ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ ជាផ្លូវការនូវគណបក្សនយោបាយចំនួន ១៨ គិតត្រឹមថ្ងៃទី ២២ ខែ ឧសភា ម្សិលមិញ។ ប៉ុន្តែគណបក្សនយោបាយចុងក្រោយចំនួន ២ ដែល គ.ជ.ប កំពុងពិនិត្យគឺ គណបក្សរស្មីខេមរា និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
ប្រមុខដឹកនាំរដ្ឋាភិបាលរំពឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ២០១៨នេះ នឹងអាចមានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោតអាណត្តិនេះ។ ការបោះឆ្នោតជាតិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។
នៅកម្ពុជាមានគណបក្សនយោបាយចំនួន ៣៧ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ អាសនៈក្នុងរដ្ឋសភាជាតិនីតិកាលទី ៦ នេះ មានតំណាងរាស្ត្រ ១២៥ រូប ហើយបេក្ខជនយ៉ាងតិច ៤១ រូបត្រូវដាក់ក្នុងបញ្ជីបោះឆ្នោត។
កាលពីសប្តាហ៍មុនសហព័ន្ធសហភាពយុវជនកម្ពុជា បានដាក់អ្នកអង្កេតការណ៍បោះឆ្នោតចំនួនជាង ២ពាន់នាក់ និងអង្គការក្រៅរដ្ឋាភិបាលដាក់អ្នកអង្កេតការណ៍ជាង ១៥០០ នាក់។ តែបែបនេះក្តីអង្គការ Comfrel និង Nicfec បានប្រកាសដកខ្លួនមិនដាក់អ្នកអង្កេតការណ៍បោះឆ្នោតជាផ្លូវការទេ។ គ.ជ.ប ថា ការពហិកាមិនចូលរួមអង្កេតការណ៍របស់អង្គការទាំងពីរនេះ មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ៕