ភ្នំពេញ ៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានរំរឮកជាថ្មី ពីតម្រូវការចម្បងរបស់កម្ពុជា គឺ “សន្ដិភាព និងការអភិវឌ្ឍ”។ ការថ្លែងរបស់សម្ដេចដូចនេះ គឺនៅក្នុងអំឡុង នៃពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ០៥ មានប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីតំបន់ព្រែកក្តាម ខេត្ដកណ្ដាល ដល់ម្ដុំធ្លាម្អម ខេត្ដពោធិ៍សាត់ ក្រោមជំនួយហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
លោក លៀ ស៊ីណា រាយការណ៍ ៖
ពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ០៥ នេះ គឺធ្វើឡើងក្នុងស្រុករលៀប្អៀរ ខេត្ដកំពង់ឆ្នាំ នៅថ្ងៃចន្ទ ទី២១ ខែឧសភានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានជួបសង្គ្រាម ដែលនាំឲ្យហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងវត្ដអារាម ស្ទើរទាំងអស់ត្រូវបានបំផ្លាញ ហើយប្រែក្លាយជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ សម្ដេចប្ដេជ្ញាថា បើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ក៏លោកនឹងខិតខំរក្សាសន្ដិភាពឲ្យបាន ដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ប្រកបដោយការអភិវឌ្ឍ ៖«ឥឡូវនេះ អ្វីដែលយើងត្រូវធំជាងគេ គឺត្រូវធ្វើម៉េចឲ្យប្រទេសនេះ មានសុខសន្ដិភាព។ រឿងរ៉ាវអតីតកាល ដែលយើងបាត់បង់ឱកាសនោះ គឺបញ្ហាប្រទេសមានសង្គ្រាម កាលពីដើមសាលារៀនទាំងឡាយត្រូវបំផ្លាញ ។ រហូតដល់សាលារៀនមួយចំនួន វិទ្យាល័យ ដូចជាសាលាទូលស្លែង ក្លាយទៅជាកន្លែងពិឃាដ មនុស្ស សម្លាប់មនុស្ស វត្ដអារាម ក្លាយជាកន្លែងសម្លាប់មនុស្ស។ តម្លៃណាក៏ដោយត្រូវរក្សាសន្ដិភាពឲ្យបាន បើរក្សាសន្ដិភាពមិនបានកុំនិយាយដល់ការអភិវឌ្ឍអី»។
បន្ថែមលើនេះសម្ដេច បន្ដទៀតថា កាលណាប្រទេសមួយគ្មានសន្ដិភាព កុំថា ឡើយការអភវឌ្ឍ សូម្បីតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏គ្មានដែរ។ ជាងនេះសម្ដេច អះអាងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចរក្សាសន្ដិភាព និងនាំការរីកចម្រើនឲ្យប្រទេសជាតិបាន។
យ៉ាងណាការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរដ្ឋាភិបាលកម្ពុជាដូចនេះ ក៏ត្រូវបានសាធារណជន ឮជារឿយៗ ហើយកាន់តែញឹកញាប់ នៅខណៈដែរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី ០៦ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
គួរជម្រាបថា បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នៅប្រទេសកម្ពុជាសព្វថ្ងៃមានគណបក្សនយោបាយចំនួន ៣៧ ក៏ប៉ុន្ដែមានតែគណបក្សនយោបាយប្រមាណ ២០ប៉ុណ្ណោះ ដែលបានរៀបចំសំណុំឯកសារ របស់ពួកគេដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រកួតប្រជែងដណ្ដើមដំណែងជាគណបក្សដឹកនាំប្រទេស។ ការចុះឈ្មោះគណបក្សនយោបាយ នៅ គ.ជ.ប ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា គិតមកដល់ថ្ងៃនេះ មានត្រឹមតែគណបក្សនយោបាយចំនួន ១៥ប៉ុណ្ណោះ ដែលត្រូវ គ.ជ.ប ទទួលស្គាល់ផ្លូវការ និងគណបក្សនយោបាយចំនួន ០៥ទៀត គ.ជ.ប កំពុងត្រួតពិនិត្យ៕