លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស អះអាងថា ការអំពាវនាវរបស់លោកឱ្យពលរដ្ឋធ្វើពហិការកុំទៅបោះឆ្នោតជាតិនាពេលខាង គឺលោកមិនមានមធ្យោ បាយ និងបំណងថោកទាប ទៅរារាំងពលរដ្ឋនោះទេ បើពលរដ្ឋមានចិត្តចង់ទៅបោះឆ្នោតនោះ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីរាត្រីថ្ងៃទី១៨ ឧសភា ម្សិលមិញ។ បើតាមលោក សម រង្ស៊ី ការចេញ ទៅបោះឆ្នោត ឬមិនចេញទៅបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋ តែលោកចាត់ទុកការបោះឆ្នោតជាតិនាពេលខាងមុខនេះថា ជាការបោះឆ្នោតក្លែងក្លាយ ព្រោះគ្មានវត្តមានបក្សប្រឆាំងចូលរួម។
លោក សម រង្ស៊ី សរសេរបន្តថា នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលនិងគូកនរបស់ខ្លួនកំពុងមានចំណាត់ការប្តឹងលោកពាក់ព័ន្ធនឹងការអំពាវនាវនេះ។ តែយ៉ាងណាសម្រាប់លោក សម រង្ស៊ី ការអំពាវនាវរបស់គូបដិបក្ខដែលជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាសិទ្ធិរបស់ពួកគេ។ លោកក៏ស្នើឱ្យគូបដិបក្ខរបស់ខ្លួនគោរពសិទ្ធិរបស់លោកវិញដែរ ករណីដែលលោកអំពាវនាវឱ្យពលរដ្ឋកុំចេញទៅបោះឆ្នោតនេះ។
កាលពីទី១៧ ឧសភា ក្នុងសប្តាហ៍នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ដែលនៅតែបន្តធ្វើការឃោសនាកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា។ គ.ជ.ប ចាត់ទុកទង្វើរបស់លោក សម រង្ស៊ីថា ជាការការឃោសនា«ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត» និង «ប៉ះពាល់ដល់សន្តិសុខជាតិ»។
ចំណាត់ការទាំងនេះធ្វើឡើងស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈរិះគន់ គ.ជ.ប និងអំពាវនាវដោយបើកចំហឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ខណៈលោក សម រង្ស៊ី បានអំពាវនាវឲ្យចែកខិត្តប័ណ្ណជំរុញពលរដ្ឋកុំឲ្យទៅបោះឆ្នោតដោយចាត់ទុកការបោះឆ្នោតខាងមុខថា «ក្លែងក្លាយ» និង «គ្មានន័យ» ដោយសារតែពុំមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង។
ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី នេះប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងៗផងដែរ ហើយចាត់ទុកសកម្មភាពរបស់អតីតមេបក្សប្រឆាំងនេះថា ជាការប្រព្រឹត្តផ្ទុយពីច្បាប់ និងជាគំនិតអគតិ៕