លោកមហាធា មហាម៉ាត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតបាននិយាយថា ព្រះមហាក្សត្របានយល់ព្រមនឹងលោកហើយថា នឹងចេញលិខិតលើកលែងទោសទាំងស្រុងដល់លោក អាន់វ៉ា អ៊ីប្រាហ៊ិម ដើម្បីអោយលោកត្រឡប់មកធ្វើនយោបាយវិញ។
លោកមហាធា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី ១១ ឧសភានេះថា ព្រះមហាក្សត្រនឹងលើកលែងទោសដល់លោកអាន់វ៉ាតាមសំណើរបស់លោក។
លោកថា លោក អាន់វ៉ា នឹងត្រូវដោះលែងពីពន្ធនាគារ នៅថ្ងៃទី ៨មិថុនា ខែក្រោយនេះ ដោយសារ លោក អាន់វ៉ា បានអនុវត្តទោសក្នុងពន្ធនាគារស្របតាមច្បាប់របស់ប្រទេសហើយ។
លោកអាន់វ៉ាត្រូវបានកាត់ទោសក្រោមបទចោទស្រឡាញ់ប្រុសដូចគ្នា ខណៈ លោក ជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោកមហាធា។ លោកបានជាប់ពន្ធនាគារតាំងពីខែកុម្ភៈឆ្នាំ២០១៥ដែលទណ្ឌកម្មនេះបានដាក់ទៅលើរូបលោក ជាលើកទី២។
លោក មហាធាអាយុ ៩២ឆ្នាំដែលបានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីឈ្នះឆ្នោត កាលពីយប់ថ្ងៃព្រហស្បតិ៍ បានដឹកនាំគណបក្សប្រឆាំងរួបរួមជាមួយលោកអាន់វ៉ាបានសន្យាថា នឹងផ្ទេរតំណែងរបស់លោកទៅអោយលោកអាន់វ៉ា បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោសលោកអាន់វ៉ា ជាស្ថាពរហើយនោះ។
លោក មហាធា ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ ជ័យជម្នះរបស់បក្សប្រឆាំងរួបរួមបាននាំអោយភរិយា លោកអាន់វ៉ា គឺលោកស្រី Wan Azizah បានក្លាយជាឧបនាយករដ្ឋមន្ត្រីទី១ នៃគណៈរដ្ឋមន្ត្រីរបស់លោកមហាធាដែលនឹងបង្កើតឡើងនៅពេលឆាប់ៗនេះ៕