ភ្នំពេញ ៖ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៨នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានធ្វើការងារបោសសម្អាត កាកសំណល់ជាតិផ្ទុះគ្រប់ប្រភេទ ដែលបន្សល់ទុកក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ។ រយៈពេល ២៥ឆ្នាំកន្លងមក ស្ថាប័នជាតិមួយនេះ បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះគ្រប់ប្រភេទចំនួន ២លាន ៧សែនគ្រាប់ ដែលស្មើប្រមាណ ៧២ភាគរយ នៃលទ្ធផលសរុបរួមនៅទូទាំងប្រទេស។ នេះបើយោងតាមគេហទំព័រ របស់លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភានេះ។
តាមគេហទំព័រដដែល គិតមកដល់ឆ្នាំ ២០១៨នេះ ស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីនជាង ១ពាន់គីឡូម៉ែត្រ។ ក្នុងបេសកកម្មនេះ មានមន្ដ្រីរបស់ស៊ីម៉ាក់ ចំនួន ១៥នាក់ បានពលីជីវិត និង ៨២នាក់ រងរបួសដល់ពិការ និងមន្ដ្រីចំនួន ២៥០នាក់ ផ្សេងទៀតបានបាត់បង់លទ្ធភាពពលកម្ម។ បច្ចុប្បន្ន បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលកំពុងបម្រើការងារសរុបមានចំនួនជាង ១៥០០នាក់ ហើយក្នុងនោះមានស្ដ្រីជាង ១០០នាក់។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចាប់ផ្ដើមបង្កើតឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៩២ នៅក្នុងគោលបំណង ដើម្បីជួយឲ្យមានសុវត្ថិភាពដល់ការតាំងទីលំនៅថ្មី នៃគ្រួសារជនមាតុភូមិនិវត្ដន៍ទាំងអស់ ដែលបានវិលត្រឡប់ពីបណ្ដាជំរុំជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា ថៃ។ ដោយសារតែបេសកកម្មការងារ ប្រកបដោយមនុស្សធម៌ និងចាំបាច់ ទើបព្រះបរមតនកោដ្ឋ ព្រះមហាវិរៈក្សត្រខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ដលេខា លើព្រះរាជក្រឹត្យ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០១ ប្រែក្លាយមជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា ឲ្យទៅជាស្ថាប័នជាតិមួយរហូតមកដល់បច្ចុប្បន្ននេះ។
កាលពីអំឡុងខែ មីនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានសម្រេចផ្ដល់ក្របខ័ណ្ឌ ជូនដល់មន្ដ្រីរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទាំងអស់ឲ្យស្ថិតក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក្នុងគោលបំណង ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបសោធននិវត្ស ពីរាជរដ្ឋាភិបាល ក្រោយពេលដែលពួកគាត់ដល់អាយុចូលនិវត្ដន៍ ឬក៏ពិការខណៈដែលបំពេញការងារ៕