ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ស្នើសុំដល់រដ្ឋាភិបាលអនុញ្ញាតឲ្យលោក កឹម សុខា អតីតមេបក្សប្រឆាំង អាចរស់នៅក្រៅឃុំបណ្តោះអាសន្ន នៅក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ។
បើតាមសេចក្តីអំពាវនាវ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចុះនៅថ្ងៃទី ១១ ខែ ឧសភានេះ បានស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលអនុញ្ញាឲ្យលោក កឹម សុខា អតីតមេបក្សប្រឆាំង អាចស្ថិតនៅក្រៅឃុំ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដើម្បីបង្កបរិយាកាស នយោបាយមុនការបោះឆ្នោតឲ្យបានប្រសើរឡើង។
ក្នុងខ្លឹមសាដើមបានសរសេរថា «គ.ប.ម សូមស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជាដោយមូលហេតុមនុស្សធម៌ និងដើម្បីបង្កបរិយាកាសនយោបាយមុនការបោះឆ្នោតឲ្យបានប្រសើរឡើង អនុញ្ញាឲ្យលោក កឹម សុខា អាចស្ថិតនៅក្រៅឃុំ ឬត្រឹមការឃុំឃាំងក្នុងគេហដ្ឋានក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។»
គណបក្សនេះស្នើឲ្យរាជរដ្ឋាភិបាលពិចារណាលើការលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំដល់អ្នកទោសមនសិការ និងសកម្មជនដីធ្លីមួយចំនួន។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកំពុងជាប់ឃុំឃាំងជាង ៨ ខែមកហើយ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកណ្តាលយប់ក្នុងគេហដ្ឋានរបស់លោកនៅដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ហើយឃុំខ្លួនលោកក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បួងឃ្មុំ ក្បែរព្រំដែនប្រទេសវៀតណាម។
នៅចំពោះមុខកម្មកររោង នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃពុធ ទី៩ ឧសភានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងវាយប្រហារលើអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ មានបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល គឺគេមិនដោះលែងអោយមានសេរីភាពឡើយ។ ប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលមិននិយាយចំឈ្មោះអ្នកនយោបាយណាទេ តែទំនងជាចង់សំដៅដល់លោក កឹម សុខា។
សូមបញ្ជាក់ថា ក្រៅពីគណបក្ស គ.ប.ម សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិនានា បានទទូចឲ្យមានការដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យតំណាងរាស្ដ្រចំនួន ១១៨ នាក់របស់បក្សប្រឆាំង អាចធ្វើនយោបាយឡើងវិញ បន្ទាប់ពីជាប់បម្រាមហាមធ្វើនយោបាយរយៈពេល ៥ ឆ្នាំ៕