ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ រស់នៅក្នុងស្រុកពីរ នៃខេត្ដកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុង ផាត ហើយភាគច្រើនពួកគេ ជាស្ត្រី បាននាំគ្នាឡើងមករាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ដើម្បីដាក់លិខិតទៅក្រសួងដែន និងខុទ្ទកាល័យនាយករដ្ឋមន្ដ្រីដើម្បីសុំអន្ដរាគមន៍។ ពួកគេប្ដេជ្ញាថា មិនចាកចេញពីភ្នំពេញឡើយ បើគ្មានដំណោះស្រាយជាក់លាក់។ ករណីនេះ មន្ដ្រីនាំពាក្យ នៃក្រសួងដែនដីបញ្ជាក់ថា ក្រសួងស្នើឲ្យពួកគាត់វិលទៅវិញដោយរង់ចាំដោះស្រាយជាមួយមន្ទីរដែនដីខេត្ដ ។ តែអ្វីគួរអោយចាប់អារម្មណ៍ឃើញថាស្ត្រី នាំមុខបុរស ក្នុងការតវ៉ានេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ខណៈ កំពុងប្រឈមមុខ តានតឹងជាមួយអាជ្ញាធរ ឃើញថាស្ត្រី ដែលអះអាងថា មកពីខេត្តកោះកុង មករកអន្តរាគមន៍ដល់រាជធានីភ្នំពេញនេះ ពួកគាត់ មានសកម្មភាព យ៉ាងសកម្ម ជាងបុរសទៅទៀត ដោយ បញ្ចេញមតិ ករណីរបស់ពួកគេ សឹងគ្រប់ៗគ្នា ដែលមើលទៅ ហាក់មិនខ្លាចសមត្ថកិច្ចឡើយ។ ស្ត្រីទាំងនោះ បានបង្ហាញ ជំហររឹងមាំ ថា ដីស្រែរបស់ពួកគេ ពិតជាមានទំនាស់ជាមួយក្រុមហ៊ុន ហើយមិនអាច ធ្វើស្រែចម្ការបានឡើយ។ ទាន់ទិនរឿងនេះ បណ្ដាញសង្គមហ្វេសប៊ុក បានផុសព្រោងព្រាតពីរូបភាព ស្ត្រីទាំងនោះ តស៊ូ នៅចំពោះមុខសមត្ថកិច្ច ខណៈដែលត្រូវអាជ្ញាធររារាំងមិនឲ្យចេញពីវត្តសាមគ្គីរង្ស៊ី។ មិនតែប៉ុណ្ណោះក្រុមស្ត្រីដែលមានទឹកមុខ ក្លាហានជាងបុរសនេះ បានប្ដេជ្ញាចិត្ដមិនត្រលប់ទៅផ្ទះទេ បើរដ្ឋាភិបាលមិនរកដំណោះស្រាយទាន់ពេលវេលា និងអាចទទួលយកបាន។
ទំនាស់ដីធ្លីនៅខេត្ដកោះកុងនេះ ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា គឺកើតឡើងតាំងពីឆ្នាំ២០០៦ មកម្លេះ ដោយសារបានបាត់បង់ដី ទៅលើក្រុមហ៊ុន លីយ៉ុងផាត់ ដែលបានយកទៅដាំអំពៅ ហើយគ្មានសំណង ឬការដោះដូរដីធ្លីសម្រាប់ពួកគាត់នោះទេ។
អ្នកស្រី ភាព សុគន្ធា តំណាងពលរដ្ឋដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី១៨ ខែឧសភានេះថា អ្នកស្រី និងពលរដ្ឋសហគមន៍របស់អ្នកស្ត្រីបានជួបការលំបាកជាខ្លាំង ក្រោយពេលដែលដីបង្កបង្កើនផល ត្រូវបានបាត់បង់។ អ្នកស្រីបន្ដថា ពលរដ្ឋមួយចំនួនបានចំណាកស្រុក ព្រោះតែពួកគេជាប់បំណុលធនាគារច្រើន និងគ្មានរបបប្រកបចិញ្ចឹមជីវិត។ លើសពីនេះ គោ-ក្របីរបស់ពលរដ្ឋដែលបានដាច់ចំណងចូលទៅស៊ីអំពៅ របស់ក្រុមហ៊ុន ត្រូវបុគ្គលិករបស់ក្រុមហ៊ុននេះ បាញ់សម្លាប់ជាញឹកញាប់ ៖«ពួកខ្ញុំដល់ពេលគេយកដី គ្មានអីឃ្វាលគោ ឃ្វាលក្របី គាត់ចេះតែថា ដូចខ្លះទៅក៏ដាច់ចំណង ដាច់អីចូលទៅគេមែន ហើយក៏មានការបាញ់សម្លាប់មែន។ មានការបាញ់សម្លាប់គោក្របី ដូចថា ប្រជាពលរដ្ឋគាត់មានការខ្វះខាតដូចជាស្រែ គាត់មានការចំណាកស្រុក ។ ចំណាកស្រុកចេញទៅក្រៅប្រទេស ជួបការលំបាកយ៉ាងខ្លាំង ហើយអ្នកនៅក្រោយហ្នឹងគាត់ក៏មានទុក្ខលំបាក ដោយសារគាត់ អត់ គាត់ទៅជាចងការអង្គការ ធនាគារ ដល់អញ្ចឹងទៅគាត់ចេះតែកើន (បំណុល)»។
តាមតំណាងពលរដ្ឋរូបនេះ បានបញ្ជាក់ទៀតថា មុនពេលសម្រេចចិត្ដឡើងមកភ្នំពេញលើកនេះ អ្នកស្រី ក៏ដូចជាអ្នកភូមិ បានរង់ចាំដំណោះស្រាយយ៉ាងយូរពីអាជ្ញាធរខេត្ដកោះកុង ក៏ប៉ុន្ដែគ្មានលទ្ធផលអ្វីនោះទេ។ អ្នកស្រី សុគន្ធា បន្ដទៀតថា ក្រុមពលរដ្ឋបានមកភ្នំពេញ កាលពីថ្ងៃទី១៧ ឧសភា ម្សិលមិញ ហើយពួកគេបានទៅដាក់លិខិតនៅក្រសួងដែនដី ក៏ប៉ុន្ដែក្រសួងស្នើឲ្យពួកគាត់ ត្រលប់ទៅដោះស្រាយជាមួយខេត្ដវិញ ។ យ៉ាងណាសំណើរបស់ក្រសួងដែនដីនេះ ពលរដ្ឋមិនព្រមនោះទេ ៖«ខ្ញុំទៅជួបម្សិលមិញហើយ គេឲ្យខ្ញុំទៅដោះស្រាយនៅខេត្ដវិញ ហើយខេត្ដគេបានមកជួបខ្ញុំ ហើយឲ្យពួកខ្ញុំត្រឡប់ទៅខេត្ដវិញ ដើម្បីធ្វើឯកសារសារជាថ្មីឡើងវិញ។ តែពួកប្រជាពលរដ្ឋខ្ញុំថា មិនអាចធ្វើជាថ្មីឡើងវិញទេ ព្រោះបានធ្វើរួចអស់ហើយ សារចុះសារឡើងជាពីរ បីដង រួចហើយ»។
អ្នកស្រី ភាព សុគន្ធា អះអាងថា ពលរដ្ឋទាំងអស់បានប្ដេជ្ញាថា នឹងមិនព្រមទៅវិញឡើយ បើសិនជា គ្មានដំណោះស្រាយពិតប្រាកដ។ អ្នកស្រី សំណូមពរដ្ឋប្រមុខដឹកនាំ រដ្ឋាភិបាល សុំឲ្យជួយដោះស្រាយបញ្ហារបស់គាត់ ៖«ចា សុខចិត្ដនៅត្រង់ណាក៏ដោយ ដើរទៅយប់ត្រង់ណានៅត្រង់ហ្នឹង ឲ្យតែគេឲ្យនៅ ពួកគាត់សុខចិត្ដ អង្គុយក៏អង្គុយដែរ កុំឲ្យដេញ។ ខ្ញុំគ្មានសំណូមពរអ្វីទេ ព្រោះខ្ញុំបានលើកម្រាម ១០ សុំដល់សម្ដេច ប៊ុនរ៉ានី ហ៊ុនសែន សុំឲ្យគាត់ជួយ រកដំណោះស្រាយឲ្យពួកខ្ញុំ ៣០២គ្រួសារ ឲ្យបានឆាប់ ព្រោះពួកខ្ញុំកំពុងតែមានការអត់ឃ្លានយ៉ាងខ្លាំងទុក្ខលំបាក»។
សំណើរបស់ក្រុមពលរដ្ឋទាំង ៣០២គ្រួសារនេះ គឺពួកគេចង់បានចំណងជាដីចំនួន ២ហិចតា និងប្រាក់ចំនួន ៣ពាន់ដុល្លារ សម្រាប់មួយគ្រួសារ ដើម្បីទូទាតការខូតខាត ដែលមិនបានបង្កបង្កើនផលរយៈពេលកន្លងមក។
វិទ្យុស្ត្រី មិនអាចរកប្រភពដើម្បីទាក់ទងសុំការឆ្លើយតបពី ក្រុមហ៊ុន លីយ៉ុងផាត់ ដែលត្រូវបានពលរដ្ឋចោទប្រកាន់នោះទេ។
យ៉ាងណាងជុំវិញករណីនេះ លោក សេង ឡូត មន្ដ្រីនាំពាក្យ នៃក្រសួងដីដែន នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រុមពលរដ្ឋពិតជាបានទៅដល់ក្រសួងដែនដី កាលពីថ្ងៃម្សិលមិញពិតមែន ក៏ប៉ុន្ដែករណីរបស់ពួកគាត់ គឺត្រូវទៅដោះស្រាយជាមួយសាលាខេត្ដកោះកុង ៖«ពីម្សិលគាត់មកសុំឲ្យក្រសួងជួយដោះស្រាយឲ្យបានលឿន ហើយក្រសួងបានជម្រាបជួនគាត់ហើយ ថា ឲ្យទៅសហការជាមួយសាលាខេត្ដកោះកុង»។
ទាក់ទិនទំនាស់ដីធ្លីនេះ លោក អំ សំអាត មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ករណីដីធ្លីនៅខេត្ដកោះកុងនេះ មិនមែនជារឿងថ្មីទេ គឺជាករណីដ៏រ៉ាំរ៉ៃយូរមកហើយ ដែលមន្ដ្រីដោះស្រាយវិវាទ ហាក់មានសកម្មភាពតិចតូច ក្នុងការរកដំណោះស្រាយ។ លោកបន្ដថា តាំងពីរឿងចាប់ផ្ដើមដំបូង ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល ធ្លាប់បានសំណូមពរឲ្យមន្ដ្រីពាក់ព័ន្ធ រួតរាស់ដោះស្រាយ ដើម្បីកុំឲ្យរឿងអូសបន្លាយលំបាកទៅថ្ងៃក្រោយ ក៏ប៉ុន្ដែសំណូមពរនេះ គឺមិនមានការអើពើនោះទេ ទើបបណ្ដាលឲ្យមានពលរដ្ឋតវ៉ាដូចនេះ ៖«ដូចជាករណីនេះអញ្ចឹង គឺវា ចង់ទុំជោរ ហើយអញ្ចឹងទៅ ប្រជាពលរដ្ឋលោកធ្វើការតវ៉ា ធ្វើការទាមទារ ហើយឡើងមកទីក្រុងភ្នំពេញ ហើយយើងឃើញហើយវាជាលទ្ធផល ដែលមិនល្អទៀត ដូចជាព្រឹកមិញ មានការរុញច្រាន មានការបិទមិនឲ្យចេញ មិនឲ្យអី ហ្នឹងវាទៅជា ត្រូវគេរិះគន់ទៅរឿងមួយថា បំបិទសិទ្ធិសេរីភាពរបស់គាត់ ក្នុងការទាមទារដោយសន្ដិវិធីអីវិញ»។
មន្ដ្រី របស់អង្គការ លីកាដូ រូបនេះ សំណូមពរ ឲ្យមានដំណោះស្រាយសមស្របសម្រាប់ពលរដ្ឋ ដើម្បីកុំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ តាមការកត់សម្គាល់ គឺអោយមានតែមានទំនាស់ដីធ្លីកើតឡើង គេឃើញមានស្ត្រី ឡើងមកតវ៉ាដល់ភ្នំពេញ ឬ តវ៉ានៅកន្លែង មានចំនួនច្រើនជាងបុរស ។ ស្ត្រីដែលឡើងមកតវ៉ានេះ បានមកតវ៉ា ទាំងកូនតូច នឹងខ្លួនផងដែរ។ ស្ត្រីទាំងនោះហាក់ គិតច្រើនពីជិវិតរស់នៅប្រកបដោយសុវត្ថិភាព។ តែជារឿយៗ ស្ត្រីទាំងនោះ ក៏រងការបង្ក្រាបពីសមត្ថកិច្ចដែរ ដោយសារពួកគេមិនគោរពការណែនាំ របស់សមត្ថកិច្ច៕