ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចជំនួបពាណិជ្ជកម្មឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៥ (The 5th India‑CLMV Business Conclave) ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី ២១‑២២ ឧសភា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះផ្សាយកាលពីថ្ងៃទី១៦ ឧសភា ២០១៨។
យោងតាមសេចក្ដីជូនដំណឹង គឺ ជំនួបពាណិជ្ជកម្មនេះ នឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញដែលមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូជាន់ខ្ពស់ និងវិស័យឯកជនមកពីប្រទេស កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។
កិច្ចជំនួបនេះមានគោលបំណងដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងផ្ដល់ឳកាសដល់ពាណិជ្ជករអាចស្វែងរកដៃគូរពាណិជ្ជកម្ម និងវិនិយោគ។ ជាងនេះទៅទៀត ជំនួបនេះ ក៏នឹងធ្វើឳ្យមានការចែករំលែកព័ត៌មាន តាមរយៈកិច្ចពិភាក្សាតាមវិស័យអាទិភាពមួយចំនួនសម្រាប់ប្រទេសទាំងនេះផងដែរ។
សូមបញ្ជាក់ផងដែរថា កិច្ចជំនួបពាណិជ្ជកម្មនេះ លើកទី ៤ កាលពីឆ្នាំ ២០១៧ បានធ្វើឡើងនៅទីក្រុងចាពួរនៃសាធារណៈរដ្ឋឥណ្ឌា ៕(អត្ថបទ៖លោក សោម លាភ)