ភ្នំពេញ៖ ស្វាមីភរិយាមួយគូដែលបានចូលសារភាពកំហុសនៅក្រសួងបរិស្ថានកាលពីម្សិលមិញចំពោះសកម្មភាពចំអិនសាច់សត្វព្រៃដែលទិញតពីគេហើយមកបង្ហោះនៅក្នុងបណ្តាញយូធូប បានសន្យា ឈប់ប្រព្រឹត្តបទល្មើសទៀតហើយ។ មន្ត្រីក្រសួងបរិស្ថាន អះអាងថា ប្តីប្រពន្ធនេះរងការពិន័យទៅតាមច្បាប់ជាធរមាន។
អ្នកពីរបានទៅសារភាពនៅក្រសួងបរិស្ថានកាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨នេះ បន្ទាប់ប្តីប្រពន្ធមួយគូនេះរងការរិះគន់ជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ឲ្យដឹងថា អ្នកស្រី ចាន់ ប៉ូលីន និងស្វាមី បាន សារភាពកំហុសដោយសន្យាបញ្ឈប់សកម្មភាពហូបសត្វព្រៃកម្រដែលធ្វើឲ្យប៉ះពាល់ដល់ការ ការពារ និងអភិរក្សធនធានធម្មជាតិ។ អ្នកស្រីបញ្ជាក់ថា សត្វព្រៃទាំងនោះអ្នកស្រីបានទិញតពីឈ្មួញដោយមិនបានបរបាញ់ដោយខ្លួនឯងទេ។
លោក ភួង រ៉ាទី ៖ «ថ្ងៃក្រោយកុំឲ្យធ្វើដូចពួកខ្ញុំទៀត ហើយវិដេអូនេះខ្ញុំសង្ឃឹមថា នឹងអាចបំផុសទៅដល់បងប្អូនទាំងអស់គ្នាទូទាំងប្រទេសកុំសម្លាប់សត្វព្រៃទៀតដូចពួកខ្ញុំ។ខ្ញុំពីនាក់ប្តីប្រពន្ធគឺឈប់អ្វីប៉ះពាល់ខូចខាតធនធានធម្មជាតិខាងសត្វព្រៃទៀតហើយ។»
ក្នុងគណនីយូធូបរបស់អ្នកពីរបានថតបង្ហាញសកម្មភាពហូបសត្វព្រៃកម្រដូចជា សត្វខ្លាត្រី ពស់វែក សត្វត្រកួត និងសត្វកម្រមួយចំនួនទៀត។
មន្ត្រីក្រសួងបរិស្ថាន ឲ្យដឹងថា បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិគឺប្តីប្រពន្ធទាំងពីរនេះនឹងរងការពីន័យជាអន្តរកាលដោយសារសត្វព្រៃទាំងនោះមិនស្ថិតក្នុងបញ្ជីនៃសត្វកម្រជិតផុតនោះទេ។ ម្យ៉ាងសកម្មភាពអ្នកទាំងពីរពុំមានទិសដៅជួញដូរ និងជាអ្នកបរបាញ់សត្វដោយផ្ទាល់ទេ។
មន្ត្រីក្រសួងបរិស្ថាន៖ «បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិយើងមិនអាចដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការទេ។យើងពិនិត្យមើលទៅលើប្រភេទសត្វព្រៃដែលគាត់ធ្វើនេះ មិនមែនជាប្រភេទសត្វដែលស្ថិតនៅក្នុងប្រភេទជិតផុតពូជទេ ប្រភេទមានដោយបង្គួរ។ច្បាប់អនុញ្ញាតឲ្យយើងគឺដាក់ទោសទានទណ្ឌគាត់ពិន័យអន្តរកាល ហើយចាត់វិធានការចងក្រងសំណុំរឿងតាមនីតិវិធី។»
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) សាទរចំពោះវិធានការ របស់ក្រសួងបរិស្ថាន និងប្តីប្រពន្ធដែលសម្រេចចិត្តចូលសារភាពទោសកំហុស។លោកយល់ថា ការសម្រេចផាកពិន័យរបស់ក្រសួងជារឿងត្រឹមត្រូវ។
លោក កែន សេរីរដ្ឋា៖ «បុគ្គលនោះបានសារភាពថាគាត់មិនជាអ្នកបរបាញ់ទេ គ្រាន់តែជាអ្នកទិញ យកមកធ្វើម្ហូបអាហារក្នុងគោលបំណងបម្រើផលប្រយោជន៍ឲ្យគាត់។គោលដៅរបស់គាត់ មិនមែនធ្វើពាណិជ្ជកម្មជួញដូរសត្វព្រៃ ដោយយល់ឃើញថា ប្រហែលជាស្ត្រីមិនយល់ពីបទល្មើសនៃការជួញដូរសាច់ព្រៃ អញ្ចឹងក្រសួងប្រហែលជាយកវិធានដំបូង នៅក្នុងច្បាប់នៃក៏គេបានចែកគេថា អាចព្រមានជាដើម។»
អ្នកទាំងពីរបានប្រាប់សមត្ថកិច្ចថា សត្វព្រៃទាំងនោះពួកគាត់បានទិញនៅស្រុកបាធាយ ខេត្តកំពង់ចាម។បន្ទាប់ពីអ្នកស្រីសារភាពដូចនេះភ្លាម អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅចាប់អ្នកលក់សត្វព្រៃដោយរឹបអូសសត្វស្លាបដែលបានក្លាសេទុកលក់នៅផ្លូវជាតិលេខ ៦អា ជាច្រើនក្បាល៕