មួយថ្ងៃបន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានកាន់អំណាចឡើងវិញ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២០ ឧសភា ដែលការបោះឆ្នោតនេះគ្មានគណបក្សប្រឆាំងធំៗ ចូលរួមនោះទេ។ តាមបណ្ដាផ្សាយព័ត៌មាន Hima Herald ចុះផ្សាយថា ការបោះឆ្នោតនេះមិនមានអ្នកសង្កេតការណ៍មកពីសហគមន៍អន្ដរជាតិចូលរួមនោះទេ រួមទាំងអង្គការសហប្រជាជាតិផងដែរ ដោយចាត់ទុកថា ការបោះឆ្នោតនេះ មិនអាចឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនបានឡើយ។
ក្រោយពីលទ្ធផលបានប្រកាសថា លោក ម៉ាឌូរ៉ូ បានសំឡេងឆ្នោតជិត ៧០ភាគរយ ហើយក្រៅពីនោះបានទៅលើបេក្ខជនផ្សេងៗដែលមិនមែនជាក្រុមប្រឆាំងខ្លាំង នឹងលោក ម៉ាឌូរ៉ូ បាននាំឲ្យសហគមន៍អន្ដរជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះឡើយ។ តាមប្រភពដដែល សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើរបប លោក ម៉ាឌូរ៉ូ មុនគេ ដោយការបិទក្រុមហ៊ុនមួយចំនួន របស់ វេណេហ្សូអេឡា និងរឹបអូសទ្រព្យសម្បត្ដិទៀតផង។ ចំណែកឯ សហភាពអ៊ឺរ៉ុប និងប្រទេស ១៥ទៀត នៃសម្ព័ន្ធភាពអាមេរិកឡាទីន បានសម្រេចបន្ថយទំនាក់ទំនងការទូតជាមួយ នឹងលោក ម៉ាឌូរ៉ូ ។
យ៉ាងនេះក្ដី ចិន រុស្ស៊ី និងអេរ៉ង់ អំពាវនាវឲ្យមានការទទួលស្គាល់លទ្ធផលបោះឆ្នោត របស់លោក ម៉ាឌូរ៉ូ ដោយចាត់ទុកថា ជាឆន្ទៈរបស់ប្រជាជនប្រទេសនេះ ។ លោក ម៉ាឌូរ៉ូ ខ្លួនលោកផ្ទាល់ បានហៅជ័យជំនះរបស់លោក គឺជាប្រវត្ដិសាស្ដ្រមួយ ដែលប្រជាជនវេណេហ្សូអេឡា បង្ហាញឆន្ទៈដើម្បីជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្ដ។ តែការបោះឆ្នោតនេះ ធ្វើឡើងក្រោមស្ថានការណ៍ហិង្សាភិតភ័យ និងរំលោភសិទ្ធិមនុស្ស ដែលស្នងការអង្គការសហប្រជាជាតិខាងសិទ្ធិមនុស្ស ចាត់ទុកថា ជារឿងគួរឲ្យព្រួយបារម្ភចំពោះហិង្សាទៅថ្ងៃមុខទៀត៕ ប្រភព Hima Herald