ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីអំពាវនាវឲ្យដោះលែងផលិតករភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាក្រោមបទចោទចារកម្ម។
អ្នកផលិតខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសប្រទេសកម្ពុជាអស់រយៈពេលមួយឆ្នំាគឺលោក Jame Ricketson។ លោកត្រូវបានចាប់ខ្លួនក្រោមបទចោទចារកម្មដែលថាលោកផ្តល់ព័ត៌មានសម្ងាត់ពីកម្ពុជាទៅក្រៅប្រទេស។
បណ្តាយផ្សាយព័ត៌មាន ABC ចុះផ្សាយថា មូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី លោក តូនី អាលបុត (Tony Abbott) បានអំពាវនាវឲ្យដោះលែង លោក James Ricketson ដោយសារ ការឃុំខ្លួន និងការចោទប្រកាន់លោកជារឿងអយុត្តិធម៌។
ការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងជំនួបជាមួយអ្នកគាំទ្រ និងម្តាយចិញ្ចឹម លោក Ricketsonគឺ លោកស្រី Roxanne Holmes។
ជាមួយគ្នានេះ គណបក្សសេរីនិយមនៅអូស្រ្តាលី(Liberal Party)បានគាំទ្រយុទ្ធនាការតាមប្រព័ន្ធអ៊ិនធ័រណែត ដើម្បីស្វែងរកអ្នកគាំទ្រ ដោយលោកស្រី Holmes ទទួលហត្ថលេខាជាង ៧ ម៉ឺន ៤ពាន់នាក់។
លោក Tony បានសរសេរនៅលើញាត្តិថា លោក Jame Ricketson មិនគួរត្រូវបានចាប់ឃុំខ្លួនដោយការបង្ហោះយន្តហោះ Drone គ្រាន់តែផ្តិតយករូបភាពនៃការជួបជុំរបស់គណបក្សនយោបាយនៅកម្ពុជា ហើយគាត់ក៏មិនត្រូវឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ១ ឆ្នាំដោយគ្មានការកាត់ទោស។ នេះបើតាមបណ្តាញផ្សាយព័ត៌មានអូស្ត្រាលី ABC ។
អតីតនាយករដ្ឋមន្ត្រីរូបនេះបន្តថា រដ្ឋាភិបាលអូស្ត្រាលីគួរតែបង្ហាញឲ្យច្បាស់ទៅរដ្ឋាភិបាលកម្ពុជាថា ដល់ពេលវេលាកន្លងមកគួរតែត្រូវបានដោះលែងឲ្យមានសេរីភាពក្រោមហេតុផលមនុស្សធម៌ដោយឲ្យគាត់ត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ។
អ្នកផលិតខ្សែភាពយន្តឯកសារ ត្រូវបានតុលាការកម្ពុជាចោទពីបទចារកិច្ច ដោយសារលោកបង្ហាញអំពីទំនាក់ទំនងជាមួយអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីឆ្នាំមុន។ លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នចាប់តាំងពីការចាប់ខ្លួនកាលពីខែ មីនា ឆ្នាំមុន ដោយតុលាការបដិសេធប្រាក់ធានា និងគ្មានការកំណត់កាលបរិច្ឆេទជំនុំជម្រះក្តីជាក់លាក់។
លោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានផ្ញើលិខិតមួយច្បាប់មកលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប៉ុន្តែអត្ថន័យនៃខ្លឹមសារលិខិតនោះមិនត្រូវបានបង្ហាញនោះទេ។នេះបើតាមបណ្តាយផ្សាយព័ត៌មាន ABC៕