ភ្នំពេញ ៖ បច្ចុប្បន្ននេះ ប្រាក់ថ្លៃបណ្ណាការ បានក្លាយជារឿងដែលកូនប្រុសភាគច្រើនមានកង្វល់ ខណៈចូលស្ដីដណ្ដឹងកូនក្រមុំម្ដងៗ ម្ដាយ ឪពុក គេ តែងតែបង្គាប់ថ្លៃបណ្ណាការ ដល់រាប់ពាន់ ឬក៏ឈានដល់ម៉ឺនដុល្លារទៀតផង។ ចំពោះការទារថ្លៃបណ្ណាការខ្ពស់ពេកនេះ ទាំងនាយិកាអង្គការសង្គមស៊ីវិល អ្នកប្រឹក្សាយោបល់ និងស្ដ្រីខ្លួនឯង សុទ្ធតែយល់ថា កិត្ដិយសស្ដ្រីពេលរៀបការ មិនមែនបានមកពីថ្លៃបណ្ណាការច្រើននោះទេ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
ទំនៀមទម្លាប់ ខ្មែរពីបុរាណមក ចាត់ទុកពិធីរៀបមង្គលការ ពិតជាមានសារសំខាន់ណាស់ មុនពេលដែល បុរស និង ស្ដ្រី ទៅរួមរស់ជាមួយគ្នា។ តាំងពីបុរាណមក កាលណាបុរស ស្រឡាញ់ស្ដ្រីណាម្នាក់ គេត្រូវទៅចូលស្ដីដណ្ដឹងស្ដ្រីរូបនោះពីឪពុក ម្ដាយរបស់នាង ហើយនៅបម្រើគ្រួសារខាងស្រី ទៅតាមរយៈពេលកំណត់ណាមួយ ទើបបានរៀបការ។ តែបច្ចុប្បន្ន ទម្លាប់នេះត្រូវបានផ្លាស់ប្ដូរ ទៅជា ការប្រគល់ប្រាក់កាក់ជូនទៅឪពុក ម្ដាយ ខាងស្រីវិញ ដើម្បីយកប្រាក់នោះទៅរៀបចំពិធីមង្គលការ។
ចាស់ៗមួយចំនួនតែងតែនិយាយថា ការទារថ្លៃបណ្ណាការ ឬហៅថា ថ្លៃទឹកដោះ បានច្រើននឹងធ្វើឲ្យវង្សត្រកូល ខ្ពស់មុខខ្ពស់មាត់ ព្រោះកូនស្រីរបស់ខ្លួនល្អ ទើបកូនប្រុសដែលចូលស្ដីដណ្ដឹងគេហ៊ាន តាមការបង្គាប់របស់មេបាខាងស្រី។
តែយ៉ាណា ទាក់ទិនមតិមួយនេះ នាយិកាអង្គការសង្គមស៊ីវិលមួយរូប មិនគាំទ្រនោះទេ ហើយចាត់ទុកថា ការបង្គាប់ថ្លៃបណ្ណាការខ្ពស់ពេក គឺប្រៀបបាននិងការលក់កូនស្រីរបស់ខ្លួនទៅវិញ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GAD/C មានប្រសាសន៍ថា លោកស្រី ទទួលស្គាល់ថា ក្នុងពិធីមង្គលការមួយ គឺត្រូវចំណាសប្រាក់អស់ច្រើន ក៏ប៉ុន្ដែការទារថ្លៃបណ្ណាការកប់មេឃពីខាងប្រុស វានឹងធ្វើឲ្យស្ដ្រីក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។ លោកស្រី សុភាព ចាត់ទុកថា ការបង្គាប់ថ្លៃបណ្ដាការខ្ពស់ គឺស្មើនិងការលក់កូនស្រី ហើយវាជារឿងអាម៉ាស់បំផុត ៖«ជីវិតរបស់ស្ដ្រី និងខ្លួនរបស់ស្ដ្រី គឺមានតម្លៃណាស់មិនអាចកាត់ថ្លៃបានទេ ហើយបើយកបណ្ណាការមកធ្វើខែល សម្រាប់លក់ដូរ វាគឺជារឿងមួយគួរឲ្យអាម៉ាស់ខ្លាំង ហើយវានឹងធ្វើឲ្យស្ដ្រីហ្នឹង គាត់នៅទទួលរងដូចថា តួនាទីរបស់គាត់ត្រូវតែជាអ្នកផ្ដល់សេវាសម្រាប់ប្ដីដែលជាដៃគូរបស់គាត់»។
លោកស្រី សុភាព បន្ដថា ការបង្គាប់ថ្លៃបណ្ណាការនេះ គឺបានផ្ទុយនិងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៥ និងព្រឹទ្ធសភា អនុម័ត និងទទួលស្គាល់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥ ដែលបានចែងថា ការរៀបការរវាងស្ដ្រីនិងបុរសគឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ ហើយជាការសម្រេចចិត្ដដោយសាម៉ីខ្លួនទាំងពីរ។ លោកស្រីបន្ថែមទៀតថា ការស់នៅចុះសម្រុងគ្នា មិនមែនទាល់តែការរៀបការនោះ ចំណាយអស់លុយរាប់លាននោះទេ។ លោកស្រី រស់ សុភាព ចាត់ទុកថា ការប្រឹងទារថ្លៃបណ្ណាការពីគ្រួសារខាងប្រុសច្រើន របស់ឪពុក ម្ដាយខាងស្រី គឺជាលេះចង់បានមុខមាត់ខ្លួនគាត់តែប៉ុណ្ណោះ ៖«ខ្ញុំគិតថា អ្វីដែលខ្ញុំនិយាយនេះ អាចនិងធ្វើឲ្យគាត់មិនសប្បាយចិត្ដ ប៉ុន្ដែខ្ញុំនៅតែគិតថា អ្វីដែលធ្វើនេះគ្រាន់តែជាលេះទេ សម្រាប់ឪពុក ម្ដាយ ដែលចង់បានមុខ បានមាត់។ ប៉ុន្ដែគាត់ក៏ត្រូវគិតដែរថា ពិធីការធំដុំនេះ តើទៅថ្ងៃអនាគត កូន បើសិនជាគាត់ រៀបចំការហើយជំពាក់បំណុលគេ ឬមួយក៏កូនរស់នៅមិនចុះសម្រុងគ្នា តើមុខមាត់គាត់យ៉ាងម៉េច»។
លោកស្រី សុភាព សំណូមពរថា ឪពុក-ម្ដាយ គ្រប់រូប គួរគិតឡើងវិញ ពីករណីនេះ។ ការធ្វើតាមទំនៀមទម្លាប់ដូនតា គឺមិនខុសទេ ក៏ប៉ុន្ដែគួររៀបចំត្រឹមល្មម មួយសមរម្យ ជាជាងប្រឹងរៀបចំអធិកអធមថ្ងៃការ ហើយក្រោយរៀបការរួច កូនចៅត្រូវរកស៊ីដោះបំណុលថ្លៃចំណាយមង្គលការ។
ទាក់ទិនបញ្ហាថ្លៃបណ្ដាការនេះដែរ Dj NaNa ដែលត្រូវបានស្រទាបយុវជ័យ និងអ្នកវ័យកណ្ដាលមួយចំនួនធំ បានស្គាល់ ថា ជាអ្នកប្រឹក្សាយោបល់ ដ៏មានប្រជាប្រិយ៍មួយរូប យល់ថា ថ្លៃបណ្ណាការពិតជាមានសារសំខាន់ ក៏ប៉ុន្ដែវាមិនមែនសំខាន់សម្រាប់តែកូនស្រីនោះ ពោលគឺវាសំខាន់សម្រាប់ទាំងកូនស្រី និងកូនប្រុស។ តែយ៉ាងណាអ្នកប្រឹក្សាយោបល់រូបនេះ មិនគាំទ្រទេ ការចំណាយលុយច្រើនលើសលប់សម្រាប់ពិធីអាពាហ៍ពិពាហ៍នោះ ព្រោះកញ្ញាយល់ថា កិត្ដិយសស្ដ្រី មិនមែនទាល់តែបានថ្លៃបណ្ណាការច្រើន ឬក៏ការរៀបចំពិធីមង្គលការធំដុំនោះទេ ៖«ខ្ញុំខ្លួនឯងក៏ជាមនុស្សស្រី ប៉ុន្ដែខ្ញុំនឹងឆ្លើយថា កិត្ដិយសរបស់ខ្ញុំមិនមែនបានមកពីបណ្ណាការច្រើន ធ្វើពិធីបែបធំដុំទេ។ ខ្ញុំគិតថា កិត្ដិយសរបស់ខ្ញុំបានមកពីអំពើល្អ បានមកពីភាពត្រឹមត្រូវ បានមកពីភាពជាសុភាពបុរស ឬក៏ការស្រឡាញ់ភរិយាមនុស្សដែលខ្ញុំអាចរៀបការជាមួយបានហៅថាស្វាមី ខ្ញុំគិតថា នោះទើបជាកិត្ដិយសពិតប្រាកដ ក៏ប៉ុន្ដែម្ដងទៀត វាអាស្រ័យទៅនិយមន័យរបស់មនុស្ស រៀងៗខ្លួន តែបើសួរខ្ញុំ ខ្ញុំគិតថាអត់ទេ»។
ចំពោះ Dj NaNa អត្ថន័យ នៃការរៀបមង្គលការ គឺគ្រាន់តែជាពិធីដែលគូស្វាមី ភរិយា ថ្មីនោះ ធ្វើឡើងដើម្បីគួរសមជាមួយសាច់ញាតិ ឬភ្ញៀវរបស់ពួកគេតែប៉ុណ្ណោះ ដើម្បីឲ្យអ្នកទាំងនោះធ្វើជាសាក្សីសម្រាប់ស្នេហារបស់ពួកគេ។ ប៉ុន្ដែអ្នកប្រឹក្សាយោបល់រូបនេះ សង្កត់ធ្ងន់ថា ការបានថ្លៃបណ្ណាការច្រើន ឬតិច មិនមែនជា កត្ដាកំណត់ថា គូស្វាមី ភរយា នោះ នឹងរស់ជាមួយគ្នារហូត ឬក៏យ៉ាងណានោះទេ។
ដូចគ្នានិងអ្នកប្រឹក្សាយោបល់នេះដែរ កញ្ញា រស់ ឃុណណាង អាយុ ២៤ឆ្នាំ ជាមន្ដ្រីរាជការមួយរូប បំពេញការងារក្នុងខេត្ដបាត់ដំបង បាននិយាយថា សុភមង្គលរបស់ប្ដីប្រពន្ធពីរនាក់ មិនអាស្រ័យទៅលើថ្លៃបណ្ណាការតិចឬច្រើទេ តែវាអាស្រ័យទៅលើគូស្វាមី ភរិយានោះ ស្រឡាញ់គ្នា និង យល់ចិត្ដគ្នាប៉ុណ្ណា។ បន្ថែមពីនេះ កញ្ញា ឃុណណាង យល់ឃើញថា ការបង្គាប់ថ្លៃបណ្ណាការ ក៏មិនអាស្រ័យទៅលើកត្ដាជីវភាពគ្រួសារខាងណានោះដែរ ៖«យើងមើលទៅលើស្ថានភាពយើងដែរ មិនមែនថា គ្រួសារយើងក្រល្មមយើងទារបណ្ណាការគេខ្ពស់ ឬក៏មានយើងត្រូវទារគេឲ្យច្រើនក៏អត់ត្រូវតាមហ្នឹងដែរ។ លក្ខណៈថា យើងមើលទៅមួយសមល្មមអ្វីដែលយើងអាចទទួលបាន យកមករៀបចំពិធីហ្នឹងបាន ឲ្យមើលទៅបំពេញអ្វីដែលយើងទទួលបាន យើងរៀបចំទៅ បំពេញមុខគេខាងណោះ ក៏វាមួយល្មម មើលទៅមួយសមទាំងអស់គ្នា»។
ជុំវិញថ្លៃបណ្ណាការនេះ មជ្ឈដ្ឋានខ្លះ គឺចាំតែតាមដាននិងរិះគន់តែប៉ុណ្ណោះ ជាពិសេសអ្នកជិតខាង។ អ្នកខ្លះថា កូនស្រី ដែលទទួលបានបណ្ដាការតិចតូចពីខាងប្រុស ព្រោះតែស្ដ្រីរូបនោះមានទំនាក់ទំនងដល់រូបកាយ ទើបឪពុក ម្ដាយ របស់នាង យល់ព្រមលើកកូនស្រីឲ្យ ទាំងដែលទទួលបានថ្លៃបណ្ណាការ មិនស្មើនឹងអ្នកមេម៉ាយផង។
ត្រង់ចំណុចនេះ សម្រាប់កញ្ញា ឃុណណាង នាងមិនចាប់អារម្មណ៍លើពាក្យសម្ដី អ្នកជិតខាងរបស់នាងទេ ព្រោះនាងគិតថា គឺជារឿងសាមញ្ញទៅហើយ ដែលអ្នកជិតខាង តែងតែបេះបោចរឿងរ៉ាវរបស់អ្នកដទៃ។ តែចំណុចសំខាន់ គឺមានតែសាម៉ីដើមការប៉ុណ្ណោះ ដែលដឹងរឿងផ្ទៃក្នុង។ ជាងនេះកញ្ញា ថា ទាំងក្រុមគ្រួសារខាងស្រី និងស្ដ្រីខ្លួនឯង មិនគួរទៅចាប់អារម្មណ៍ពេកទេ រឿងរៀបចំពិធីមង្គលការធំដុំ តែគួរតែចាប់អារម្មណ៍ រឿងដែលនឹងកើតឡើងក្រោយពេលរៀបការវិញទើបជាការប្រសើរ ៖«និយាយចំ អ្នកជិតខាង តែយើងធ្វើទៅវាឃើញធំដុំគាត់ថាល្អហើយ តែយើងធ្វើមកតិចតូច គាត់មើលមកលក្ខណៈថា តាមតែមាត់គាត់និយាយ។ តែសំខាន់គឺសាម៉ីខ្លួនពួកយើងទើបដឹងច្បាស់។ ហើយមួយទៀតមិនប្រាកដថា យើងយកបណ្ដាការគេមកច្រើន យើងធ្វើអ្វីរៀបចំទៅឲ្យអធិក ប៉ុន្ដែលទ្ធផល គឺនៅខាងក្រោយពេលដែលយើងរៀបចំរួច យើងអត់គិតថា ត្រូវចំណាយអីៗផ្សេងហ្នឹងវានៅបានអី! ខ្ញុំគិតថា សំខាន់នៅពេលយើងរៀបចំមួយល្មមអញ្ចឹងទៅ យើងរៀបការទៅ សំខាន់គឺអ្វីជាលទ្ធផលក្រោយយើងនៅជាមួយគ្នាទេ»។
យ៉ាងណាជុំវិញថ្លៃបណ្ណាការនេះ នារីម្នាក់ម្ចាស់អាខោនហ្វេសប៊ុកមានឈ្មោះថា ម៉ា ឆី បានសរសេរលើបណ្ដាញសង្គមរបស់នាងថា មានមនុស្សជាច្រើនបានសួរនាងពីថ្លៃបណ្ណាការ ដែលនាងបានទទួលពីគូដណ្ដឹងរបស់នាង ហើយពួកគេម្នាក់ៗ សុទ្ធតែបោះពាក្យសម្ដីប្រហាក់ប្រហែលគ្នាថា ថ្លៃបណ្ណាការរបស់នាងហេតុអ្វីក៏បានតិចម្លេះ។ លើសពីនេះអ្នកទាំងនោះ ចំអកថា ថ្លៃបណ្ដាការរបស់នាងជាស្រីក្រមុំ មិនស្មើនិងមេម៉ាយផង ៖«មិនតិចនាក់ទេ ដែលគេសួរខ្ញុំថា បង្គាប់បានន្មាន។ បាន ១ម៉ឺនដុល្លារអត់? អត់បាន! ម៉េចក៏ថោកម្លេះ យ៉ាប់ជាងគេមេម៉ាយទៀត។ គេមេម៉ាយសោះបានច្រើនជាងហ្នឹងផង»។
កញ្ញា ម៉ា ឆី បន្ដទៀតថា នាងមិនខឹង ក៏មិនអន់ចិត្ដអ្វីដែរ ចំពោះការចោទសួរដូច្នេះ។ ប៉ុន្ដែនាងឆ្ងល់ថា តើស្ដ្រីគ្រប់រូបត្រូវតែរើសយកប្ដីអ្នកមាន ហើយបង្គាប់ថ្លៃបណ្ណាការច្រើនដល់ខ្ទង់ម៉ឺនដុល្លារឬក៏យ៉ាងណា ។ ស្ដ្រីរូបនេះ ចង់ឲ្យមនុស្សគ្រប់គ្នាគិតឡើងវិញ ពីការបង្គាប់ថ្លៃបណ្ណាការ ដែលជាការពិតមង្គលការគឺចាំបាច់ត្រូវការលុយ ក៏ប៉ុន្ដែតើវាចាំបាច់ទេ ដែលត្រូវបង្គាប់ថ្លៃបណ្ណាការជាច្រើនម៉ឺនដុល្លារ ទាំងដែលខ្លួនមិនមែនជាអ្នករកលុយនោះផង ហើយមិនតែប៉ុណ្ណោះតើអ្នកអាចយកលុយដែលគេខំរកយ៉ាងលំបាកមកចាយដោយស្រួលបានយ៉ាងដូចម្ដេច៕