ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិមិនត្រូវរារាំងសកម្មភាពគណបក្សនយោបាយចុះជួបសកម្មជនរបស់ខ្លួននៅតាមមូលដ្ឋានឡើយ។
សម្តេច ហ៊ុន សែន ថ្លែងដូចនេះ ធ្វើឡើងនៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកលលៀប្អៀរ ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី ២១ ខែ ឧសភានេះ។
សម្តេច ហ៊ុនសែន៖«ឥឡូវនេះបណ្តាគណបក្សនយោបាយគេនឹងបន្តដើរទៅជួបសកម្មជនរបស់ពួកគេនៅតាមទីកន្លែងនានា ក៏ត្រូវបង្ករលក្ខណៈឲ្យគេ ព្រោះមិនទាន់ជាពេលវេលាយុទ្ធនាការទេ ក៏ប៉ុន្តែគណបក្សនយោបាយគេមានសិទ្ធ ដើម្បីទៅជួបសកម្មជនរបស់គេនៅកន្លែងនេះ កន្លែងនោះ យើងមិនត្រូវរារាំង បង្កើតនូវឧសបគ្គណាមួយសម្រាប់បណ្តាបក្សណាមួយ ក្នុងការជួបសកម្មជនសំណេះសំណាលជាមួយសមាជិកសមាជិការបស់គេនោះទេ។»
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា ការបោះឆ្នោតនៅ ទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នឹងអាចមានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោត ព្រោះបច្ចុប្បន្ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន ១៥ ហើយ ៥ គណបក្សទៀតកំពុងធ្វើការពិនិត្យ ដើម្បីសម្រេច។
ជាមួយគ្នា គណៈកម្មាធិការជាតិរៀបចាំការបោះឆ្នោត (គ.ជ.ប) មិនទាន់កំណត់កាលបរិច្ឆេទ ជាក់លាកនៃយុទ្ធនាការបោះឆ្នោតនៅឡើយទេ។ ប៉ុន្តែបើតាមអ្នកនាំពាក្យ ឝ.ជ.ប បញ្ជាក់ថា ការឃោសនាបោះឆ្នោតនីតិកាលទី៦ នេះ នឹងមានរយៈពេល ២១ ថ្ងៃ គិតដល់ថ្ងៃបោះឆ្នោត។ គ.ជ.ប នឹងចំណាយថវិកាប្រមាណ ៥០ លានដុល្លារ ដើម្បីរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ ២០១៨នេះ ហើយគ.ជ.ប ត្រូវការហិបឆ្នោតប្រមាណ ២ ម៉ឺន ៤ ពាន់៕