ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប ដែលនឹងនាំឲ្យរាជធានី ខេត្ដមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយតំបន់ខ្លះ ទឹកភ្លៀងនឹងបង្កជាជំនន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍អាកាធាតុរបស់ក្រសួងធនធានទឹក ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា។
ឆ្នាំ២០១៨ នេះ រដូវវស្សាបានចូលមកដល់ពេញលេញកាលពីថ្ងៃទី០៥ ខែឧសភា ។ សារព័ត៌មាន Fresh news បានស្រង់សម្ដីមន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឲ្យដឹងថា បណ្ដាខេត្ដមួយចំនួន ស្ថិតនៅក្បែរព្រំដែនកម្ពុជា-ថៃ បានទទួលរងឥទ្ធិពលពីទឹកភ្លៀងខ្លាំងជាងបណ្ដាខេត្ដផ្សេងៗ។ ខេត្ដទាំងនោះរួមមាន ខេត្ដបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្ដព្រះវិហារ បើទោះជាខេត្ដទាំងនេះរងគ្រោះដោយជំនន់ទឹកភ្លៀងក្ដី ប៉ុន្ដែវាមិនបង្កផលប៉ះពាល់ដល់ផលដំណាំរបស់កសិករឡើយ ដោយសារតែទឹកលិចក្នុងរយៈពេលខ្លី។
យោងតាមការបញ្ជាក់ពី មន្ដ្រីនាំពាក្យដដែលនេះ ត្រឹមរយៈពេល ១០ថ្ងៃ គិតពីថ្ងៃទី០១ ខែ ឧសភា មក ភ្លៀង រន្ទះ និងខ្យល់កន្ដ្រាក់ បានវាយប្រហារទៅលើផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរលំ បង្កជាការខូចខាតមធ្យម និងធ្ងន់ធ្ងរសរុបចំនួន ៤៩៧ខ្នង ហើយក្នុងរយៈពេលនេះ មានមនុស្ស ១១នាក់បានស្លាប់ និងសត្វគោ ក្របី ចំនួន ១២ក្បាល បានងាប់ ដោយសាររន្ទះបាញ់៕