ភ្នំពេញ ៖ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីចំនួន ០៣គ្រឿង បានមកដល់កម្ពុជាកាលពីថ្ងៃទី២២ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៥ថ្ងៃ។ នេះបើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភានេះ។
តាមគេហទំព័រដដែល នាវាចម្បាំងទាំងបីគ្រឿងនេះ បានមកសំចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកម្សិលមិញ។ នាវាច្បាំងទាំងបីរគ្រឿងនេះរួមមាន នាវាពិឃាដ Admiral Vinogradov នាវាពិឃាដ Adimral Tribus និងនាវា Pechem Kolpashikov។ នាវាទាំងនេះ មាននាវឹកសរុបទាំងអស់ចំនួន ៨១៩នាក់ ដឹកនាំដោយលោក Oleg korolev មេបញ្ជាការកងនាវាចម្បាំងរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក។ ជុំវិញដំណើរទស្សនកិច្ចនេះ មន្ដ្រីកងទ័ពជើងទឹកកម្ពុជា បញ្ជាក់ថា គឺមិនខុសពីដំណើរទស្សនកិច្ចរបស់ប្រទេសដទៃៗ កន្លងមកឡើយ។
យ៉ាងណាការមកដល់កម្ពុជា នាវាចម្បាំងទាំង ០៣គ្រឿង របស់ប្រទេសរុស្ស៊ីនេះ គឺស្របពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងធ្វើលំហាត់បាញ់គ្រាប់ពិត អាវុធប្រភេទកាំភ្លើង BM-21 កាំភ្លើងប្រភេទ 152mm និងកាំភ្លើងប្រភេទ 122mm ស្ថិតក្នុងភូមិ ត្រពាំងវែង ឃុំ ត្រពាំង ស្រុកជុំគិរី ខេត្ដកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ៕