស្ទិកប្រមាណ ៤.៥០០ដុល្លារក្នុងខេត្តព្រះសីហនុ នៅខេត្តសៀមរាប ១៥.០០០ដុល្លារ និងភ្នំពេញ ៣១.០០០ដុល្លារ។
ការសិក្សាលើប្រជាពលរដ្ឋជាង ២០០នាក់ បញ្ជាក់ថា ពលរដ្ឋត្រូវបាត់បង់ចំណូលជាមធ្យម ១០៣ដុល្លារក្នុងមួយខែដោយស្ទះលូ ហើយត្រូវចំណាយលុយយ៉ាងច្រើនលើជំងឺផ្សេងៗដែលបណ្ដាលមកពីការស្ទះលូ៕