ភ្នំពេញ៖ កាសែតជប៉ុន NHK បានចុះផ្សាយអត្ថបទរបស់ខ្លួន នៅសៅរិ៍ទី១២ឧសភានេះ ថា រដ្ឋាភិបាលជប៉ុនបន្តអំពាវនាវកម្ពុជាធានាអោយបាននូវការបោះឆ្នោតមួយ ឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាជនកម្ពុជា។
ការសែតជប៉ុនNHK បានអោយដឹងថាគោលបំណងរបស់ប្រទេសជប៉ុនដូចនេះ ធ្វើក្នុងជំនួបមួយ រវាងមន្ត្រីរដ្ឋាភិបាលជប៉ុន និងមន្ត្រីកម្ពុជា កាលពីថ្ងៃសុក្រទី១១ឧសភា នៅរាជធានីភ្នំពេញ។
តាមប្រភពដដែល មន្ត្រីប្រទេសទាំងពីរបានពិភាក្សាគ្នា អំពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជាហើយក្នុងកិច្ចពិភាក្សានេះ មន្ត្រីកម្ពុជាបានប្រាប់មន្ត្រីជប៉ុនថា កម្ពុជា កំពុងខិតខំដើម្បីធ្វើអោយស្ថានភាពសិទ្ធិមនុស្សកាន់តែប្រសើរ។ ចំណែកឯបក្សនយោបាយវិញកំពុងតែធ្វើសកម្មភាពរបស់ខ្លួន លើកលែងតែ បក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ NHK មិនបានស្រង់សម្ដីមន្ត្រីកម្ពុជា ថាកម្ពុជាត្រូវធ្វើតាមការស្នើសុំរបស់ជប៉ុនយ៉ាងណានោះទេ ។តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសាន្តបានប្រាប់វិទ្យុស្រី្តថា ដោយសារតែមានការស្នើពីរដ្ឋាភិបាលជប៉ុនដូចនេះហើយ បានជាកម្ពុជា និងបក្សកាន់អំណាចត្រូវធ្វើការបោះឆ្នោត មួយប្រកបការទទួលខុសត្រូវ និងឆ្លើយតបតាមច្បាប់បោះឆ្នោតរបស់កម្ពុជា។ លោក បន្តរដ្ឋាភិបាលជប៉ុនដែលមានទំនុកចិត្តលើការបោះឆ្នោតនេះ ហើយ ទើបជប៉ុននៅបន្តជួយកិច្ចការបោះឆ្នោតសម្រាប់ប្រទេសកម្ពុជា។
ជប៉ុនជាប្រទេសធំមួយជួយកម្ពុជាយ៉ាងខ្លាំងចាប់តាំងពីកម្ពុជាបានសន្តិភាពតាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារិស ២៣តុលា១៩៩១។ នៅរយៈពេលចុងក្រោយនេះ នៅពេលកម្ពុជា កំពុងធ្វើដំណើរទៅរកការបោះឆ្នោតសភា ចុងខែកក្កដាឆ្នាំ២០១៨ ប្រទេសជប៉ុនបានបញ្ជូនមន្ត្រីរបស់ខ្លួនជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសផងអោយមកកាន់កម្ពុជា ហើយវត្តមានរបស់មន្ត្រីជប៉ុនបានបន្តលើកឡើងនៅចំពោះមុខមន្ត្រីកម្ពុជាដោយជំរុញ កម្ពុជាត្រូវធានាការបោះឆ្នោតធ្វើឡើងដោយ ត្រឹមត្រូវនិងឆ្លើយតបឆន្ទៈរបស់ប្រជាជន៕