ភ្នំពេញ៖ តុលាការខេត្តព្រៃវែងសម្រេចឃុំខ្លួនកូនប្រុសលោកស្នងការរងក្នុងពន្ធនាគារក្រោមបទចោទ«ចាប់បង្ខាំងនារីម្នាក់ក្នុងគោលបំណងរំលោភសេពសន្ថវៈ» ហើយមានបំណងលក់នារីបន្តដើម្បីបម្រើសេវាផ្លូវភេទ។
បើយោងតាមដីកាបង្គាប់របស់តុលាការចុះផ្សាយនៅថ្ងៃសោរ៍នេះ ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឹម មករា អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរសក្តិអនុសេនីយ៍ទោ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លូន និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី ១១ ខែ ឧសភានេះ។
បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបង្ខាំងនាងទុកនិងចាប់រំលោភអស់រយៈជាច្រើនខែ ហើយមានបំណងលក់នាងបន្តទៀតដើម្បីបម្រើសេវាផ្លូវភេទ និងគំរាមកំហែងបាញ់សម្រាប់នាងផងដែរ។នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
នៅថ្ងៃទី ១២ ឧសភានេះ ចៅក្រមស៊ើបសួរនៃអយ្យការអបសាលាដំបូងចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យក្រោមបទចោទអំពើរំលោភសេន្ថវៈមានស្ថានទម្ងន់ទោស ការបង្ខាំងដោយខុសច្បាប់ និងសញ្ចារកម្មមានស្ថានទម្ងន់ទោស តាមមាត្រា ២៤០ មាត្រា ២៥៣ និង មាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ។នេះបើតាមដីកាបង្គាប់របស់តុលាការ។
ជនសង្ស័យប្រព្រឹត្តិទៅលើជនរងគ្រោះចាប់តាំងពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨នេះ៕