ភ្នំពេញ៖ គេហទំព័រ TripAdvisor ផ្តល់ចំណាតថ្នាក់ប្រាសាទអង្គរវត្ត (Angkor Wat) ជាប់លេខ១ ជាតំបន់ប្រវត្តិសាស្ត្រនៅលើពិភពលោក។
គេហទំព័រ TripAdvisorបានចុះផ្សាយនៅថ្ងៃទី ២៣ ឧសភានេះ ដោយ ប្រកាសអំពីអ្នកឈ្នះរង្វាន់ឈ្មោះថា ជម្រើសសម្រាប់អ្នកធ្វើដំណើរនៃតំបន់ប្រវត្តិសាស្ត្រក្នុងតំបន់អាស៊ី និងពិភពលោក ដោយប្រាសាទអង្គរវត្តឈរលំដាប់ទី១។
ប្រាសាទអង្គរវត្តជាប់ចំណាតថ្នាក់លេខមួយពីរឆ្នាំជាប់ៗគ្នាជាតំបន់ប្រវត្តិសាស្ត្រ នៅលើពិភពលោក ហើយប្រាសាទអង្គរវត្តរបស់កម្ពុជាក៏បានឈរលំដាប់ទី ១ នៅទ្វីបអាស៊ីផងដែរ។
ព្រះវិហាររបស់ប្រទេសឥណ្ឌាឈ្មោះ Taj Mahal និងប្រាសាទវត្តភូ (Wat Pho) របស់ ប្រទេស ថៃ បានឈរនៅលំដាប់ទី២ និងលេខ ៣ នៅក្នុងតំបន់អាស៊ី។
អ្នកទេសចរអាចមើលឃើញទីក្រុងចំណាស់ៗជាច្រើននៃអាណាចក្រខ្មែរក្នុងសតវត្សទី៩ និង ១៥ ដោយលានសន្ធឹងលើផ្ទៃដី ៤០០ គីឡូម៉ែត្រការ៉េ។
លោក Janice Lee Fang នាយកផ្នែកទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា តំបន់អាស៊ី ជា តំបន់ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតដោយមានប្រាសាទបុរាណរចនាបថនៃស្ថាបត្យកម្ម ដ៏អស្ចារ្យ ហើយលោកបានណែនាំអ្នកទេសចរសឹង្ហបុរីអាចប្រើបញ្ជីឈ្មោះ នៃតំបន់ប្រវត្តិសាស្ត្រទាំងនោះ ប្រសិនបើចង់ឃើញប្រាសាទទាំងនោះ។
គេហទំព័រ TripAdvisor ក៏បង្ហាញពីតំបន់កម្សាន្តដែល មានអត្រា ខ្ពស់ និងបទពិសោធន៍ដែលជាតំបន់ ឈ្នះ ជ័យ លាភីជាតំបន់ប្រវត្តិសាស្ត្រ ហើយគេហទំព័រ នេះ ចុះផ្សាយតំបន់សម្រាប់ដំណើរកម្សាន្ត និងសកម្មភាពទេចរណ៍ជាង ១សែន កន្លែងនៅលើពិភពលោក ដើម្បីជួយដល់អ្នកធ្វើដំណើរទស្សនា និងសិក្សាអំពីកន្លែងដែលពួកគេចង់ទៅកម្សាន្ត។
ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៨ ភ្ញៀវទេចរបរទេសទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរជាង ១ លាន នាក់ និងរកចំណូលបានជាង ៤៨ លានដុល្លារអាមេរិក។ នេះតាមរបាយការណ៍គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីដើមខែ ឧសភានេះ។
ការលក់សំបុត្រចូលទស្សនាអង្គរសម្រាប់ភ្ញៀវបរទេសកើនឡើង ១១, ១៧ ភាគរយ និងចំណូលពីការលក់សំបុត្រកើនឡើងជិត ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៧ ប្រាក់ចំណូលពីការលក់សំបុត្រទស្សនាអង្គរវត្តទទល ១០៧ លានដុល្លារ ដោយទទួលស្វាគមន៍ភ្ញៀវទេចរជាង ២ លាន ៤ សែននាក់។
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោក ក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទអង្គរវត្ត មានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។ ដោយសារភាពល្បីល្បាញប្រាសាទអង្គរវត្ត តែងតែជាប់ចំណាត់ថ្នាក់ល្អដាច់គេ ទាំងរចនាបទនិង ស្នាដៃវប្បធម៌ប្រវត្តិសាស្ត្រ៕