ភ្នំពេញៈ ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានប្រតិកម្ម ដោយសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជាធ្វើឡើងដោយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានចោទអង្គការមួយនេះថា បានរំលោភដែនសមត្ថកិច្ចរបស់ខ្លួន និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលចេញកាលពីថ្ងៃទី ១៤ ខែឧសភា។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ចេញផ្សាយកាលពីថ្ងៃទី១៤ ឧសភា បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយសង្កេតឃើញថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងតែរំលោភលើដែនសមត្ថកិច្ចរបស់កម្ពុជា។
ការបញ្ចេញប្រតិកម្មរបស់កម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍សង្ខេបស្តីពីកម្ពុជា ដែលថ្លែងដោយអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨។
កាលពីថ្ងៃទី ១១ ខែឧសភា នោះ អ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិបានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នៅកម្ពុជា ដែលបានតម្កល់សាលដីកាសមាជិក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទ «កុបកម្ម»ដោយឃុំខ្លួនពួកគេនៅពន្ធនាគារ។ជាងនេះទៀត ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏ចោទរដ្ឋាភិបាលកម្ពុជាថាបាននិងកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកមានមតិជំទាស់នានាផងដែរ។
សេចក្តីប្រកាសព័ត៌មានកម្រាស់ពីរទំព័ររបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់ថា ការចេញសេចក្តីថ្លែងការណ៍ស្ថាប័នសិទិ្ធមនុស្សនេះ បានរំលោភលើស្មារតីនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ដែលតម្រូវឱ្យឧត្តមស្នងការត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងយុត្តាធិការផ្ទៃក្នុងរបស់រដ្ឋភាគីនីមួយៗ។
បន្ថែមពីនេះស្ថានបេសកកម្មកម្ពុជា បានលើកយកមាត្រា២.៧នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងមានត្រា ២ និងមាត្រា៣ នៃអនុស្សរណៈដែលចង្អុលបង្ហាញពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺមានភារកិច្ចផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីជំរុញការការពារសិទ្ធិមនុស្ស មិនមែនមកដើរតួនាទីជាអ្នកត្រួតពិនិត្យ ចង្អុលឈ្មោះ និងបន្តុះបង្អាប់ការងាររបស់ស្ថាប័នកម្ពុជានោះឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ភាគីកម្ពុជាចាត់ទុកសេចក្តីថ្លែងការណ៍សង្ខេបស្តីពីកម្ពុរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ជាទង្វើប្រងើយកន្តើយចំពោះគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងនានា ថែមទាំងបានរំលោភយ៉ាងច្បាស់លើដែនអាណត្តិរបស់ខ្លួន តាមរយៈការជ្រៀតជ្រែករបស់កម្ពុជា។
កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសមន្ត្រី និងសកម្មជន អតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទកុបកម្ម និងដឹកនាំធ្វើកុបកម្មពាក់ព័ន្ធនឹងការតវ៉ាមួយដែលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមសន្តិសុខខណ្ឌដូនពេញ និងអ្នកតវ៉ាដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤។
យោងតាមកំណត់ហេតុសង្ខេបស្តីពីប្រទេសកម្ពុជាដោយអ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវចេញកាលពីថ្ងៃទី ១១ ខែឧសភា បានសម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចផ្តន្ទាទោស សមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងចំនួន ១១ រូបពីបទ «កុបកម្ម»។
កំណត់ហេតុសង្ខេបនោះបានគូសបញ្ជាក់ដូច្នេះថា៖ «សមាជិកគណបក្សសង្គ្រោះជាតិទាំង ១១ រូបនេះដែលត្រូវបានជាប់ឃុំអស់រយៈពេលជិត ៣ ឆ្នាំទៅហើយហាក់ត្រូវបានផ្តន្ទាទោស ដោយសារតែទស្សនៈនយោបាយរបស់ពួកគេ និងដោយសារតែការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន។ កន្លងមកយើងបានលើកឡើងពីកង្វល់ដែលថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកមានមតិជំទាស់នានា»៕