មន្ត្រីសេតវិមានបានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញាថា លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា នឹងជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ពន្យល់ពីវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី នឹងរួមចំណែកយ៉ាងណាដល់ការយកជ័យជម្នះលើរដ្ឋអ៊ីស្លាម នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយនេះ។
យោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៥ កញ្ញា ២០១៥ ឲ្យដឹងថា លោកពូទីន និងអូបាម៉ានឹងជួបពិភាក្សាទ្វេភាគីនៅរសៀល ថ្ងៃចន្ទ ទី២៧ ខែកញ្ញាក្នុងអំឡុងពេលសម័យប្រជុំរយៈពេលបីថ្ងៃ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York ។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សេតវិមាន ប្រចាំប្រទេសរុស្ស៊ីលោកCeleste Wallander បាននិយាយថា មានការនិយាយជាច្រើន ហើយឥឡូវនេះវាជាពេលវេលាសម្រាប់បង្ហាញភាពស្អាតស្អំ និងសម្រាប់ប្រទេសរុស្ស៊ីជម្រះមន្ទិល អំពីការស្នើសុំរបស់ខ្លួន ក្នុងការរួមចំណែកស្ថាបនា នូវអ្វីដែលជាក្រុមចម្រុះជាតិសាសន៍មួយដែលកំពុងធ្វើរួចទៅហើយនោះ។
លោកWallanderបានបន្ថែមថា រុស្ស៊ីបានបញ្ជាក់ថា វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះ នឹងទប់ទល់ជាមួយរដ្ឋអ៊ីស្លាម មិនមែនជាការចូលកាន់ទឹកដីទេ ។
លោកWallanderបានឱ្យដឹងទៀតថា លោកអូបាម៉ានឹងឲ្យលោកពូទីន គោរពការប្តេជ្ញាចិត្តរបស់រុស្ស៊ីដែលបានធ្វើនៅក្នុងខែកុម្ភៈ ថានឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែននៅចុងឆ្នាំនេះ។
គេរំពឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងនៅព្រឹកថ្ងៃចន្ទក្រោយនេះ រវាងលោកអូបាម៉ា ជាមួយនាយករដ្ឋមន្ដ្រីឥណ្ឌាលោក Narendra Modi នឹងពិភាក្សាអំពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងការផ្លាស់ប្តូរអាកាសធាតុ មុនពេលសន្និសីទអន្តរជាតិមួយស្តីពីអាកាសធាតុ ដែលគ្រោងធ្វើនៅធ្នូនៅទីក្រុងប៉ារីស។
សេតវិមានឲ្យដឹងដែរថា លោកអូបាម៉ានឹងមានឱកាសពិភាក្សាជាមួយលោកប្រធានាធិបតីគុយបា Raul Castrol អំពីចំណុចមួយចំនួនក្នុងអំឡុងកិច្ចប្រជុំនេះ។
សេតវិមាននិយាយទៀតថា លោកអូបាម៉ាទំនងជានឹងជួបជាមួយមេដឹកនាំផ្សេងទៀតប៉ុន្តែគាត់មិនត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នោះទេ ទោះបីជាកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន និងដៃគូពិភពលោកផ្សេងទៀតទើបបានសម្រេចជាមួយទីក្រុងតេរ៉ង់។
សេតវិមាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ លោកអូបាម៉ាមានគម្រោងនឹងនិយាយពីភាពក្រីក្រ ការរក្សាសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងពួកជ្រុលនិយម ដែលបង្កអំពើហិង្សានៅជុំវិញពិភពលោក ។
ប្រែសម្រួលដោយ៖ មឿន ឌីណា