ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចាត់វិធានការបង្ការការពារចំពោះការរាតត្បាតជំងឺអេបូឡាពីតំបន់ទ្វីបអាហ្វ្រិកតាមរយៈអ្នកដំណើរមកពីអាហ្វ្រិកមកកម្ពុជា ក្រោយពីការផ្ទុះឡើងវិញនៃជំងឺអេបូឡាសម្លាប់មនុស្សជាង ២០ នាក់។ តែបែបនេះក្ដីជំងឺអេបូឡាពុំទាន់កើតមាននៅកម្ពុជានោះទេ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) ឲ្យដឹងថា ជំងឺអេបូឡាកំពុងរាតត្បាតឡើងវិញនៅប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោនៃទ្វីបអាហ្វ្រិកនៅសប្តាហ៍នេះ។ មនុស្សយ៉ាងតិច ៤៥ នាក់ មានជំងឺអេបូឡា ហើយក្នុងនោះសម្លាប់ ២៣ នាក់។ ប៉ុន្តែជំងឺអេបូឡាមិនទាន់មានករណីឆ្លងនៅកម្ពុជានោះទេ។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់វិទ្យុស្ត្រីថា ក្រោយពីអង្គការសុខភាពពិភពលោកផ្តល់របាយការណ៍ស្តីពីការផ្ទុះឡើងវិញជំងឺអេបូឡា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានចាត់វិធានការបង្ការការពារ ដើម្បីត្រៀមឆ្លើយតបចំពោះជំងឺអេបូឡា។ វិធានការទាំងនោះររួមមាន ផ្សព្វផ្សាយព័ត៌មានអំពីការរាតត្បាតជំងឺអេបូឡា ហើយណែនាំមន្ត្រីតាមព្រំដែនអាកាសយាន្តដ្ឋាន ផ្លូវគោក ទឹក ត្រួតពិនិត្យតឹងរឹងចំពោះអ្នកដំណើរមកពីតំបន់ទ្វីបអាហ្វ្រិករកជំងឺអេបូឡា។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ៖ «យើងពង្រឹងប្រព័ន្ធតាមដានរបស់យើងដែលមានស្រាប់ ធ្វើនៅក្នុងប្រទេស ក៏ដូចជាតាមព្រំដែនទាំងអស់ តាមដានបងប្អូនអ្នកដំណើរជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្វ្រិក តាមដានសុខភាព បើសិនករណីរកឃើញសង្ស័យយើងធ្វើការវាយតម្លៃហើយ ធ្វើការព្យាបាលជាបន្ទាន់។»
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការចែកចាយសម្ភារអប់រំស្តីពីរបៀបបង្ការ និងឆ្លើយតបជាបន្ទាន់ករណីសង្ស័យមានជំងឺអេបូឡាផ្ទុះឡើង។
បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលថា ជំងឺអេបូឡាបង្កឡើងដោយវីរុសអេបូឡាដែលជំងឺនេះមានអត្រាស្លាប់ខ្ពស់ ហើយជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬសាកសពស្លាប់ដោយជំងឺអេបូឡា និង ការប៉ះពាល់ឈាម ឬទឹករំអិលសរីរាង្គ ដូចជាទឹកនោម ញើស កំអួត ទឹកមាត់ ទឹកកាម សំបោរ និងទឹកភ្នែក។ អ្នកដែលប្រឈមមុខខ្ពស់ឆ្លងជំងឺអេបូឡាគឺ សមាជិកគ្រួសារនៃអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ និងបុគ្គលិកសុខាភិបាល។
ក្រសួងបញ្ជាក់ថា ជំងឺអេបូឡាមិនទាន់មានឱសថព្យាបាលជាក់លាក់ ឬវ៉ាក់សាំងសម្រាប់បង្ការជំងឺនេះនៅឡើយទេ។ទោះបីយ៉ាងបើមានករណីសង្ស័យថាមានរោគសញ្ញានៃជំងឺអេបូឡាត្រូវឆាប់ទៅព្យាបាលព្រោះឱកាសជាសះស្បើយច្រើន។
ក្រសួងសុខាភិបាលពន្យល់ថា រោគសញ្ញាកើតមានឡើងពី ២ ទៅ ២១ ថ្ងៃ ក្រោយប៉ះពាល់អ្នកកើតជំងឺអេបូឡា ឬក្រោយប៉ះពាល់សាកសពស្លាប់ដោយសារជំងឺអេបូឡា ហើយអ្នកជំងឺអាចចម្លងទៅអ្នកដទៃទៀតនៅពេលចេញរោគសញ្ញា។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋមានប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងតំបន់អាហ្វ្រិកដែលសង្ស័យមាន រោគសញ្ញាជំងឺអេបូឡា ដូចជា គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ឈឺសាច់ដុំ អស់កម្លាំង ក្អួត កន្ទួលក្រហម ឬ ចេញឈាម ត្រូវនាំអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ឬទូរស័ព្ទទៅលេខ ១១៥ ។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ៖ «បច្ចុប្បន្នយើងមានការរីករាលដាលឡើងវិញនៃជំងអេបូឡានៅទ្វីបអាហ្វ្រិកដូច្នេះ បើសិនបងប្អូនធ្វើដំណើរទៅអាហ្វ្រិកគឺត្រូវតែមានការប្រុងប្រយ័ត្នការពារខ្លួន ហើយត្រឡប់មកឆ្លងកាត់ទ្វីបអាហ្វ្រិកឬក៏ជួបជនជាតិមកពីតំបន់រាតត្បាតត្រឡប់មកស្រុកខ្មែរចេញរោគសញ្ញា ដូចក្អួត រាក ហើយមានក្រតួលក្រហមនៅលើស្បែកសូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃ ធ្វើការព្យាបាលជាបន្ទាន់ ហើយរំលឹកលោកគ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរផង។»
អ្នកនាំពាក្យរូបនេះអះអាងថា កម្ពុជាពុំទាន់មានករណីសង្ស័យមានជំងឺអេបូឡា ឬក៏មិនទាន់ពិនិត្យឃើញជំងឺនេះកើតមានចំពោះអ្នកដំណើរមកពីតំបន់ទ្វីបអាហ្វ្រិកនោះដែរ។
ដើម្បីបង្ការជំងឺអេបូឡា ប្រជាពលរដ្ឋត្រូវជៀសវាងប៉ះពាល់អ្នកជំងឺអេឡា ឬទឹកសរីរាង្គអ្នកជំងឺ និងកុំប៉ះពាល់អ្នកជំងឺ ឬសាកសពអ្នកស្លាប់ដោយសារអេបូឡា។ ឧស្សាហ៍លាងដៃជាមួយទឹកនិងសាប៊ូ ឬអាកុល ឲ្យបានញឹកញាប់។
បើសង្ស័យថាមានជំងឺអេបូឡា ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ។ ដាក់ជំងឺឲ្យនៅដាចដោយឡែកពីអ្នកដទៃ ដើម្បីកុំឲ្យឆ្លងបន្ត។ការព្យាបាលដោយវេជ្ជសាស្ត្រតែប៉ុណ្ណោះដែលអាចបង្កើនឱកាសរស់រានជិវិត។
ជំងឺអេបូឡា បានផ្ទុះរាលដាលខ្លាំងកាលពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៦ នៅប្រទេសចំនួន ៥ នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក ដោយសម្លាប់មនុស្ស ២៨៦១២នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ៕