ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរជាង ៣០ ម៉ឺននាក់គិតមកដល់ថ្ងៃនេះ។ តែបែបនេះក្ដីពលករខ្មែរជាង ៤០ ម៉ឺននាក់ទៀតពុំទាន់ទទួលបានឯកសារស្របច្បាបនៅឡើយ។
ក្រោយជំនួបពិភាក្សាការងារជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែ ឧសភានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថា ពលករខ្មែរបម្រើការដោយខុសច្បាប់នៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេសទាំងពីរបានផ្តល់ភាពស្របច្បាប់បានចំនួន ៣២ ម៉ឺននាក់។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បន្ថែមថា បច្ចុប្បន្នពលករខ្មែរប្រមាណ ៨ ម៉ឺននាក់ទៀតប៉ុណ្ណោះ នូវពុំទាន់ទទួលបានឯកសារស្របច្បាប់ ដើម្បីបម្រើការងារនៅថៃ។
លោករដ្ឋមន្ត្រីសន្យាថា ក្រសូងការងារនឹងបង្កើនការផ្តល់ឯកសារស្របដល់ពលករខ្មែរឲ្យអស់មុនការកំណត់សពុលភាពនៃការចាត់វិធានការតឹងរឹងមកលើពលករខុសច្បាប់របស់អាជ្ញាធរដែលនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨។
លោករដ្ឋមន្ត្រី អ៊ិត សំហេង៖ «មកឥឡូវនេះកិច្ចសហប្រតិបត្តិការនេះគឺអាចចាត់ទុកថាលទ្ធផលជោគជ័យទៅហើយបានន័យថា យើងបានផ្តល់ឯកសារស្រប់ច្បាប់ជូនបងប្អូនពលករ ៤០ម៉ឺននាក់នេះគឺបាន៣២ម៉ឺននាក់ហើយ ឥឡូវនេះនៅសល់៨ម៉ឺននាក់។ ៨ម៉ឺននាក់ នៅសល់ប្រាំសប្តាហ៍ទៀត ហើយល្បឿនដែលយើងកំពុងធ្វើរាល់ថ្ងៃគឺមួយថ្ងៃជាង ២០០០នាក់ដែល ២២០០ទៅ២៣០០នាក់។»
ពលករខែ្មរបម្រើការ ងារនៅប្រទេសថៃមានចំនួន ១ លាន ៥ ម៉ឺននាក់។នេះបើតាមក្រសួងការងារកម្ពុជា។
កាលពីដើមខែឧសភាកម្ពុជា-ថៃ បានធ្វើសិក្ខាសាលាមួយ ដើម្បីជួយពលករចំណាកស្រុកប្រកបដោយសុវត្ថិភាព ក្នុងការការពារសិទ្ធិការងារ គេចផុតពីអំពើជួញដូរមនុស្សតាមរយៈគម្រោងរបស់សហភាពអឺរ៉ុប។នៅពាក់កណ្តាលខែក្រោយលោករដ្ឋមន្ត្រីនឹងទៅបំពេញទស្សនៈកិច្ចផ្លូវនៅប្រទេសថៃអំពីវិស័យការងារនិងពលករចំណាកស្រុកខ្មែរ៕