ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយលើទំព័រកាសែតរបស់ខ្លួននៅថ្ងៃទី១៧ ឧសភានេះដោយប្រកាសថា គេហទំព័រព័ត៌មានរបស់ខ្លួនមិនត្រូវបានហេកឃ័រវៀតណាមលួចហេកនោះទេ ហើយថាការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីម្សិលមិញគឺជារឿងមិនពិត។
កាសែតភ្នំពេញប៉ុស្តិ៍អៈអាងថា ស្ថាប័នខ្លួនបានធ្វើតេស្តលើគេហទំព័រពីសំណាក់ក្រុមអ្នកជំនាញបរទេសផងដែរ ដោយរកឃើញថា គ្មានការវាយប្រហារណាមួយពីហេកឃ័រនោះឡើយ។
កាសែតពីរភាសានេះបានស្រង់សម្តីលោក សេង ណាក់ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យារបស់កាសែតភ្នំពេញប៉ុស្តិ៍ ដោយលោកនិយាយថា លោកបានផ្ទៀងផ្ទាត់ប្រព័ន្ធទាំងមូលរួចហើយ គឺមិនមានបញ្ហាអ្វីនោះទេ។ គេហទំព័រនេះមិនត្រូវបានគេហេកនោះទេ។
ការចេញមុខអៈអាងរបស់កាសែតភ្នំពេញប៉ុស្តិ៍នេះ បន្ទាប់ពីនាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ណាលី ពីឡូក (Naly Pilorge) ត្រូវបានសារព័ត៌មានអូស្ត្រាលី ABC ស្រង់ប្រសាសន៍ថា ម៉ាស៊ីនកុំព្យូទ័រជាច្រើនគ្រឿងក្នុងការិយាល័យរបស់អង្គការអ្នកស្រី បានក្លាយជាគោលដៅវាយលុកនៃមេរោគកុំព្យូទ័រ នៅពេលដែលបុគ្គលិកអង្គការអ្នកស្រី ចូលទៅបើកមើលគេហទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍។ អ្នកស្រីថា អង្គការអ្នកស្រីបានចាត់វិធានការបង្ការនានារួចហើយដើម្បីទប់ស្កាត់មេរោគនេះ។
ក្រុមហ៊ុនសន្តិសុខបណ្ដាញអ៊ីនធឺណិតឈ្មោះ FireEye មានមូលដ្ឋាននៅរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ថ្លែងប្រាប់សារព័ត៌មាន ABC អូស្ត្រាលីថា ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ APT32 ដែលគាំទ្រដោយរដ្ឋវៀតណាម កំពុងតែធ្វើសកម្មភាពវាយប្រហារ និងលួចយកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតពីបរទេស ដើម្បីបម្រើផលប្រយោជន៍នយោបាយឲ្យរដ្ឋវៀតណាម៕