ភ្នំពេញ ៖ ការបោះឆ្នោតសភានៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ឧសភា ត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថាធ្វើឡើង ដោយត្រឹមត្រូវសមនឹងទទួលយកបាន។ តែនៅក្នុងការបោះឆ្នោតនេះ បក្សប្រឆាំង បានឈ្នះបក្សកាន់អំណាច BN របស់នាយករដ្ឋមន្ត្រីណាជិពរ៉ាហ្ស៉ាក់ ជាលើកដំបូង។ ពិភពលោកសាទរ នាយករដ្ឋមន្ត្រីថ្មីលោកមហាធាមហាម៉ាត។ ចំណែក បក្សកាន់អំណាចនៅកម្ពុជា វិញ ក៏បានសាទរ ជ័យជម្នះរបស់ លោកមហាធាដែរ។ ស្របពេលនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានដើម្បីវាយតម្លៃស្ថានការណ៍បោះឆ្នោតនៅម៉ាឡេស៊ីនេះដែរ។
នៅប្រទេសម៉ាឡេស៊ី ការបោះឆ្នោតជ្រើសរើសសមាជិកសភា និងមេដឹកនាំថ្មី បានបញ្ចប់ដោយបក្សប្រឆាំងរបស់ប្រទេសនេះ ទទួលជ័យជម្នះ ។ ទន្ទឹមនឹងនេះក្រុមអ្នកសង្កេតការណ៍ជាតិ អង្គការ អន្ដរជាតិ វាយតម្លៃថា ការបោះឆ្នោតនេះ ប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងស្ថាប័នបោះឆ្នោត នៃប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីលោកមហាធាមហាម៉ាតបានស្បថធ្វើជានាយករដ្ឋមន្ត្រី គេសង្កេតឃើញ ប្រទេសជាច្រើនបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់គ្នាដោយ ចាត់ទុកលទ្ធផលនៃការបោះឆ្នោតនេះ ឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជន។ ដោយឡែក កម្ពុជា ក៏បានសាទរការបោះឆ្នោតនេះដែរ។ អ្នកនាំពាក្សបក្សប្រជាជនកម្ពុជា លោកសុខឥសាន្តបាន ប្រាប់វិទ្យុស្ត្រីថា ក្នុងនាមលោកជាអ្នកនាំពាក្យបក្សកាន់អំណាច លោកក៏សូមចូលរួមជាមួយប្រទេស ដទៃ អបអរសាទរឆន្ទៈរបស់ប្រជាជន នៃប្រទេសម៉ាឡេស៊ីនេះដែរ។
ចំណែក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ ជ ប) ដែលបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅម៉ាឡេស៊ី ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការវាយតម្លៃ ស្ថានការណ៍បោះឆ្នោតនៅប្រទេសម៉ាឡេស៊ីនេះដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានហៅការបោះឆ្នោតសភានៅម៉ាឡេស៊ី សមនឹងទទួលយកបាន បើទោះជា មិនអាចវាស់វែងថាត្រូវស្តង់កម្រិតណានោះទេគឺអាស្រ័យលើ បទដ្ឋាន ច្បាប់របស់ប្រទេសម៉ាឡេស៊ី។ សម្រាប់ គ. ជ. ប កម្ពុជា ថា ការបោះឆ្នោតសភា នៅចុងខែកក្កដា ក៏កម្ពុជា ត្រូវ ធ្វើអោយការបោះឆ្នោតប្រព្រឹត្តទៅល្អប្រសើរហើយមានអ្នកសង្កេតការណ៍ប្រទេសម៉ាឡេស៊ី ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាដែរ។
ទាក់ទិនការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីនេះ នាយកប្រតិបត្ដិអង្គការសង្កេតការណ៍បោះឆ្នោតមួយនៅកម្ពុជា មានប្រសាសន៍ថា នៅប្រទេសម៉ាឡេស៊ី មុនការបោះឆ្នោតចូលមកដល់ ស្ថានភាពមិនជាល្អប្រសើរប៉ុន្មានទេ ពោលគឺមានទំនាស់ នយោបាយជាច្រើនបានកើតឡើង។ ប៉ុន្ដែអ្នកនយោបាយប្រទេសនេះ បានតម្កល់ផលប្រយោជន៍ជាតិជាធំ នាំឲ្យមានឯកភាពជាតិ។
លោក សំ គន្ធាមី នាយកប្រតិបត្ដិ អង្គការ និកហ្វិច ដែលជាអង្គការសង្កេតការណ៍បោះឆ្នោតមួយនៅកម្ពុជា ចង់ឲ្យអ្នកនយោបាយនៅកម្ពុជា គួរយកគំរូនៃការឯកភាពជាតិរបស់ប្រទេសម៉ាឡេស៊ី មកអនុវត្ដន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិមានការរីកចម្រើន។
លោក សំ គន្ធាមី ៖«មានការប្រទូសរ៉ាយគ្នាខ្លះដែរកាលមុនដំណាក់កាលបោះឆ្នោត។ ប៉ុន្ដែគេចេះរៀប ចេះរួបរួមគ្នា ចេះនិយាយគ្នាទៅ ដំណើរការហ្នឹងវារលូនទៅវិញ វាអត់មានការប្ដឹងតវ៉ាធ្វើបាតុកម្មអីអញ្ចឹង។ យើងធ្លាប់បានធ្វើម្ដងហើយវប្បធម៌សន្ទនាហ្នឹង ដំណើរការបានរលូនហើយ ប៉ុន្ដែមិនជាយ៉ាងម៉េចបានជាយើងបោះឆ្នោតវប្បធម៌សន្ទនាចោល បែរជាមកប្រឈមមុខដាក់គ្នា មិនព្រមនិយាយគ្នាសោះអញ្ចឹង។ យើងចង់ឲ្យបានដូចគេអញ្ចឹង»។
តែអ្វីដែល លោកសំ គន្ធាមី បានលើកឡើង ហាកមិនទទួលបានការស្វាគមន៍ពីមន្ត្រីបក្សកានម់អំណាចនៅកម្ពុជានោះទេ។ លោកសុខឥសាន្ត អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា ចាត់ទុកការយល់ឃើញរបស់ មន្ត្រីសង្គមស៊ីវិលរូបនេះថា មិនបានឆ្លុះបញ្ជាំងពីទិដ្ឋភាព ច្បាប់នៅកម្ពុជា។ លោកថា បក្សកាន់អំណាចតែងធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ។
នៅក្នុងការបោះឆ្នោតសភាម៉ាឡេស៊ី កាលពីថ្ងៃទី៩ឧភា ជ័យជម្នះបានទៅលើបក្សប្រឆាំងរួបរួមរបស់លោកមហាធាមហាម៉ាត និងលោកអាន់វ៉ាអ៊ីប្រាហ៊ិម ដោយបាន១១៥អាសនៈ នៃអាសនៈសរុប ២២២ ។ ចំណែកបក្សកាន់អំណាចរបស់លោកនាកយករដ្ឋមន្ត្រីណាជីពបាន ៧៩អាសនៈ ដោយបាត់បង់ អាសនៈដែលខ្លួនគ្រប់គ្រងក្នុងការបោះឆ្នោតឆ្នាំ២០១៣ ចំនួន ៥៤អាសនៈ៕