en     km
en     km

អា​មេ​រិ​ក​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​មិន​អនុញ្ញាតិ​ឲ្យ​CNRP​ចូលរួម​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ ក្រសួងការបរទេស​អា​មេ​រិ​ក​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចួ​ល​រួមការ​បោះ​ឆ្នោតជាតិ​។​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់​ទុក​ជំហរ​អា​មេ​រិ​ក​ជា​ការ​រំលោភច្បាប់​ និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ​។​

                                លោកស្រី Healther Nauert អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក។ រូបភាព៖ taken from US website

​យោង​តាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​កាល​ថ្ងៃ​ទី​ ១៧​ ខែ​ ឧសភា​ម្សិលមិញ​ថា​ ក្រសួងការបរទេស​អា​មេ​រិ​ក​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ ចួ​ល​រួមការ​បោះ​ឆ្នោតជាតិ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ខាង​មុខ​នេះ​។​

​លោកស្រី​ Healther​ Nauert​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ ការ​សម្រេច​នេះ​បាន​ទប់ស្កាត់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ដែល​ខ្លួនពេញចិត្ត​ និង​ចោទសួរ​អំពី​សុចរិត​ភាព​ដល់​ដំណើរការ​បោះ​ឆ្នោត​។​

​ជំហរ​របស់​អា​មេ​រិ​ក​ធ្វើ​ឡើង​ បន្ទាប់​ពី​ គ​.​ជ​.​ប​ បិទ​បញ្ជប់​ដំណើរការ​ចុះ​ប​ញ្ចី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ១៤​ ខែ​ ឧសភា​នេះ​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួមការបោះឆ្នោត​។

​ក្រសួងការបរទេស​អា​មេ​រិ​ក​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​បេក្ខជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ហើយ​អា​មេ​រិ​ក​ក៏​ទទូច​ឲ្យ​ដោះ​លែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ជា​បន្ទាន់​ផង​ដែរ​។

​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ ដោយសារ​លោក​ កឹ​ម​ សុខា​ រង​ការ​ចោទប្រកាន់​អំពើ​ក្បត់ជាតិ​ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​។

​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ជំហរ​អា​មេ​រិ​ក​ ដែល​ទទូច​ដោះ​លែង​ លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តល់​ភាព​ស្របច្បាប់​ដល់​បេក្ខជន​បក្ស​ប្រឆាំង​ឱ្យ​មាន​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ​ គឺជា​ទ​ង្វើ​មិន​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

​លោក​ សុខ​ ឥ​សាន​៖​ «​ពីព្រោះ​អតីត​មេ​បក្ស​ប្រឆាំង​ឬ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​នេះ​គឺ​កើត​ចេញពី​បទល្មើស​ធ្ងន់ធ្ងរ​ដែល​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ទេ​ គ្មាន​អ្នក​ណា​បង្កើត​ ឬ​រដ្ឋាភិបាល​ ឬក​ណ​បក្ស​កាន់​អំណាច​ជា​អ្នក​បង្កើត​ឲ្យ​គាត់​ទេ​។​ ខ្ញុំ​មានការ​សោកស្តាយ​ដែល​អស់លោក​អ្នក​ដែល​សម្តែង​ការ​សោកស្តាយ​កាន់ជើង​បក្ស​ប្រឆាំង​មិន​យល់​ពី​ច្បាប់​កម្ពុជា​ ហើយ​មិន​គោរព​ឯករាជ្យ​ភាព​ និង​អធិបតេយ្យភាព​កម្ពុជា​។​»​

​លោក​ សុខ​ ឥ​សាន​ ទទួលស្គាល់​ថា​ គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ពិតប្រាកដ​មែន​ដោយសារ​គណបក្ស​នេះ​ បាន​ប្រព្រឹត្តិ​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​។​ លោក​បន្ថែម​ថា​ ការ​ទទូច​របស់​សហរដ្ឋអាមេរិក​នឹង​គ្មាន​ប្រសិទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ឡើយ​។​

កាលពី​ស​ប្តា​ហ៍​​មុន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ចំពោះ​មុខ​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ថា​ គ្មាន​ការ​លើកទោស​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ជា​ដាច់ខាត​៕​

Share

ព័ត៌មានទាក់ទង

Image