ភ្នំពេញ៖ តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ និងឃុំខ្លូនបណ្តោះអាសន្នជាងកាត់សក់ម្នាក់ វ័យ ៧០ឆ្នាំ ក្រោមបទចោទ «ប្រមាថព្រះមហាក្សត្រ»។
យោងតាមដីកាបង្គាប់ ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា បានប្រាប់ឲ្យដឹងថា តុលាការសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ បាន សម្ភីរ ជាបណ្តោះអាសន្នក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ «ប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក»។
បើតាមដីកានេះ បានបញ្ជាក់ថា បុរសវ័យ ៧០ឆ្នាំនេះ គឺជាជាងកាត់សក់ បានចែកចាយបន្ត (shared) រូបភាព និងខ្លឹមសារ ប្រមាថព្រះមហាក្សត្រ ដោយគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៣ ខែ ឧសភា។ ជាងកាត់សក់រូបត្រូវបាន លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ សម្រេចចោទប្រកាន់តាមមាត្រា ៤៣៧ ស្ទួននៃក្រមព្រហ្មទណ្ឌ។
នេះជាករណីទី២ ហើយ ដែលតុលាការសម្រេចឃុំខ្លួនពលរដ្ឋក្រោមបទ «ប្រមាថព្រះមហាក្សត្រ» ចាប់តាំងពីច្បាប់ថ្មីនេះត្រូវបានធ្វើវិសោធនកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះ។
កាលពីសប្តាហ៍មុន ករណីដូចគ្នានេះ តុលាការបានសម្រេចឃុំគ្រូបង្រៀនម្នាក់ ស្ថិនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមបទចោទប្រមាថព្រះមហាក្សត្រ។ គ្រូបង្រៀនម្នាក់នោះមានឈ្មោះថា ឃាង ណាវី ភេទប្រុស វ័យ ៥០ ឆ្នាំ ជាគ្រូបង្រៀន និងជានាយក សាលាបឋមសិក្សា។ ការចាប់ខ្លួននេះគឺមួយថ្ងៃ ក្រោយសារ និងខំមិន(comment) នៅលើបណ្តាញសង្គម Facebook។
ក្នុងមាត្រា ៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌស្តីពីបទប្រមាថព្រះមហាក្សត្រ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ ទៅ ៥ឆ្នាំ និងរងការពិន័យជាប្រាក់ពី ២ លានដល់ ១០លានរៀល៕