ភ្នំពេញ ៖ មន្ដ្រីរបស់ គ.ជ.ប ព្រមានពីការផាកពិន័យជាប្រាក់ និងត្រូវជាប់ពន្ធនាគារ ចំពោះជនណាដែលបង្កការរារាំងដល់ដំណើរការបោះឆ្នោត។ អ្នកទាំងនោះនឹងត្រូវផាកពិន័យចន្លោះពី ៥លានរៀល ទៅដល់ ២០លានរៀល តែក្នុងករណីដែលជននោះបង្ករបួសស្នាម ពួកគេនឹងប្រឈមការជាប់ពន្ធនាគារ។ ជុំវិញរឿងនេះ មន្ត្រីអង្គការសង្កេតការបោះឆ្នោតនៅកម្ពុជា ទទូចឲ្យអនុវត្ដន៍ច្បាប់ស្មើគ្នារវាងមន្ដ្រី ពលរដ្ឋ និងអ្នកធ្វើនយោបាយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ទន្ទឹមនឹងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី ០៦ នៅសល់តែ ២ខែទៀតនោះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួននឹងចែកខិត្ដប័ណ្ណប្រាប់ទៅពលរដ្ឋកុំទៅបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ឆ្នាំ២០១៨ បើគ្មានវត្ដមានបក្សសង្គ្រោះជាតិចូលរួម។
ការប្រកាសរបស់លោក សម រង្ស៊ី ដូចនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្កោលយ៉ាងខ្លាំង ហើយក្រសួងមហាផ្ទៃបានចាត់ទុកថា ការអំពាវនាវនេះ គឺជាការញុះញង់ឲ្យមានភាពវឹកវក្នុងសង្គម។ លើសពីនេះ ក្រសួងមហាផ្ទៃបានអះអាងទៀតថា ខ្លួននឹងសហការជាមួយ គ.ជ.ប បង្ក្រាបទៅលើអ្នកចែកខិត្ដប័ណ្ណនេះ បើទោះជាក្នុងតម្លៃណាក៏ដោយ។
ពាក់ព័ន្ធករណីនេះ លោក ឌឹម សុវណ្ណរ៉ុម មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់វិទ្យុស្ដ្រីថា គ.ជ.ប គ្មានការព្រួយបារម្ភពីបញ្ហា នៃការរំខានដល់ការបោះឆ្នោត ដោយបុគ្គលណានោះទេ ព្រោះច្បាប់បានចែងយ៉ាងច្បាស់ហើយពីទោសទណ្ឌសម្រាប់ជនទាំងអស់នោះ។ មន្ដ្រីនាំពាក្យបានបញ្ជាក់ថា ជនទាំងនោះនឹងត្រូវផាកពិន័យជាប្រាក់ចន្លោះពី ៥លានរៀល ទៅដល់ ២០លានរៀល ដោយមិនទាន់បូកជាមួយនឹងទោសព្រហ្មទណ្ឌឡើយ។
លោក ឌឹម សុវណ្ណរ៉ុម ៖«មាត្រា ១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រចែងយ៉ាងច្បាស់ ត្រូវពិន័យជាប្រាក់ពី ០៥លានរៀល ទៅដល់ ២០លានរៀល ដោយមិនបូកជាមួយនិងទោសព្រហ្មទណ្ឌ»។
លោក ឌឹម សុវណ្ណរ៉ុម បញ្ជាក់បន្ថែមថា គ.ជ.ប នឹងធ្វើការងាររបស់ខ្លួនប្រកបដោយស្ដង់ដា តម្លាភាព វិជ្ជាជីវៈ រួមផ្សំនិងសច្ចភាពការងារ។
ជុំវិញករណីនេះលោក កន សាវ៉ាង្ស មន្ដ្រី នៃអង្គការ ខុមហ្វ្រែល មានប្រសាសន៍ថា ជាការពិតបើសិនជាមាននណាម្នាក់ទៅធ្វើសកម្មភាពរារាំង ឬក៏រំខានដល់ដំណើរការបោះឆ្នោត ពួកគេនឹងប្រឈមទោសទណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ តែយ៉ាងណាលោកសំណូមពរឲ្យមានការចាត់វិធានការច្បាប់ដោយស្មើភាពរវាង មន្ដ្រី ពលរដ្ឋ និងអ្នកនយោបាយ។
លោក កន សាវ៉ាង្ស ៖«អញ្ចឹងបើក្រសួងមហាផ្ទៃធ្វើកិច្ចការរឿងអស់នេះជាមួយនិងគ.ជ.ប គឺធ្វើឲ្យបានស្មើភាពគ្នា ជាគោលការណ៍គឺស្មើភាពគ្នា»។
សូមជម្រាបថា មាត្រា ១៤២ នៃច្បាប់ស្ដីពីបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី ០៦ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយទណ្ឌកម្មនេះ ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាបានប្រព្រឹត្ដនូវគ្រប់មធ្យោបាយទុច្ចរិត ដែលមានដូចជា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត។ បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្ដអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់។ ធ្វើឲ្យបាត់ទំនុកចិត្ដលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្ដលើការបោះឆ្នោត។ បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន។ ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។
តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនេះ ជនដែលបានប្រព្រឹត្ដដូចអ្វីដែលរៀបរាប់ខាងលើ ពួកគេនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមពីលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌទី១។ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត សភានីតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្ដេចនាយករដ្ឋមន្ត្រី រំពឹងថា គណបក្សនយោបាយ នឹងចូលរួមបោះឆ្នោតច្រើនជាងការបោះឆ្នោតសភា នីតិកាលទី ០៥ ឆ្នាំ២០១៣ បើទោះជាគ្មានគណបក្សសង្គ្រោះជាតិចូលរួមក៏ដោយ៕